ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវជនជាតិថៃបាញ់ប្រហារនឹងកាំភ្លើងម៉ាកកាឡិបឌូ ជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈជនរងគ្រោះចូលទៅដាក់អន្ទាក់សត្វ (មាន់ព្រៃ) នៅព្រៃក្បែរចម្ការក្នុងទឹកដីថៃ ដែលមានចម្ងាយប្រហែល៣៥០ម៉ែត្រពីទឹកដីខ្មែរ ។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅចន្លោះម៉ោង៣ទៅ៥ល្ងាច ថ្ងៃទី២៦ មីនា ស្ថិតនៅក្នុងភូមិរុំ ឃុំខ្លងយ៉ៃ ស្រុកពោងណាមរ៉ន ខេត្តចាន់បុរី ។
ជនរងគ្រោះឈ្មោះ ថេង សុកឡា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសចំហៀងខ្លួនខាងឆ្វេងសុសសាច់ ជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ មានឪពុកឈ្មោះ ជាវ ចាន់ថេង អាយុ៤៦ឆ្នាំ ម្តាយឈ្មោះ ទុំ គា អាយុ៤៥ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មានពីលោក ជាវ ចាន់ថេង ជាឪពុកជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ កូនប្រុសទី៣ របស់គាត់បានប្រាប់ថា រូបគេសុំចូលទៅក្នុងទឹកដីថៃដើម្បីទៅមើលអន្ទាក់ ដែលដាក់ចាប់មាន់ព្រៃ នៅក្នុងព្រៃក្បែរចម្ការតាង៉ែន កាលពីបីបួនថ្ងៃមុន ដែលមានចម្ងាយពីផ្ទះប្រហែល៣៥០ម៉ែត្រ ។ លុះចេញទៅទីនោះអស់រយៈពេលជាយូរ មិនឃើញត្រឡប់ឆ្លងអូរមកវិញ គាត់ក៏ចុចទូរស័ព្ទទៅរកកូនរបស់ខ្លួន ។ ពេលនោះទូរស័ព្ទចូល តែកូនគាត់មិនទទួលទូរស័ព្ទទាល់តែសោះ ។
គាត់បន្តទៀតថា ពេលទាក់ទងអស់ចិត្ត មិនឃើញលើកទូរស័ព្ទ ក៏នាំគ្នាអង្គុយរង់ចាំរហូតដល់ពេលយប់នៅតែមិនឃើញត្រឡប់មកវិញទៀត ទើបនឹកគិតភ័យក្នុងចិត្តថា តិចលោកូនប្រុសគាត់ត្រូវពស់ចឹកស្លាប់ក្នុងដីថៃទេដឹង ។ ទាក់ទិននឹងបញ្ហាបាត់កូនប្រុសនេះ លោកមិនអាចចូលទៅរកក្នុងទឹកដីថៃទាំងយប់នោះទេ លុះរង់ចាំរហូតដល់ព្រឹក ទើបពិភាក្សាជាមួយមេភូមិ ដើម្បីសុំច្បាប់អនុញ្ញាតពីអាជ្ញាធរថៃដើម្បីបានចូលទៅរកមើលកូនរបស់ខ្លួន ។ លុះពេលចូលទៅដល់ ក៏ស្រាប់តែឃើញកូនប្រុសដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងដីចម្ការតាង៉ែន ដោយសារការបាញ់នឹងកាំភ្លើងម៉ាកកាឡិបឌូ ជាច្រើនគ្រាប់ធ្លាយ និងបៀមមួយគ្រាប់ ។
លោកបញ្ជាក់ទៀតថា កាំភ្លើងកាឡិបឌូ នេះ អាជ្ញាធរថៃអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់គេមានសិទ្ធិកាន់កាប់ប្រើប្រាស់ដើម្បីការពារខ្លួន ដោយមានគ្រាប់តែមួយ ។ ប៉ុន្តែកាំភ្លើងនេះមានគ្រាប់កង់ជាច្រើនគ្រាប់ ។ លុះបាញ់ចូលក្នុងខ្លួនយើងតែមួយគ្រាប់ ពេលចេញមកវិញមានរន្ធរហូតដល់ទៅ១០គ្រាប់ ៥០គ្រាប់ ១០០គ្រាប់ តាមគេដាក់តិចឬច្រើន ។ គាត់និយាយថា ពីមុនកូនប្រុសរបស់គាត់ធ្លាប់ចូលទៅក្នុងទឹកដីថៃញឹកញាប់ដែរ តែអត់មានបញ្ហាអ្វីកើតឡើងទេ ។ ទើបតែពេលរសៀលម្សិលមិញកូនគាត់ទៅមើលអន្ទាក់សត្វ ក៏ត្រូវគេបាញ់ប្រហារតែម្តង ។
មន្ត្រីសមត្ថកិច្ចច្រកព្រំដែនខ្មែរ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ គឺសង្ស័យថាជនជាតិថៃជាអ្នកបាញ់សម្លាប់ ព្រោះតាមការពិនិត្យមើលបានដឹងច្បាស់ថា ជាកាំភ្លើងម៉ាកកាឡិបឌូ ដែលជនជាតិថៃប្រើប្រាស់ ។ ប្រភពបន្តទៀតថា ក្រោយពីពិនិត្យសាកសពជនរងគ្រោះរួចរាល់ ក្រុមគ្រួសារដឹកយកសពទៅលាងជម្រះនៅមន្ទីរពេទ្យខេត្តចាន់បុរី ហើយក្រោយមកគេដឹកយកមកធ្វើបុណ្យនៅផ្ទះតាមប្រពៃណី ។ ជាមួយនឹងហេតុការណ៍ដែលបានកើតឡើងនេះ សមត្ថកិច្ច បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលធ្លាប់ចេញចូលទៅក្នុងទឹកដីថែ តាមច្រករបៀងជាញឹកញាប់ដោយខុសច្បាប់ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកដីថៃគេចង់បាញ់ប្រហារយើងនៅពេលណាក៏បានដែរឱ្យតែទាស់ចិត្តគេ ។ ម៉្យាងវិញទៀត បើសិនជាពួកគាត់ឆ្លងកាត់តាមច្រកស្របច្បាប់ ដោយមានលិខិតឆ្លងដែនត្រឹមត្រូវនោះ គឺមានសុវត្ថិភាពល្អបំផុត។
សូមបញ្ជាក់ថា កាលពីពីរបីឆ្នាំកន្លងទៅ ប្រជាពលរដ្ឋខ្មែរម្នាក់ ក៏ត្រូវបានជនជាតិថៃសម្លាប់នៅក្នុងភូមិកើតហេតុខាងលើនេះដែរ ដោយចាប់ដុតទាំងរស់ជាមួយកង់រថយន្ត បណ្តាលឱ្យស្លាប់យ៉ាងវេទនាបំផុត ៕
ចែករំលែកព័តមាននេះ