ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានបុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ដោយលោតពីលើអគារជាន់ទី១៦ នៃអគារកាស៊ីណូសាឡុង សម្លាប់ខ្លួន ដោយសង្ស័យថា ទាស់សម្តីគ្នាជាមួយសង្សាររបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ស្ថិតនៅក្រុមទី២៧ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើនេះឈ្មោះ ថន ហៅញ៉ាញ់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅកន្លែងកើតហេតុ (ប្រមាណជាង២ខែមកហើយ) មានស្រុកកំណើតនៅខេត្តតាកែវ ។
សេចក្តីរាយការណ៍បន្តទៀតថា ពាក់ព័ន្ធនឹងករណីលោតសម្លាប់នេះ គឺមិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់អំពីមូលហេតុ ដែលបណ្តាលឲ្យជនរងគ្រោះលោតសម្លាប់ខ្លួននោះនៅឡើយទេ ។ គ្រាន់តែមានសាក្សីម្នាក់បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានលោតពីជាន់ទី១៦ សម្លាប់ខ្លួន ហើយមូលហេតុគឺ មកពីមានទំនាស់ជាមួយសង្សារតែប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីឲ្យបានដឹងពីមូលហេតុច្បាស់នៃករណីអត្តឃាតកម្មនោះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ