រាជធានីភ្នំពេញ ៖ ជនទំនើង២ក្រុមប្រដាប់ដោយកាំបិតនិងដុំថ្មបានបើកឆាកប្រយុទ្ធគ្នានៅតាមដងផ្លូវសាធារណៈ ប៉ុន្តែពុំទាន់ឈានដល់មានរបួសស្នាមនៅឡើយទេ ដោយសារតែកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ល្បាតទៅទាន់ ហើយបានចូលទៅអន្តរាគមន៍ ក៏ត្រូវក្រុមជនទំនើងទាំងនោះមិនដឹងថាក្រុមណាជាក្រុមណាទេបានវាយមកលើនគរបាល បណ្ដាលឲ្យរងរបួសជើងម្នាក់។
ភ្លាមៗនោះដោយសារតែមានគ្នាតិចមិនអាចអន្តរាគមន៍បាន ទើបនគរបាលប៉ុស្តិ៍ចោមចៅ១បានសុំកម្លាំងនគរបាលអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យចុះទៅជួយបង្ក្រាបបានដោយចាប់ខ្លួនបាន១ក្រុមមានគ្នា៦នាក់ ចំណែកឯ១ក្រុមទៀតបានរត់គេចខ្លួនបាត់អស់។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុងកែងនឹងផ្លូវវេងស្រេង ត្រង់ចំណុចច្រកចូលវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនទំនើងទាំង៦នាក់ខាងលើនោះរួមមាន ១-ឈ្មោះ កុង យូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងកញ្ចក់ ២-ឈ្មោះ ពុំ ប៊ុនថន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកញ្ចក់ ៣-ឈ្មោះ ពេជ្រ ហាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត ៤-ឈ្មោះចន សុធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត ៥-ឈ្មោះ យឺន ចិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត និង៦-ឈ្មោះ សុខ លឿង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត ។ ជនទំនើងទាំង៦នាក់នេះស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលដកហូតបានដូចជាម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HL-៩៦០៤, ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១A-៦៤៨៤, កាំបិត១ដើម ដុំថ្ម១ដុំ រួមនិងសម្ភារៈមួយចំនួនទៀត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់រំលងអាធ្រាត្រនោះពុំដឹងថាក្រុមជនទំនើងទាំង២ក្រុមខាងលើមានទំនាស់គ្នារឿងអ្វីទេ ស្រាប់តែបើកការប្រយុទ្ធកាប់ចាក់និងគប់ដុំថ្មដាក់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ប៉ុន្តែខណៈនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ល្បាតទៅទាន់ក៏ធ្វើអន្តរាគមន៏ភ្លាមៗដែរ ។
ពេលនោះដោយឃើញនគរបាលប៉ុស្តិ៍ចោមចៅទី១ មានគ្នាតិច ទើបក្រុមជនទំនើងទាំងនោះអត់ខ្លាច ហើយបានតដៃ បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់រងរបួសជើង ទើបមានការសុំបន្ថែមម្លាំងទៀត ហើយភ្លាមៗនោះកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ពិសេសខណ្ឌពោធិ៍សែនជ័យ បានចុះទៅសហការដេញចាប់បាន១ក្រុមចំនួន៦នាក់ខាងលើនាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ចំណែកក្រុមជនទំនើង១ក្រុមផ្សេងទៀតកំពុងរត់គេចខ្លួននៅឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ