ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ជនសង្ស័យ២នាក់ចូលលួ.ចទូរស័ព្ទ និង iPad អស់ជាង ៥០គ្រឿង ក្នុងហាងមួយកន្លែង ជិត១០ថ្ងៃមុន

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ជា​បន្តបន្ទាប់ ក្រោយ​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង បណ្តាល​អោយ​បាត់បង​ទូរស័ព្ទ និង iPad ជាង ៥០​គ្រឿង ។

ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦ បន្ទាប់​ពី​មាន​ហេតុការណ៍​ចោរកម្ម​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០២​និង​៣០​នាទី​រំលង​អាធ្រាត្រ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ «​ហ៊ា រ៉ា​» ផ្ទះ​លេខ​៥៨ ផ្លូវ​៦៣ ភូមិ​០៩ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

យោង​តាម​ការ​បញ្ជាក់​ពី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានអោយ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌដូនពេញ បើក​ការ​ស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ​រយៈពេល ៩​ថ្ងៃ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ នៅ​ចំណុច​ក្បែរ​ចេតិយ (​វត្ត​កោះ​) ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​បាន​លួច​យក​ទូរស័ព្ទ​ដៃ និង iPad អស់​ប្រមាណ ៥៣​គ្រឿង រួច​ក៏​គេចខ្លួន​បាត់​ស្រមោល រហូត​មក​ដល់​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ​២០២៦ ទើប​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ជនសង្ស័យ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​រួច នាំ​គ្នា​មក​ពួន​សម្ងំ​នៅ​ក្បែរ​ចេតិយ ក្នុង​វត្ត​កោះ ។ ភ្លាម​ៗ សមត្ថកិច្ច ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ រួម​មានឈ្មោះ ផា​ន់​នី អ៊ីបញ្ញា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ​មុខរបរ​ និង​​ទីលំនៅ​មិន​ពិតប្រាកដ (​ស្នាក់​នៅ​ក្នុង​វត្ត​កោះ​) ​និង​ឈ្មោះ ពិន វាសនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ​មុខរបរ និង​​ទីលំនៅ​ មិន​ពិតប្រាកដ (​ស្នាក់​នៅ​ក្នុង​វត្ត​កោះ​) ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕