រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) កាលពីថ្ងៃទី២៦ មីនា បានចេញសេចក្ដីប្រកាសព័ត៌មានដ៏កម្រមួយឱ្យដឹងថា អង្គភាពនេះបានទទួលពិនិត្យពាក្យបណ្ដឹងរបស់មន្ត្រីរាជការក្នុងខេត្តឧត្តរមានជ័យ ដែលរាយការណ៍ពីភាពមិនប្រក្រតីមួួយចំនួនកើតឡើងតាមមន្ទីរនានាក្នុងខេត្តឧត្តរមានជ័យ ។
សេចក្ដីប្រកាសព័ត៌មានឱ្យដឹងទៀតថា តាមពាក្យប្ដឹងបានឱ្យដឹងថា មន្ទីនានាមានការគ្រប់គ្រង និងដឹកនាំមិនបានត្រឹមត្រូវ ហេតុនេះ អ.ប.ព សូមក្រើនរំលឹកដល់មន្ទីរមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ គប្បីត្រូវបញ្ឈប់នូវសកម្មភាពមួួយចំនួនដែលកើតឡើងដូចខាងក្រោម៖ ១- ករណីឪពុកជាប្រធានមន្ទីរ កូនជាប្រធាគណនេយ្យ យោងតាមប្រការនេះជាករណីទំនាស់ផលប្រយោជន៍មិនអាចធ្វើបានទេ គួរគប្បីឪពុកឈប់ធ្វើជាប្រធានមន្ទីរ ឬមួយកូនឈប់ធ្វើប្រធានគណនេយ្យ ។
២- ករណីមន្ត្រីជាប់កិច្ចសន្យា គឺមិនមានសិទ្ធិចុះហត្ថលេខាលើលិខិតស្នាមអ្វីទាំងអស់ ។ មន្ត្រី ជាប់កិច្ចសន្យាគ្រាន់តែជាជំនួយការឱ្យមន្ត្រីរដ្ឋបាលដូចជា វាយអត្ថបទ ថតចម្លងឯកសារ ឬបញ្ជូនឯកសារតែប៉ុណ្ណោះ ហើយមិនមានការទទួលខុសត្រូវលើកិច្ចការដ្ឋបាលទេ ។ ចំណែកឯពលករបណ្ដែត មិនមែនជាជំនួយការឱ្យមន្ត្រីរដ្ឋបាលទេ គឺជាអ្នកធ្វើការងារផ្នែកអនាម័យ ថែសួន ។ល។ ៣-ករណីអចលនទ្រព្យរបស់រដ្ឋមានតែឯកសារតែគ្មានទ្រព្យ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឯកសារសាធារណៈ(មាត្រា៦២៩) និងការកេងយកផលប្រយោជន៍ដោយខុសច្បាប់(មាត្រា៥៩៧ និងមាត្រា៥៩៨)នៃក្រមព្រហ្មទណ្ឌ ។
អ.ប.ព សង្ឃឹមជឿជាក់ថា បណ្ដាមន្ទីរនានានៅក្នុងខេត្តឧត្តរមានជ័យ នឹងធ្វើការកែលម្អលើការងារដឹកនាំគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ អាស្រ័យហេតុនេះសូមលោក លោកស្រី ម្ចាស់បណ្ដឹង ជ្រាបជាព័ត៌មាន ៕
ចែករំលែកព័តមាននេះ