ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​តវ៉ាដីធ្លី​សុំឱ្យ​សភា​អឺរ៉ុបជួយ​អន្តរា​គមន៍

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជាពល​រដ្ឋ​មក​ពី​សហ​គមន៍​ផ្សេងៗ​ដែល​ជា​ក្រុម​អ្នក​តវ៉ា​ពី​បញ្ហា​ដី​ធ្លី​ ក្នុង​នោះ​មាន​សហ​គមន៍​បុរី​កីឡា​ បឹង​កក់ និង​ថ្ម​គោល​ សរុប​ប្រមាណ​៨០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់​ការ​សហ​ភាព​អឺរុ៉ប​​ប្រចាំ​នៅ​កម្ពុជា​ ដែល​មាន​ទីតាំង​នៅ​ភូមិ​គ្រឹះ​លេខ​១០០​អា​ មហា​វិថី​ព្រះ​នរោត្តម​ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជាពល​រដ្ឋ​មក​ពី​សហ​គមន៍​ផ្សេងៗ​ដែល​ជា​ក្រុម​អ្នក​តវ៉ា​ពី​បញ្ហា​ដី​ធ្លី​ ក្នុង​នោះ​មាន​សហ​គមន៍​បុរី​កីឡា​ បឹង​កក់ និង​ថ្ម​គោល​ សរុប​ប្រមាណ​៨០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់​ការ​សហ​ភាព​អឺរុ៉ប​​ប្រចាំ​នៅ​កម្ពុជា​ ដែល​មាន​ទីតាំង​នៅ​ភូមិ​គ្រឹះ​លេខ​១០០​អា​ មហា​វិថី​ព្រះ​នរោត្តម​ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​ព្រឹក​ថ្ងៃទី​២៧​ មីនា​ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​មួ​យចំនួន​ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ​ ជាពិសេស​ទាក់​ទង​ទៅ​នឹង​បញ្ហា​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​ ផ្ទះ​​សម្បែង​ និងការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ។​

ញត្តិ​របស់​សហ​គមន៍បឹង​កក់​បាន​ទទូច​សុំ​ឱ្យ​លោក​ Werner Langen ប្រធាន​ក្រុម​សមា​ជិក​សភា​សហគមន៍​អឺរុ៉ប​​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​នៅ​តំបន់​បឹង​កក់​ជាបន្ទាន់ បន្ទាប់​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ផ្តល់​ប្លង់​​កម្ម​សិទ្ធិ​នៅ​ថ្ងៃ​ទី​៣​ មីនា​ កន្លង​ទៅ​បានតែ​ចំនួន​៨​គ្រួសារ​ក្នុង​ចំណោម​៤៨​គ្រួសារ​​ ។​ ដោយ​ឡែក សហ​គមន៍​បុរី​កីឡា​ ក៏បាន​ដាក់​ញត្តិ​ដល់​សហ​គមន៍​អឺរុ៉ប​សុំ​ឱ្យ​​អន្តរា​គមន៍​ចំពោះ​ស្ថាប័ន​ចូលដៃ​ជើង​ជាមួយ​ក្រុម​ហ៊ុន​ផាន អុី​មុិច​ ងាក​មក​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នៅ​សហ​គមន៍​បុរី​កីឡា​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​ និងសូម​ឱ្យ​ជួយ​ដាក់​ការ​គាប​សង្កត់​ដើម្បី​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​កម្មករ​២១​នាក់​ដែល​ជាប់​ឃុំ​នៅ​ត្រពាំង​ផ្លុង​ ។​ ជាមួយ​គ្នា​នោះ​ សហ​គមន៍​ថ្ម​គោល​វិញ​ ក៏​បាន​ដាក់​ញត្តិ​ឱ្យ​សហ​ភាព​អឺរុ៉ប​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គេ​ផង​ដែរ ។​

មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ដែល​តាម​ដាន​សភាព​ការណ៍​ខាង​លើ​ឱ្យដឹង​ថា​ នៅវេលា​ម៉ោង​៩​ព្រឹក​នាថ្ងៃ​ដដែល​ តំណាង​សភាអឺរុ៉ប​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​មក​ទទួល​យក​ញត្តិ​ពីសហ​គមន៍​ទាំង​បី ក៏​បុ៉ន្តែ​មិន​បាន​អះ​អាង​ថា​ ​នឹង​ត្រូវ​ដោះ​ស្រាយ​នៅ​ពេល​ណា​នោះ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​សហ​គមន៍​ទាំង​នោះ​បាន​នាំគ្នា​រំសាយ​ក្រោម​ការ ឃ្លាំ​មើល​ពី​កម្លាំង​សមត្ថ​កិច្ច​ និង​មិន​មាន​ការ​រារាំង​ពី​អាជ្ញា​ធរ​ឡើយ​ បើ​ទោះ​បី​ជា​ពួកគេធ្វើ​នេះ​មិន​មាន​ការអនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ក៏​ដោយ ។​ ដោយ​ឡែក ​កាល​ពី​ព្រឹក​ថ្ងៃទី​២៦​ មីនា សហ​គមន៍​អ្នក​តវ៉ា​នៅ​ថ្ម​គោល និង​បុរី​កីឡា​ ក៏បាន​នាំ​គ្នា​​ដាក់​ពាក្យ​បណ្តឹង​នៅ​នគរបាលបុ៉ស្តិ៍​រដ្ឋ​បាល​សង្កាត់​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ជំនាញ​ស្វែង​រក​ខ្មាន់​កាំ​ភ្លើង​ដែល​បាញ់​មក​លើ​រថយន្ត​ក្រុង​ដែល​ពួកគេ​ជិះ​កាល​ពី​យប់​ថ្ងៃទី​២២​ មីនា​ នៅ​មុខ​មណ្ឌល​សុខ​ភាព​ដូន​ពេញ​ ផ្លូវ​ជាតិ​លេខ​៥​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។

ក៏បុ៉ន្តែ​ក្នុង​ហេតុ​ការណ៍​នោះ​មិន​មាន​មនុស្ស​ណា​ម្នាក់​មាន​គ្រោះ​ថ្នាក់​នោះ​ទេ ហើយ​សមត្ថ​កិច្ច​ក៏​​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា​ មូល​ហេតុ​ដែល​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​បាញ់​រថយន្ត​ក្រុង​ដែល​មាន​សកម្ម​ជន​ដី​ធ្លី​ជិះ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ ដោយសារ​តែ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ​​។ បុ៉ន្តែ​​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​​ ក៏​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជុំ​វិញ​ករណី​នេះ​ដែរ ៕​