ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ពី​ប្រភេទ​ផ្ទះ​បុរាណ​សម្រាប់​​អ្នក​អង្គរ​តិច​មើល៍

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប​ ៖ ដើម្បី​ថែរក្សា និង​លើកកម្ពស់​ទេសភាព​វប្ប​ធ៌​ម​ក្នុង​រមណីយដ្ឋាន​អង្គរ ជា​ពិសេស​​លើក​តម្លៃ និង​អភិរក្ស​ផ្ទះ​បុរាណ​ខ្មែរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅ​ដ្ឋា​ន​បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ ។ ផ្ទះ​បែប​បុរាណ​ខ្មែរ ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុត​ពី​ដី…

ខេត្តសៀមរាប​ ៖ ដើម្បី​ថែរក្សា និង​លើកកម្ពស់​ទេសភាព​វប្ប​ធ៌​ម​ក្នុង​រមណីយដ្ឋាន​អង្គរ ជា​ពិសេស​​លើក​តម្លៃ និង​អភិរក្ស​ផ្ទះ​បុរាណ​ខ្មែរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅ​ដ្ឋា​ន​បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ ។ ផ្ទះ​បែប​បុរាណ​ខ្មែរ ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុត​ពី​ដី ជា​ប្រភេទ​សំណង់​ស្រាល គ្មាន​ការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី និង​មាន​ទម្រង់​៥​ប្រភេទ ដោយ​ប្រភេទ នីមួយ​ៗ​មាន​ភាព​ខុស​គ្នា​ត្រង់​រចនាបថ​នៃ​ដំបូល ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ នា​ពេល ថ្មី​ៗ​កន្លង​មក​ថា អាជ្ញាធរ​ជាតិ​អប្សរា​​បាន​អនុញ្ញាត​ឱ្យ​អ្នកស្រុក​អង្គរ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ក្នុង​នោះ​ដែរ​ផ្ទះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់ គឺជា​ប្រភេទ​ផ្ទះ​ដែល​មាន​រចនាបថ​បែប​ខ្មែរ មាន​ចំនួន​៥​ប្រភេទ គឺ​ប្រភេទ​ផ្ទះ​ខ្មែរ ឬ​កឹង ប្រភេទ​ផ្ទះ​រោង​(​ផ្ទះកន្តាំង​) ប្រភេទ​ផ្ទះរោងដោល ប្រភេទ​ផ្ទះ​រោង​ឌឿ​ង និង​ប្រភេទ​ផ្ទះប៉ិត ។

ចំពោះ​ប្រភេទ​ផ្ទះ​ក្រៅពី​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ដូច​ជា​ផ្ទះ​តៀម ផ្ទះល្វែង​មួយ​ជាន់ ឬ​ច្រើន​ជាន់ ឬ​សំណង់​ទាំងឡាយ​ណា​ដែល​មានការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី និង​មាន​លក្ខណៈ​ទំនើប​កម្ម​។

អាជ្ញាធរ​ជាតិ​អប្សរ​ក៏​បាន​គិតគូ​ដល់​ថ្នាំ​ពណ៌​ផ្ទះ ដំបូល​ត្រូវធ្វើ​អំពី​ក្បឿង​ប្រើ​ពណ៌​ដី​ដុត ឬ​ពណ៌​ស៊ីម៉ងត៍ ហ្វ៊ី​ប្រូ ឬ​ស័ង្កសី​ត្រូវ​ប្រើ​ពណ៌​ក្រហម ឬ​ពណ៌​បៃតង ជញ្ជាំង​ឥដ្ឋ​ខាងក្រោម​អាច​លាប​ពណ៌​ស៊ីម៉ងត៍ ឬ​ពណ៌​ដីលែង ឱ្យ​ស្រគាំ​ទៅ​នឹង​ពណ៌​ឈើ ចំណែកឯ​ជញ្ជាំង ទ្វារ បង្អួច ដែល​ធ្វើ​អំពី​ឈើ​ត្រូវ​ទុក​សាច់​ឈើ​ធម្មជាតិ ឬ​ក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ​។ ពណ៌​ក្រៅពី​នេះ​ដែល​មាន​សភាព​ស្រស់​ឆើតឆាយ ត្រូវ​បាន​ហាមឃាត់ ពុំ​អនុញ្ញាត​ឡើយ ។

ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​តំបន់​១ និង​តំបន់​២ អាច​រុះរើ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន ត្រូវ​មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជា​មុន ដូច​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ ន​ស​/​រក​ត​/០១៩៩/១៩ ចុះ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​១៩៩៩ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល លេខ​០២ បប ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០០៤ ព្រមទាំង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល លេខ ៧០ សសរ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ