រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេសង្ស័យថាជាមនុស្សញៀនថ្នាំ ឈ្មោះ បេន រឿន អាយុ៣៤ឆ្នាំ មានទីលំនៅព្រែកតាឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានហែលទឹកទន្លេបាសាក់ ឆ្លងមកភូមិសាស្ត្រសង្កាត់ព្រែកប្រា រួចឡើងលើដំបូលផ្ទះអ្នកស្រុកនៅភូមិជ្រោយបាសាក់ ខណ្ឌមានជ័យ បុ៉នប៉ងលោតសម្លាប់ខ្លួនកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣១ មីនា ។
លំនៅឋានដែលឈ្មោះ បេន រឿន ឡើងទៅលើដំបូលបុ៉នប៉ងលោតសម្លាប់ខ្លួននោះ មានទីតាំងស្ថិតនៅផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ជាសំណង់ធ្វើអំពីបេតុងប្រក់ក្បឿងជាប្រភេទផ្ទះល្វែង ។ ចំពោះហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្រុកដែលរស់នៅជិតនោះ និងបាននាំគ្នាស្រែកឆោឡោហាមឃាត់មិនឱ្យបុរសនោះធ្វើអត្តឃាតបែបនេះឡើយ ។ ក្នុងនោះដែរ ក៏មានសមត្ថកិច្ចមូលដ្ឋានចុះសួរនាំតាំងពីវេលាកើតហេតុរហូតដល់ម៉ោង១០និង៣០នាទីព្រឹក ទើបបុរសឈ្មោះ បេន រឿន សម្រេចចិត្តចុះពីលើផ្ទះដោយខ្លួនឯងតាមសម្រួល ហើយសមត្ថកិច្ចនាំខ្លួនទៅបំភ្លឺនៅទីស្នាក់ការនគរបាលបុ៉ស្តិ៍ព្រែកប្រា ។
អ្វីជាការកត់សម្គាល់ជុំវិញហេតុការណ៍ខាងលើនេះ គឺបុរសដែលបុ៉នប៉ងធ្វើអត្តឃាតដោយចង់លោតពីលើដំបូលផ្ទះអ្នកដទៃនោះ មិនមានវិបត្តិអ្វីគួរឱ្យកត់សម្គាល់ឡើយ ហើយត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជាមនុស្សញៀនថ្នាំវង្វេងមុខក្រោយ ។ បុ៉ន្តែអ្វីជាការកត់សម្គាល់មួយទៀតនោះគឺគេឆ្ងល់ថា ហេតុអ្វីបានជាបុរសរូបនេះហែលទឹកទន្លេបាសាក់ពីត្រើយខាងលិចរហូតមកដល់ត្រើយខាងកើត រួចឡើងទៅដល់ដំបូលផ្ទះគេហើយបុ៉នប៉ងលោតសម្លាប់ខ្លួន បែបនេះ តើដោយសារតែការវង្វេងបាត់ស្មារតីឬ ?
ចំពោះករណីនេះ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារដើម្បីមកយកបុរសខាងលើនេះទៅអប់រំ កុំឱ្យគិតខ្លីបែបនេះទៀត ។ មានការសន្និដ្ឋានថា បុរសខាងលើពិតជាញៀនថ្នាំពេញបន្ទុកហើយ ទើបបានជាធ្វើសកម្មភាពបែបនេះ ។ ថ្នាំញៀនបាននិងកំពុងធ្វើឱ្យកើតមានបញ្ហាជាច្រើននៅក្នុងសង្គមជាតិបច្ចុប្បន្ននេះ ដែលពិតណាស់ថា ពិបាកក្នុងការលុបបំបាត់ ៕
ចែករំលែកព័តមាននេះ