សារព័ត៌មានរបស់ចិនបង្ហាញថា មឈូសបុរាណដែលរក្សាទុកក្នុងសារមន្ទីរ «សឺលីន» នៅតំបន់គ្រប់គ្រងពិសេសម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន តាមការសន្និដ្ឋានមានអាយុប្រហែល១.៥០០ឆ្នាំ ។ មឈូសនោះ រកឃើញនៅវាលស្មៅមួយក្នុងតំបន់សឺលីន និងបានសន្និដ្ឋានថា ជាមឈូសសពរបស់បុគ្គលក្នុងរាជវង្សវុើយ អំឡុងឆ្នាំ៣៨៦ ទៅឆ្នាំ៥៣៤ ។
របាយការណ៍បញ្ជាក់ថា ភូមិភាគតំបន់ភ្នំអាល់តៃ ដែលមានប្រវែងជាង២.១០០គីឡូម៉ែត្រលាតសន្ធឹងនៅតាមបណ្តោយព្រំដែនចិន ម៉ុងហ្គោលី រុស្ស៊ី និងកាហ្សាក់ស្តង់ គឺជាតំបន់ដែលមានបម្រែបម្រួលផ្នែកអាកាសធាតុខ្លាំង និងធ្លាប់ជាកន្លែងកប់សពបុរាណក្នុងយុគសម័យអារ្យធម៌សៃធៀន របស់ក្រុមអម្បូរ «សៃធៀន» ។
អ្នកបុរាណវិទ្យាមានជំនឿថានៅខាងក្រោមដីក្នុងតំបន់សុឺលីន មានផ្នូរបុរាណក្នុងយុគសម័យអារ្យធម៌សៃធៀនច្រើន និងជាប្រភពនៃជនអម្បូរជាច្រើននៅទូទាំងអាស៊ី ចាប់ពីសមុទ្រខ្មៅឆ្ពោះទៅខ្ពង់រាបម៉ុងហ្គោលី ដោយបានផ្លាស់ប្តូរអារ្យធម៌ ជាមួយអ្នកជិតខាងនៅក្បែរតំបន់នោះ មានទាំងចិន ឥណ្ឌា អុីរ៉ង់ ម៉ាសេដូនី និងក្រិក ។ជនអម្បូរសៃធៀន បានបន្សល់អារ្យធម៌របស់ខ្លួនតិចតួចដើម្បីដឹងពីជីវប្រវត្តិច្បាស់លាស់របស់ពួកគេ ៕
ចែករំលែកព័តមាននេះ