អ្នកជំនាញ​អ​ចនទ្រ​ព្យ ៖ ពលរដ្ឋ​គួរ​សន្សំ​លុយ​ជាមួយ​ដី​ប្រសើរ​ជាង​ដាក់​ក្នុង​ធនាគារ តែ​មិនមែន​ដី​កណ្តាល​ក្រុង​ឡើយ


​រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​អចលនទ្រព្យ​វត្ថុ​បាន​ផ្ដល់​ជា​យោបល់​ដល់​ប្រជា​ពលរដ្ឋ ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម និង​កំពុង​ស្វែងរក​ការ​វិនិយោគ អោយ​សន្សំ​លុយ​ជាមួយនឹង​ការ​ជាវដី ប្រសើរ​ជាង​សន្សំ​លុយ​ទុក​ក្នុង​ធនាគារ ។ ក្នុង​ន័យ​នេះ អ្នកជំនាញ​បាន​ពន្យល់​ថា លោក​ចង់អោយ​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​គួរ​ទិញ​ដី​ទុក មិន​ថា​ដី​ឡូត៍ ឬ​ដីស្រែ​-​ចំការ​នោះ​ទេ គួរតែ​ជាវ​ទៅ​តាម​លទ្ធភាព និង​លក់​ចេញ​វិញ​នៅ​ពេល​ដី​នោះ​ឡើងថ្លៃ ដើម្បី​បាន​ចំណេញ ឬ​អាច​ទុក​សង់ផ្ទះ​នៅ​ពេល​មាន​លទ្ធភាព ឬ​កម្រិតជីវភាព​ធូរធា ។

យ៉ាងណាមិញ អ្នកជំនាញ​ខាង​អចល​ទ្រព្យ​បាន​ណែនាំ​ណា សម្រាប់​ដី​ដែល​ពលរដ្ឋ​មាន​ជីវភាព​មធ្យម ឬ​បង្គួរ​គួរ​ផ្តោត​ការ​យកចិត្តទុកដាក់​គួរតែ​មា​នទី​តាំងនៅ​ជាយ​ៗ​ក្រុង មិនមែន​តំបន់​នៅ​កណ្តាល​ក្រុង ឬ​ចំ​បេះដូង​រាជធានី​នោះ​ទេ ។​ហេតុ​អ្វី​គួរ​វិនិយោគ​ដី​ជាយក្រុង មិនមែន​ដី​កណ្តាល​រាជធានី​ភ្នំពេញ ?

លោក ម៉ា​ន់ ចន្ទ​ឌី អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ស្ថានភាព​ទូទៅ​នៃ​អចលនទ្រព្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ បានអោយ​ដឹង​ថា ការ​វិនិយោគ​លើ​ដីធ្លី ជា​ពិសេស​ដី​ឡូត៍ ដែល​កំពុង​មាន​សកម្មភាព​កក្រើក​នា​ពេល​បច្ចុប្បន្ន​នេះ​គឺជា​ជម្រើស​ល្អ​មួយ ព្រោះ​ការ​វិនិយោគ​ដីធ្លី មិន​ធ្វើ​អោយ​យើង​ខាតបង់​នោះ​ទេ មាន​តែ​ចំនេញ​នៅ​ពេល​អនាគត ដូច្នេះ​បើ​ចង់​ចំណេញ​លុយ កុំ​ទុក​លុយ​នៅផ្ទះ ឬ​យក​ទៅ​ដាក់​នៅ​ធនាគារ គួរ​យក​វា​ទៅ​ដាក់​ក្នុង​ដី មាន​ន័យ​ថា​ទិញ​ដី​ទុក​ដើម្បី​ចំនេញ តែ​ត្រូវ​រក​ដី​ណា​ដែល​ទំនង​អាច​នឹង​ចំនេញ​នៅ​ពេល​អនាគត ។ ​លោក ម៉ា​ន់ ចន្ទ​ឌី បាន​បន្ត​ថា «​ការ​វិនិយោគ​លើ​ដី​ទាំងអស់​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​កន្លង​មក​យើង​បានឃើញ​ហើយ មាន​អ្នក​ដើរ​ចង្អុល​ដី​គេ​ថា​ជា​របស់​ខ្លួន និង​លក់​ដី​ទាំងនោះ​យក​លុយ​រត់​បាត់ ធ្វើ​អោយ​មាន​បញ្ហា​តវ៉ា​និង​ទាស់ទែង​គ្នា​នៅ​ពេល​ខាង​មុខ ។ ការ​រកស៊ី​មិនមែន​សុទ្ធតែ​មាន​អ្នក​ស្មោះត្រង់​ទាំង​អស់នោះ​ឡើយ តែងតែមាន​អ្នក​ខិលខូច អ​ញ្ចឹ​ង​ហើយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង »​។ លោក​បាន​បន្ត​ទៀត​ថា ដីធ្លី បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​តំបន់​ជា​ច្រើន

នៅ​ជាយ​រាជធានី ដូច​ជា​តំបន់ សែន​សុខ​ជាដើម ជា​តំបន់​មួយ​ដែល​មិន​មាន​អ្នក​ចាប់អារម្មណ៍​ទេ ហើយ​តម្លៃ​ដី​វិញ ត្រឹមតែ​៦០០ ឬ​៧០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឡូត៍ និង​ដី​ខ្លះ​មាន​ទំហំ​ធំ​លក់​ត្រឹម​១៥០០​ដុល្លារ​ក៏​ពិបាក​រក​អ្នកទិញ​ដែរ តែ​ពេល​នេះ​វិញ យើង​ឃើញ​ថា​ដីធ្លី​តំបន់​នោះ​ឡើងថ្លៃ​ខ្លាំង​តែ​ម្ដង ក្នុង​មួយ​ឡូត៍​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​រក​ដី​លក់​សឹង​មិន​បាន​ផង ។ ទាំងនេះ​គឺ​ដោយសារ​ការ​អភិវឌ្ឍន៍​រាជធានី និង​ទីប្រជុំជន​នានា​ចាប់ផ្ដើម​រីកសាយ ដូច្នេះ​ត្រូវការ​រក​ដី​ដើម្បី​អភិវឌ្ឍន៍ ហើយ​អ្នក​វិនិយោគ​ក៏​មិន​អាច​នៅ​ប្រជ្រៀត​គ្នា​អភិវឌ្ឍន៍​កណ្ដាល​ក្រុង​ដែល​ដីធ្លី​កាន់តែ​ឡើងថ្លៃ​នោះ​ទេ ។

លោក ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា «​ដើម្បី​វិនិយោគ​ដីធ្លី​ក្នុង​គោលបំណង​រក​ប្រាក់​ចំណេញ គួរ​ងាក​ទៅ​កាន់​តំបន់​ជាយក្រុង ព្រោះ​តម្លៃ​ដី​នៅ​កណ្ដាល​ក្រុង​វា​បាន​ឡើង​ជិត​ដល់​កំពូល​ហើយ ដូច្នេះ​មិន​មាន​អ្នក​ណា​ទិញ​ដី​កណ្ដាល​ក្រុង​ទុក​លក់​ចំណេញ​ទៀត​នោះ​ទេ បើ​គេ​ទិញ​គេ​នឹង​អភិវឌ្ឍន៍​ជា​អគារ​ខុន​ដូ អា​ផាត់​មិន និង​អគារ​ពាណិជ្ជកម្ម​នានា​ជាដើម តែ​បើសិនជា​ចង់​ចំណេញ ដី​នៅ​ជាយក្រុង​មាន​តម្លៃ​ធូរ អាច​ទិញ​ទុក​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ នឹង​អាច​លក់​បាន​ចំណេញ​ខ្ពស់​» ។

យ៉ាងណាមិញ​លោក​បាន​ពន្យល់​ថា បើ​ចង់អោយ​ការ​វិនិយោគ​លើ​ដីធ្លី ទទួល​បាន​ជោគជ័យ និង​ចំណេញ​ពិតប្រាកដ មុន​នឹង​ទិញ​ដី​នៅ​តំបន់​ណាមួយ គួរ​ទៅ​សួរ​ព័ត៌មាន​ពី​ភាព​ស្របច្បាប់​នៅ​តំបន់​នោះ​ជាមួយ​អាជ្ញាធរ​អោយ​ច្បាស់លាស់​ជា​មុន​សិន បន្ទាប់​មក​ទៀត បើ​អាច​គួរ​សិន​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​នោះ ពី​មន្ត្រី​រដ្ឋាភិបាល គឺ​ធ្វើ​តាម​លទ្ធភាព ដែល​ខ្លួន​អាច​ធ្វើ​បាន ដូច​ជា​តើ​តំបន់​ដែល​ទិញ​នោះ មាន​ផ្លូវ​រត់​កាត់​ទេ មាន​គម្រោង​អភិវឌ្ឍន៍​អ្វី​នៅ​ពេល​អនាគត​ជាដើម ។ នេះ​សម្រាប់​អ្នក​ដែល​មាន​គម្រោង​ទិញ​ដី​ធំ​ៗ និង​ចង់​វិនិយោគ​ក្នុង​រយៈពេល​យូរ ។ ​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ​អភិវឌ្ឍន៍​កាន់តែ​រីក​ទៅ​ជាយ ដូច្នេះ​អ្នកទិញ​ជាយ​ៗ នឹង​ត្រូវប៉ាន់​ដោយសារ​តែ​អ្នក​អភិវឌ្ឍន៍​នឹង​យក​ដី​ទាំងនោះ ដើម្បី​អភិវឌ្ឍន៍ ហើយ​បើ​ទោះបីជា​មិន​ចង់​លក់​ក៏​បាន​ដែរ អាច​ទុក​ដី​នោះ ដើម្បី​សង់​លំនៅ​ឋាន​ដោយ​ខ្លួនឯង​ក៏​បាន​ដែរ ព្រោះ​កម្ពុជា​នៅ​មាន​សក្ដានុពល​វិនិយោគ​ដដែល​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​ដោយ​ស្ថានភាព​អចលនទ្រព្យ​នឹង​នៅ​តែ​ល្អ​ប្រសើរ ។

លោ ក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម សូមកុំ​ទាន់​ទិញ​ផ្ទះ តែ​គួរ​ទិញ​ដី​វិញ ហើយ​នៅ​ពេល​ដី​នោះ​ឡើងថ្លៃ សឹម​លក់​វិញ យក​លុយ​ទិញ​ផ្ទះ​ក៏​មិន​ទាន់​ហួសពេល​ដែរ ព្រោះ​អី​ដី​ឥឡូវ​គេ​មាន​បង់​រំលស់​ច្រើន​ណាស់ ។ លោក​ថា «​យ៉ាងណា​ក៏​ដោយ​សូម​អោយ​ពិនិត្យ​មើល​មែនទែន មុន​នឹង​ទិញ​ដី​នៅ​តំបន់​ណាមួយ ប្រយ័ត្ន​ប៉ះ​ដី​ខ្យល់ ដី​មាន​តែ​ក្រដាស និង​មាន​តែ​គម្រោង​មិន​មាន​ដី​ពិតប្រាកដ​» ។

​ជាមួយនឹង​ការ​កើនឡើង​ខ្ពស់​នៃ​តម្លៃ​ដី​នៅ​ជាយ​ៗ​ក្រុង ក៏​ដោយសារ​តែ​កំណើន​វិនិយោគ​យ៉ាង​ជោគ​ជាំ​ពី​សំណាក់​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​ចិន ដែល​កំពុង​តែ​បោះទុន​យ៉ាងច្រើន​លើ​វិស័យ​សំណង់​និង​សណ្ឋាគារ ក៏​ដូច​ជា​កាស៊ីណូ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​អចល​ទ្រព្យ​និង​តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​សំខាន់​ៗ​មួយ​ចំនួន​ជា​ខេត្ត​ព្រះ​សី​ហុ​ន ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​បា​វិត​នៃ​ខេត្តស្វាយរៀង ជាដើម​។​ក៏​ប៉ុន្តែ​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាន​សម្រេច​មិន​ឲ្យ​មាននូវ​អាជីវកម្ម​ភ្នាល់​តាម​អន​ឡាញ​ដែល​បាន​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ជា​ច្រើន​បាន​សម្រុក​ចាក​ចេញពី​ទឹកដី​កម្ពុជា​ជា​ចុងខែ​សីហា​និង​បន្តបន្ទាប់​នៅ​ក្នុង​ខែកញ្ញា​នេះ​ផង​ដែរ ។

​ជាមួយនឹង​ការ​សម្រុក​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ប្រទេស​កម្ពុជា លោក ជា សុ​ផា​រ៉ា ធ្លាប់​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​ទី ១២ ខែកញ្ញា​កន្លង​ទៅ​នោះ​ថា ការ​ចាកចេញ​របស់​ជនជាតិ​ចិន​មិន​ប៉ះពាល់​ដល់​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ឡើយ ដូច្នេះ​តម្លៃ​ដីធ្លី និង​អចល​ទ្រព្យ​នឹង​បន្ត​មាន​កំណើន​នៃ​តម្លៃ​ជា​បន្ត​ទៀត ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ