ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស្រម ទួល តា​ម៉ក់ កំពុង​ជួប​ការ​ខ្វះ​ខាត ផ្លូវ​ចូល​ក៏​ខូចខាត​ជា​ដំណំ​ទៀត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អាស្រម ហ៊ុន សាន តា​ម៉ក់​មាន​រិ​ទ្ធ តាំងពី​បុរាណ​មក​ជា​អាស្រម​តូច​មួយ​ដោះ​នៅ​លើ​ដី​ទួល ក្នុង​បឹង​វាល​ព្រៃ​យ៉ាង​ស្រងូតស្រងាត់ តែ​ឥឡូវនេះ​បាន​ក្លាយជា​អាស្រម ទួល…

ខេត្តកណ្តាល ៖ អាស្រម ហ៊ុន សាន តា​ម៉ក់​មាន​រិ​ទ្ធ តាំងពី​បុរាណ​មក​ជា​អាស្រម​តូច​មួយ​ដោះ​នៅ​លើ​ដី​ទួល ក្នុង​បឹង​វាល​ព្រៃ​យ៉ាង​ស្រងូតស្រងាត់ តែ​ឥឡូវនេះ​បាន​ក្លាយជា​អាស្រម ទួល តា​ម៉ក់ ដែល​ជា​អាស្រម​មួយ​មាន​ពុទ្ធ​បរិ​ស​ទ្ធ័​ទី​ជិត​ទី​ឆ្ងាយ​ទៅ​គោរព​បូជា សុំ​សិល្ប៍​តាម​ប្រពៃណី​។

អាស្រម ទួល តា​ម៉ក់ ជា​អាស្រម​មួយ​ស្ថិត​ក្នុង​បឹង ក្នុង​ព្រៃ​មួយ​នៅ​តំបន់​ទីទួល​បុរាណ​មាន​ចម្ងាយ​ប្រហែល​ជិត​២០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ នៅ​ជាប់​ជាយក្រុង​តា​ខ្មៅ ដោយ​ផ្លូវ​ចូល​ទៅ​អាស្រម គឺ​ចុះ​ពី​ផ្លូវជាតិ​លេខ​០២ ប្រហែល​ជិត​១០​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​អំពៅព្រៃ ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល ។ ហើយ​អាស្រម​ទួល តា​ម៉ក់​នេះ គឺ​មាន​តាំងពី​បុរាណ​មក​ម្ល៉េះ និង​ចាប់ផ្តើម​កសាង​នៅ​ឆ្នាំ​២០០៩ មាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម កែវ សា​រឿ​ន និង​មាន​ព្រះ​សង្ឃ​6​អង្គ លោកតា​អាចារ្យ​ម្នាក់ យាយជី​ម្នាក់​។

បើ​តាម​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម កែវ សា​រឿ​ន មាន​សង្ឃដីកា​ថា សព្វថ្ងៃ​សមិទ្ធផល​ក្នុង​វត្ត គឺ​បាន​មក​ពី​ការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​សប្បុរសជន​ជិត​ឆ្ងាយ​តាម​រយៈ​បុណ្យ​ប្រពៃណី ឬ​បុណ្យផ្កា​ផ្សេង​ៗ រួម​មាន ៖ កុ​ដ្ឋ​ទំហំ​ទទឹង​៩​ម៉ែត្រ បណ្តោយ​១៥​ម៉ែត្រ សាលាឆាន់ ទទឹង​១៣​ម៉ែត្រ បណ្តោយ​២៦​ម៉ែត្រ ។ ហើយ​បច្ចុប្បន្ន​នេះ នៅ​មានការ​ខ្វះខាត​ជា​ច្រើន​ដូច​ជា ៖​របង​ព័ទ្ធ​ជុំវិញ​វត្ត ផ្លូវ​ចូល​មក​វត្ត​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង និង​កុ​ដ្ឋ​ព្រះសង្ឃ​គង់​ផង​ដែរ​។ ចំពោះ​ចង្ហាន់​បាន​មក​ពី​ការ​និមន្ត​បិណ្ឌបាត​របស់​ព្រះសង្ឃ​តាម​ភូមិ និង​ពុទ្ធបរិស័ទ​យក​មក​ប្រគេន​ដល់​វត្ត​ក៏​មាន​ខ្លះ​ៗ​។

ព្រះ​គ្រូ​ចៅអធិការ​វត្តមាន​សង្ឃដីកា​បន្ត​ថា ចំពោះ​រដូវវស្សា​ចាប់ពី​ខែសីហា រហូត​ដល់​ខែតុលា គឺ​ទឹក​លិច​អាស្រម និង​ផ្លូវ​ចូល​វត្ត​តែ​ម្តង ធ្វើ​ឱ្យ​ពុទ្ធ​បរិ​ស័​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​អាស្រម​នេះ​ណាស់ ។ ព្រះ​គ្រូ​ចៅអធិការ​វត្ត ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជា​ច្រើន សូម​អំពាវនាវ​ដល់​សម្តេច ទ្រង់ លោក លោក​ជំទាវ លោក​ឧកញ៉ា និង​សប្បុរសជន​ជិត​ឆ្ងាយ​ដែល​មាន​ទឹកចិត្ត​សប្បុរសធម៌ មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ក្តី ជា​សម្ភារៈ​ក្តី ទៅ​តាម​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា ដើម្បី​គាំទ្រ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​សម្រាប់​ជា​កន្លែង​ឱ្យ​ប្រជា​ពុទ្ធ​បរិស័ទ​គោរព​ប្រតិបត្តិ​បូជា​ទៅ​តាម​ទំនៀមទំលាប់​តាំងពី​បុរាណកាល​មក​។

ព្រះ​គ្រូ​ចៅអធិការ​វត្តមាន​សង្ឃដីកា​បន្ត​ទៀត​ថា ព្រោះ​កន្លង​មក ក្នុងភូមិ​នេះ គ្មាន​អាស្រម​ទេ ហើយ​​លោកយាយ លោកតា​ចាស់​ៗ ធ្លាប់​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ឆ្ងាយ​ៗ​ចម្ងាយ​រាប់​គីឡូ​ដី តែ​ខ្លាច​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ ។ ប៉ុន្តែ​ឥឡូវ​មាន​អាស្រម​នៅ​ក្នុងភូមិ គឺ​ពួក​គាត់​សប្បាយចិត្ត​ក្នុង​ការ​ធ្វើបុណ្យ​ទាន​។ ហើយ​ព្រះ​គ្រូ​ចៅអធិការ​បាន​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា ចង់ឱ្យ​អាស្រម​មួយ​នេះ និង​ក្លាយជា​វត្ត​នៅ​ពេល​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ