រាជធានីភ្នំពេញ ៖ ប្រធានតុលាការកំពូល លោកឌិត មន្ទីរ មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងយុត្តិធម៌ឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ កាលពីពេលថ្មីៗនេះនៅទីស្តីការក្រសួងថា ចៅក្រម ព្រះរាជអាជ្ញា ទាំងអស់ត្រូវតែគោរពតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ពោលគឺមិនត្រូវស្ថិតនៅក្រោមជនណាមួយ ឬអ្នកមានអំណាចណាម្នាក់ជាដាច់ខាត ។
លោកឌិត មន្ទីរ បានដាស់តឿនដល់ចៅក្រម ព្រះរាជអាជ្ញាថា មិនត្រូវស្ថិតក្រោមឥទ្ធិពលផ្សេងៗដូចជាការអូសទាញ ការគាបសង្កត់ ការគំរាមកំហែងពីសំណាក់ជនណាម្នាក់ ឬការជ្រៀតជ្រែកពីសំណាក់ជនណាម្នាក់ឡើយពីហេតុផលអ្វីមួយ ទោះបីជាផ្ទាល់ក្តី ឬប្រយោលក្តី ។ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវតែអនុវត្តជាគោលការណ៍នូវឯករាជ្យភាពដោយមិនស្ថិតនៅក្រោមការត្រួតត្រារបស់អ្នកដទៃ ។ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យ ឈរលើមូលដ្ឋានច្បាប់ និងត្រូវច្រានចោលនូវអ្វីដែលប៉ះពាល់ដល់ភារកិច្ចរបស់ខ្លួន ។ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវតែជំរុញ និងឯករាជ្យភាពទាំងខ្លួន និងស្ថាប័ន និងធ្វើយ៉ាងណា ត្រូវតែឱ្យប្រជាពលរដ្ឋមើលឃើញថា ជាបុគ្គលដែលមានចរិតយុត្តិធម៌ ទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការវាយតម្លៃកាត់សេចក្តី ។
លោកប្រធានតុលាការកំពូលបញ្ជាក់ថា ចៅក្រមត្រូវប្រកាន់ខ្ជាប់ជានិច្ច មិនត្រូវមានភាពលម្អៀង គឺត្រូវតែស្មើភាពចំពោះភាគីក្នុងរឿងក្តីជាក់លាក់ណាមួយ ។ ក្នុងន័យអនាគតិនេះ ចៅក្រម និងព្រះរាជអាជ្ញា មិនត្រូវមានភាពលម្អៀងឡើយ ទោះបីជាក្នុងលក្ខខណ្ឌខាងក្នុង ឬខាងក្រៅក្តី ។ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវចៀសវាងនូវអគតិទាំងបួន ក្នុងនោះមាន ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ។ អនាគតិគឺជាគោលការណ៍សារវន្តនៃសមត្ថភាពរបស់ចៅក្រម និងព្រះរាជអាជ្ញាក្នុងការរកយុត្តិធម៌ក្នុងដំណើរការរឿងក្តី ។ នេះជាផ្នែកមួយដែលធ្វើឱ្យមានជំនឿចិត្តពីសំណាក់មហាជនទូទៅ ។ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវតែមានភាពសុចរិត មិនប្រព្រឹត្តអំពើពុករលួយ ។
លោកឌិត មន្ទីរ ថ្លែងទៀតថា សកម្មភាព របស់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវតែបង្ហាញឱ្យឃើញដល់សាធារណជនពីភាពឯករាជ្យ មិនលម្អៀងទៅរកនរណាម្នាក់ឡើយដើម្បីបង្ហាញពីភាពសុចរិតរបស់តុលាការ ។ សេចក្តីថ្លៃថ្នូរ គឺជាគុណភាពស្ថានភាពនៃការគោរពពីសំណាក់មហា ជនទូទៅ ។ បុ៉ន្តែប្រសិនបើចៅក្រម និងព្រះរាជអាជ្ញាមិនមានភាពថ្លៃថ្នូរនោះវាបង្ហាញផលប៉ះពាល់ចំពោះស្ថាប័នតុលាការយ៉ាងធ្ងន់ធ្ងរ ។ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវតែចងចាំជានិច្ចថា ខ្លួនជាបុគ្គលស្ថិតក្រោមការឃ្លាំមើលជាអចិន្ត្រៃយ៍ពីសំណាក់សាធារណជន ដើម្បីទទួលបានទំនុកចិត្តពីសំណាក់សាធារណជននោះ ចៅក្រម និងព្រះរាជអាជ្ញាត្រូវតែបង្ហាញអាកប្បកិរិយាដោយមានការទទួលខុសត្រូវខ្ពស់ទាំងក្នុងការបំពេញកិច្ចការតុលាការ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនដែរ ។ កាលណាទទួលបានការយកចិត្តទុកដាក់ថា មានឯករាជ្យពីសំណាក់សាធារណជន នោះចៅក្រម និងព្រះរាជអាជ្ញាជាប្រភពជាក់ស្តែងនៃអំណាចតុលាការមានឯករាជ្យ គឺជាការយកចិត្តទុកដាក់ចំពោះការងារដែលខ្លួនត្រូវបានចាក់តាំងក្នុងការរួមចំណែកថែរក្សាឯករាជ្យភាពជាតិ ។
លោកសង្កត់ធ្ងន់ថា ប្រសិនបើចៅក្រម និងព្រះរាជអាជ្ញាមិនខិតខំ និងអភិវឌ្ឍន៍បង្កើតចំណេះដឹងផ្នែកផ្សេងៗលើច្បាប់បន្ថែមទៀតទេ ចៅក្រម និងព្រះរាជអាជ្ញាមិនអាចបំពេញកាតព្វកិច្ចតុលាការ និងអយ្យការប្រកបដោយគុណភាពឡើយ ។ ជាក់ស្តែង កន្លងមកចៅក្រម និងព្រះរាជអាជ្ញាមានភាពខ្វះខាតមួយចំនួនដែលជាគុណវិបត្តិដែលចៅក្រម និងព្រះរាជអាជ្ញាត្រូវធ្វើឱ្យបានដើម្បីលើកកម្ពស់កិត្យានុភាពនៃស្ថាប័នតុលាការ ដូចជាការបែងចែកសំណុំរឿងគ្មានតម្លាភាព ដែលនាំឱ្យមានភាពថ្នាំងថ្នាក់ចំពោះអង្គភាព ការកាឡៃរឿងរដ្ឋប្បវេណីទៅជារឿងព្រហ្មទណ្ឌ ។ មកដល់ពេលនេះហើយ នៅតែមានអ្នកយករឿងរដ្ឋប្បវេណីធ្វើជារឿងព្រហ្មទណ្ឌ និងឃុំខ្លួនដោយបទឆបោក ឬរំលោភលើសេចក្តីទុកចិត្ត ដើម្បីបង្ខំគាបយកលុយពីភាគីម្ខាងទៀត សូម្បីតែធាតុផ្សំនៃបទល្មើសមិនមានភាពគ្រប់គ្រាន់ក្តី ។
ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការកំពូលត្រូវមានវិធានការមួយចំនួនចំពោះការចោទប្រកាន់ពីបទល្មើសរំលោភសេចក្តីទុកចិត្ត ចៀសវាងការភ័ន្តច្រឡំ និងឃុំខ្លួនក្នុងរឿងមិនច្បាស់លាស់ ។ ទន្ទឹមនេះ ក៏មានការចេញដីកាដែលគ្មានសំណុំរឿងក្នុងតុលាការដែលជាការខុសឆ្គងមួយរបស់ព្រះរាជអាជ្ញា ។ ចំពោះករណីឆែកឆេរលំនៅឋានវិញ សូមចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង យកចិត្តទុកដាក់ពិចារណាឱ្យបានដិតដល់ចំពោះការឆែកឆេរដែលមុននឹងឆែកឆេរលំនៅឋានណាមួយត្រូវធ្វើឱ្យស្របតាមនីតិ វិធីច្បាប់ដែលមានជាធរមាន ចៀសវាងការឆែកឆេរក្រោមលេសក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់គេដែលមិនមែនជាភស្តុតាងនៃបទល្មើស ។
លោកបន្ថែមថា ការតាមសង្កេតកន្លងមក បទល្មើសរំលោភសេចក្តីទុកចិត្តត្រូវបានចៅក្រម និងព្រះរាជអាជ្ញាចេញដីកាឆែកឆេរលំនៅឋានរបស់គេដើម្បីធ្វើជាភស្តុតាងទៅវិញ ហើយជាញឹកញាប់កំណត់ហេតុនៃការរឹបអូសភស្តុតាងទាំងនោះមិនដែលមានហត្ថលេខា ឬស្នាមមេដៃក្រៅពីសមាសភាពដែលត្រូវឆែកឆេរទេ សូម្បីតែម្ចាស់ទ្រព្យក៏មិនបានចុះហត្ថលេខាដែរ ។ ចំពោះការតាក់តែងសាលក្រម និងសាលដីកា ជាញឹកញយ សាលក្រម ឬសាលដីកាមួយចំនួនមិនត្រូវបានសរសេរសំអាងហេតុឱ្យបានច្បាស់លាស់ទេ គឺគ្រាន់តែរៀបរាប់អំពីការលើកឡើងរបស់ដើមចោទ និងចុងចម្លើយ រួចសន្និដ្ឋានថាចម្លើយរបស់ដើមចោទគួរឱ្យតុលាការទទួលយក និងការលើកឡើងរបស់ចុងចោទមិនអាចឱ្យតុលាការជឿបានទេ ដោយចៅក្រម និងព្រះរាជអាជ្ញាមិនបានពន្យល់អំពីហេតុផលថា ព្រោះអ្វីបានជឿ និងអ្វីដែលមិនជឿនោះទេ ។
លោកឌិត មន្ទីរ លើកឡើងទៀតថា ការសំអាងហេតុរបស់ចៅក្រម និងព្រះរាជអាជ្ញាមានសារសំខាន់ណាស់ ពីព្រោះថាការសរសេរសំអាងហេតុនៃសេចក្តីសម្រេចមានគោលបំណង៖ ទី១-ការពារភាគីឱ្យចាកផុតពីការទទួលបានការសម្រេចតាមទំនើងចិត្តរបស់ចៅក្រម និងការពារសច្ចភាពតាមផ្លូវច្បាប់ ។ ទី២-ធានាថា ជនជាប់ចោទនឹងបង្ហាញជា សាធារណៈថា ពិតជាបានយកចិត្តទុកដាក់ពីទឡ្ហីករណ៍ទាំងអស់ ព្រោះគេបានលើកឡើង និងបង្ហាញពីអង្គច្បាប់ដែលតុលាការលើកឡើងយកមកសំអាង ។ ទី៣-អនុញ្ញាតឱ្យមានការត្រួតពិនិត្យជាសាធារណៈពីកិច្ចការរដ្ឋបាលសាធារណៈ ធានាថា តុលាការបានយកចិត្តទុកដាក់ក្នុងកិច្ចដំណើរការក្នុងនីតិវិធី ។ ទី៤-ពង្រឹងចៅក្រមឱ្យអនុវត្តភារកិច្ចក្នុងការបង្ហាញសំអាងហេតុរបស់ខ្លួនប្រកបដោយគុណភាពលើទឡ្ហីករណ៍ជាសត្យានុម័តចំពោះចំណេះដឹងផ្លូវច្បាប់ ។
ទី៥-ធានានូវយន្តការចំពោះការប្តឹងឧទ្ធរណ៍ និងបឹ្តងសាទុក ដោយអនុញ្ញាតឱ្យមានការត្រួតពិនិត្យពីតុលាការជាន់ខ្ពស់ប្រកបដោយប្រសិទ្ធភាព ។
ដូច្នេះចៅក្រមត្រូវតែសរសេរសំអាងហេតុឱ្យបានច្បាស់លាស់ចំពោះសេចក្តីសម្រេចរបស់ខ្លួន ហើយព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ត្រូវតែធ្វើតាមគោលការណ៍ដែលមានចែងក្នុងនីតិវិធីក្រមព្រហ្មទណ្ឌ មាត្រា៨៤ នៃការបញ្ជូនសេចក្តីសន្និដ្ឋាននៅពេលបញ្ជូនសំណុំរឿងទៅសើុបសួរ៕
ចែករំលែកព័តមាននេះ