រាជធានីភ្នំពេញ ៖ ក្រោយពីមានការវាយសម្លាប់មនុស្សនៅពិធីក្នុងមង្គលការមួយ ក្នុងសង្កាត់រលួស កាលពី៤ថ្ងៃមុន មកដល់ពេលនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវកំណត់មុខសញ្ញាចាប់ខ្លួនបានម្នាក់ ដែលឃាតករដៃដល់ គឺជាកូនកំលោះតែម្តង ចំណែកបក្សពួក៤នាក់ទៀត កំពុងរត់គេចខ្លួន ។
ការចាប់ខ្លួននេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ មីនា បន្ទាប់ពីហៅជនសង្ស័យទៅសាកសួរតាមជំនាញ ក្រោយពេលកើតមានករណីអំពើហិង្សា បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់រួចមក ។ គួររំលឹកថា ហេតុការណ៍វាយសម្លាប់មនុស្សនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី២៣ មីនា នៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ ។ កូនកំលោះជាប់ចោទឈ្មោះ ឡា ប៊ុនហេង ហៅចិន អាយុ២៣ឆ្នាំ ជាជាងធ្វើតុទូ ស្នាក់នៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ ចំណែកបក្សពួកចំនួន៤នាក់ទៀត បានស្គាល់អត្តសញ្ញាណអស់ហើយ ទោះបីជាពេលនេះពួកគេកំពុងព្យាយាមរត់គេចខ្លួនចោលផ្ទះសម្បែងយ៉ាងណាក៏ដោយ ក៏មិនអាចគេចរួចអស់មួយជីវិតបានដែរ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ ឱ្យដឹងថា មុនពេលកើតហេតុ ភាគីជនរងគ្រោះ និងក្រុមបក្សពួកកូនកំលោះ បានទៅរាំលេងក្នុងពិធីមង្គលការរបស់ឈ្មោះ ឡា ប៊ុនហេង ហៅចិន ដែលប្រព្រឹត្តទៅក្នុងភូមិខាងលើ ខណៈពេលកំពុងរាំ ក៏មានការរាំកាច់កុង និងឌឺដងដាក់គ្នា ទើបបណ្តាលឱ្យមានទំនាស់នៅក្នុងវង់រាំ ព្រមទាំងដេញវាយគ្នាប្រសេចប្រសាច បានចម្ងាយជាង២០០ម៉ែត្រពីរោងការ បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ ភ្លាមៗនោះ ក្រុមជនដៃដល់ក៏នាំគ្នារត់គេចខ្លួនបាត់អស់ ប៉ុន្តែក្រោយពេលទទួលបានព័ត៌មាន កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលរលួស បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ។ ប៉ុន្តែដោយសារតែមនុស្សទាំង៩នាក់នោះ មិនមានការពាក់ព័ន្ធ ទើបសមត្ថកិច្ចដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ។ ក្រោយមក នគរបាលបានទទួលព័ត៌មានមួយចំនួនពីមុខសញ្ញា ទើបឈានទៅឃាត់ខ្លួនឈ្មោះ ឡា ប៊ុនហេង ហៅចិន ដែលជាកូនកំលោះតែម្តង ហើយគួរឱ្យសោកស្តាយ បក្សពួករបស់គេចំនួន៤នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ជនរងគ្រោះដែលត្រូវគេវាយសម្លាប់នេះ ឈ្មោះ គាំ ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ជាជាងផ្សារដែក ត្រូវក្រុមជនដៃដល់ប្រើដំបងដែកវាយសំពង បណ្តាលឱ្យបែកក្បាលផុងលលាដ៍ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកអ្នកដែលរងរបួសធ្ងន់ ឈ្មោះ សុខ ភក្តី ហៅតឿ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិហង្សបក្សី ឃុំជាងទង ស្រុកបាទី ខេត្តតាកែវ ដូចគ្នា។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡា ប៊ុនហេង ហៅចិន បានសារភាពថា នៅយប់ដែលជាថ្ងៃរៀបការរបស់ខ្លួននោះ ស្រាប់តែមានគេទៅប្រាប់ថា មិត្តភក្តិរបស់ខ្លួនត្រូវបានគេព្រួតវាយ ពេលនោះខ្លួនក៏បានរត់ទៅមើលជាមួយមិត្តភក្តិម្នាក់ផ្សេងទៀត ដោយមានកាន់ដំបងក្នុងដៃមួយម្នាក់ទៅជាមួយផងដែរ លុះពេលទៅដល់កន្លែងកើតហេតុ ពួកគេបានសម្រុកចូលទៅក្នុងក្រុមហ៊ុនទិញលក់អេតចាយមួយ និងដេញវាយកម្មករទាំងនោះ ធ្វើឱ្យជនរងគ្រោះភ័យស្លន់រត់ចេញខាងក្រៅ ពួកខ្លួនក៏ព្រួតគ្នាវាយបណ្តាលឱ្យស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មកបក្សពួកខ្លួនក៏នាំគ្នារត់គេចបាត់អស់ ក្រោយមករូបគេត្រូវកម្លាំងនគរបាលឃាត់ខ្លួនតែម្តង ។
ក្រោយពេលសាកសួរ និងយោងតាមចម្លើយសារភាពរបស់ឈ្មោះ ឡា ប៊ុនហេង ហៅចិន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជននេះទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ និងបន្តស្រាវជ្រាវតាមរកចាប់បក្សពួក៤នាក់ ដែលកំពុងរត់គេចខ្លួន ៕
ចែករំលែកព័តមាននេះ