រាជធានីភ្នំពេញ ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ មីនា បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្រដាប់អាវុធប្លន់ទូមាស និងប្តូរប្រាក់បានចំនួន៧នាក់ ក្នុងនោះមានឪពុក ម្តាយ និងកូន គឺមួយគ្រួសារចេញប្លន់ទាំងអស់ ព្រមទាំងដកហូតបានអាវុធខ្លីសម្រាប់ធ្វើសកម្មភាព១ដើម និងយកបានគ្រឿងអលង្ការរបស់ជនរងគ្រោះមួយចំនួនមកវិញ ។
សមាសភាពក្រុមចោរប្លន់ទាំង៧នាក់នេះមាន ១-ឈ្មោះ ទៀប ភឿន ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ជននេះជាប្តីនិងជាឪពុក និងជាមេខ្លោង ២-ឈ្មោះ ហេង ឡាច ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធ និងជាម្តាយ ៣-ឈ្មោះ ទៀប ភា ភេទប្រុស អាយុ២៥ឆ្នាំ ជាកូន ៤-ឈ្មោះ ទៀប សុភ័ណ្ឌ ភេទប្រុស អាយុ២៧ឆ្នាំ (ជាកូន) ៥-ឈ្មោះ ឡុច សុភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជាក្មួយ ៦-ឈ្មោះ ឆាំ សុខជា ភេទប្រុស អាយុ២១ឆ្នាំ ជាក្មួយ និង៧-ឈ្មោះ ម៉ាន់ ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជននេះជាអ្នកលក់គ្រាប់ និងអាវុធឱ្យក្រុមខាងលើចេញប្លន់ ។
ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ អិុន បូរា៉ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តែងតែក្រើនរំលឹកដល់នាយកដ្ឋានជំនាញ ឱ្យសហការជាមួយស្នងការដ្ឋានរាជធានី-ខេត្ត ដើម្បីបើកការសើុបអង្កេតរាល់បទល្មើសដែលកើតមាន និងពង្រឹងកម្លាំងទប់ស្កាត់កុំឱ្យមានបទល្មើសទាំងឡាយនោះ ។ លោកប្រធាននាយកដ្ឋានបានរំលឹកថា កាលពីថ្ងៃទី២៥ កុម្ភៈ ២០១៤ វេលាម៉ោង៥ល្ងាច បុរសឈ្មោះ ភឿន ស្រឿន និងប្រពន្ធឈ្មោះ ឡាង មា៉លីន ជាអាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារព្រែកតាមាក់ បានបិទទ្វារតូបនិងប្រមូលគ្រឿងអលង្ការ និងលុយកាក់ ដាក់ថង់រួចជិះម៉ូតូឌុបគ្នាទៅផ្ទះ ដោយមានប្អូនប្រុសជិះម៉ូតូ១គ្រឿងតាមពីក្រោយ ។ លុះពេលដល់មុខផ្ទះ ប្តីបានឈប់ម៉ូតូឱ្យប្រពន្ធចុះទៅបើកទ្វាររបង ស្រាប់តែមានចោរ១ក្រុមគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង បានប្លន់អាជីវករ២នាក់ប្តីប្រពន្ធយកថង់ដាក់គ្រឿងអលង្ការនោះ ព្រមទាំងបាញ់ជាច្រើនគ្រាប់បណ្តាលឱ្យឈ្មោះ ឡាង ណារិន ត្រូវជាប្អូន ដែលជិះម៉ូតូតាមពីក្រោយ ត្រូវ១គ្រាប់ចំកជើង និងឈ្មោះ ភឿន ស្រឿន ជាប្តីត្រូវចំភ្លៅខាងឆ្វេង១គ្រាប់ដែរ ។
ក្រោយពេលចោរប្លន់យកថង់ដាក់គ្រឿងអលង្ការនេះទៅ ពួកគេបានបន្សល់ទុកម៉ូតូសេ១០០កូរ៉េ ពណ៌ក្រហម១គ្រឿងនៅក្បែររបងផ្ទះជនរងគ្រោះ ។ បន្ទាប់ពីចោរប្លន់ចេញផុតទៅ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ និងធ្វើកំណត់ហេតុពីការបាត់បង់ ក្នុងនោះរួមមានគ្រឿងអលង្ការ ប្លាទីនចំនួន២៥តម្លឹង មាសសុទ្ធ២០តម្លឹង ប្រាក់ដុល្លារ៦.០០០ដុល្លារ ប្រាក់រៀល ១០.០០០.០០០រៀល និងគ្រឿងអលង្ការប្រាក់ចំនួន១០តម្លឹង ។ ក្រោយពីកើតមានអំពើប្លន់នោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលមានលោកឧត្តមសេនីយ៍ទោ អិុន បូរា៉ ជាប្រធាន បានឯកភាពឱ្យលោកឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី ង៉េង ជួ អនុប្រធាននាយកដ្ឋាន បើកការសើុបអង្កេតស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ មីនា ២០១៤ឃាត់ខ្លួនក្រុមចោរប្លន់១គ្រួសារនៅស្រុករមាសហែក ខេត្តស្វាយរៀង ។
លុះនៅថ្ងៃទី២៧ មីនា ក៏ឈានទៅឃាត់ខ្លួនបក្សពួកម្នាក់ទៀតជាអ្នកលក់អាវុធ និងគ្រាប់ឱ្យក្រុមខាងលើធ្វើសកម្មភាព ជាមួយនេះក៏មានការដកហូតអាវុធខ្លីមា៉កកា៥៩មួយដើម គ្រាប់កាំភ្លើងខ្លី និងគ្រាប់កាំភ្លើងអាកាជាច្រើនគ្រាប់ ទៀត ។ ចំពោះព័ត៌មានលម្អិត សមត្ថកិច្ចនឹងធ្វើសន្និសីទសារព័ត៌មាននៅពេលចប់បេសកកម្ម នេះ ៕
ចែករំលែកព័តមាននេះ