ខេត្តមណ្ឌលគិរី៖ ប្រភពពីប្រជាពលរដ្ឋនិងក្រុមអ្នកជំនួញបានឲ្យដឹងថា ឈើប្រណីតប្រភេទធ្នង់ និង នាងនួន នៅតែត្រូវបានក្រុមឈ្មួញបន្តដឹកចេញជារៀលរាល់យប់ ថ្ងៃ តាមច្រករបៀងអូរតំាកន ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ។
គេហទំព័រកោះសន្តិភាពធ្លាប់បានចុះផ្សាយម្តងរួចមកហើយអំពីព័ត៌មាននេះកាលថ្ងៃទី២៥ មីនា ២០១៤ ប៉ុន្តែនៅតែពុំទាន់ឃើញមន្រ្តីជំនាញពាក់ព័ន្ឋចុះអន្តរាគមន៏ចាត់វិធានការបង្រ្កាប និងទប់ស្កាត់នៅឡើយ ។ បើតាមប្រជាពលរដ្ឋក៏ដូចជាអ្នករកស៊ីក្នុងស្រុកពេជ្រាដានោះបានបញ្ជាក់ឲ្យដឹងទៀតថា ឈើដែលក្រុមឈ្មួញនំាចេញខាងលើនេះ គឺដឹកចេញស្រុកកោះញែក ពីភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា និង ប្រមូលដឹកចេញពីភូមិពូត្រុំ ភូមិឡៅកា ស្ថិតក្នុងទីរួមខេត្តតែម្តង ហើយថារថយន្តដែលក្រុមឈ្មួញយកមកដឹកឈើប្រណីតទំាងនោះមានប្រភេទ Landcruiser , Luxus និង ប្រភេទរថយន្ត១បំាងកន្លះជាដើម ។
អ្វីដែលជាការកត់សម្គាល់ និងធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះ គឺឈើទំាងនោះត្រូវបានឈ្មួញដឹកឆ្លងកាត់មុខទីបញ្ជាការកងរាជអាវុធហត្ថ ទាហាន និង មុខអធិការនគរបាលស្រុកនោះថែមទៀត តែសមត្ថកិច្ចមើលមិនឃើញ ឬ ទំនងជាមានការឃុបឃិតណាមួយ ។
សេចក្តីរាយការណ៏ក៏បានស្រង់សម្តីប្រជាពលរដ្ឋដោយចោទប្រកាន់ទៀតថា លោក អ៊ុក ណាខៃ ជាប្រធានកងអនុសេនាតូចទី២ការពារព្រំដែនប្រចាំច្រករបៀង អូរតំាងកន ថាជាអ្នករកស៊ី និងកាងឈើប្រណីតទំាងនោះ និងមានការពាក់ព័ន្ឋរកស៊ីជាមួយអភិបាលស្រុកពេជ្រាដានោះថែមទៀត ព្រោះលោកអភិបាលស្រុកនេះមានរថយន្តសម្រាប់ដឹកឈើនំាចេញដែរ ។ ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ការណ៏ដែលលោក អ៊ុក ណាខៃ អាចរកស៊ីដឹកឈើប្រណីតចេញទៅវៀតណាមបាន ក៏មានការបើកដៃពីលោក ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិសឹករងមណ្ឌលគិរីនោះដែរ ។
យ៉ាងណាក៏ដោយពាក់ព័ន្ឋនឹងការចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី២៨ មីនា ២០១៤ កោះសន្តិភាពមិនទាន់អាចទាក់ដើម្បីសុំការបំភ្លឺបានទេ ពីសមត្ថកិច្ចជំនាញគ្រប់ប្រភេទ និង លោក ឃិន ម៉េងស្រេង , លោក អ៊ុក ណាខៃ ប្រធានកងអនុសេនាតូចទី២ការពារព្រំដែន ក៏ដូចជាអភិបាលស្រុកពេជ្រាដា ៕
ចែករំលែកព័តមាននេះ