ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​សភាអឺរ៉ុប​ចង់ឃើញ​គណបក្ស​ជាប់ឆ្នោត​ទាំង2 ចូល​តុចរចា​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ឱកាស​ចូល​ជួប​​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​សភា​ចារ្យ​ សុខ​ អាន​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​​ កាល​ពី​ថ្ងៃ​ទី​២៦​ មីនា​​ ឆ្នាំ​២០១៤​ នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី​ គណៈ​ប្រតិ​ភូ​សភា​អឺរ៉ុប​ទទួល​បន្ទុក​ទំនាក់​ទំនង​ជា​មួយ​អាស៊ី​អាគ្នេយ៍​និង​អាស៊ាន​ បាន​ស្នើ​សុំ​ឱ្យ​គណ​បក្ស​នយោបាយ​ទាំង​ពីរ​​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ចូល​​តុ​ចរ​ចា​ដើម្បី​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ។

រាជធានីភ្នំពេញ​ ៖ ក្នុង​ឱកាស​ចូល​ជួប​​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​សភា​ចារ្យ​ សុខ​ អាន​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​​ កាល​ពី​ថ្ងៃ​ទី​២៦​ មីនា​​ ឆ្នាំ​២០១៤​ នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី​ គណៈ​ប្រតិ​ភូ​សភា​អឺរ៉ុប​ទទួល​បន្ទុក​ទំនាក់​ទំនង​ជា​មួយ​អាស៊ី​អាគ្នេយ៍​និង​អាស៊ាន​ បាន​ស្នើ​សុំ​ឱ្យ​គណ​បក្ស​នយោបាយ​ទាំង​ពីរ​​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ចូល​​តុ​ចរ​ចា​ដើម្បី​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ។

ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​នោះ​ លោក​បណ្ឌិត​សភា​ចារ្យ​ សុខ​​ អាន​ បាន​បញ្ជាក់​ថា​ ការ​ចរចា​និង​បង្រួប​បង្រួម​រវាង​ខ្មែរ​និង​ខ្មែរ​មាន​សារ​សំខាន់​ណាស់​ដើម្បី​ឆ្ពោះ​ទៅ​រក​ស្ថិរ​ភាព​និង​សន្តិភាព​ដែល​គ្រប់​ភាគី​នយោបាយ​នៅ​កម្ពុជា​ធ្លាប់​ធ្វើ​កន្លង​មក​ ហើយ​ការ​ចរ​ចា​ក៏​ជា​សុច្ឆន្ទៈ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែរ​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ឧបនា​យក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា​ រៀង​រាល់​ការ​បោះ​ឆ្នោត​ ឬ​ក្រោយ​ការ​បោះ​ឆ្នោត​ម្តង​ៗ​ កម្ពុជា​តែង​តែ​ជួប​បញ្ហា​រហូត​ ហើយ​អ្វី​ដែល​នាំ​ឱ្យ​មាន​បញ្ហា​នោះ​គឺ​គណ​​បក្ស​ប្រឆាំង​តែង​តែ​ចោទ​ប្រកាន់​ទៅ​លើ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប​) និង​រាជ​រដ្ឋា​ភិបាល​ដោយ​ចោទ​ថា​ ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ​ មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ជា​ដើម​​ ។​

ប៉ុន្តែ​បើ​យើង​សង្កេត​ទៅ​លើ​ទិដ្ឋភាព​ទូទៅ​ក្នុង​ការ​បោះ​ឆ្នោត​ សំខាន់​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ​សុទ្ធ​តែ​មាន​អ្នក​សង្កេត​ការណ៍​ជាតិ​​-​អន្តរជាតិ​ ពិសេស​អ្នក​សង្កេត​ការណ៍​របស់​គណ​បក្ស​នយោ​បាយ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ ដោយ​ពួក​គេ​តាម​ដាន​យ៉ាង​ដិត​ដល់​ចាប់​តាំង​ពី​ពេល​ដំណើរ​ការ​បោះ​ឆ្នោត​រហូត​រាប់​សន្លឹក​ឆ្នោត​​។ ចំណែក​ក្នុង​អំឡុង​ពេល​​ឃោសនា​បោះ​ឆ្នោត​វិញ​ គឺ​គណបក្ស​នីមួយៗ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដូច​មាន​ចែង​ក្នុង​ច្បាប់​ ហើយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទៀត​សោត​ក៏​មាន​សមាមាត្រ​ប្រហាក់​ប្រហែល​គ្នា​ ខណៈ​ដែល​គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​-​អន្តរជាតិ​មាន​សិទ្ធិ​សេរី​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​​ ។

ទាក់​ទង​នឹង​ការ​ធ្វើ​បាតុ​កម្ម​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​ សុខ​ អាន​ បាន​បញ្ជាក់​ថា​ ចាប់​តាំង​ពី​មាន​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ គឺ​រាជ​រដ្ឋា​ភិបាល​បាន​អត់​ធ្មត់​ជា​អតិ​បរមា​ ទោះ​ជា​បាតុកម្ម​នោះ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ធ្វើ​លើស​ពី​ការ​ស្នើ​សុំ​ក៏​ដោយ​ចុះ​​ ។​ ប៉ុន្តែ​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ការ​បង្ក្រាប​នា​ពេល​កន្លង​មក​នោះ​ ក៏​ព្រោះ​តែ​ពួក​គេ​បាន​ប្រែ​ក្លាយ​ពី​ការ​ធ្វើ​បាតុកម្ម​ទាម​ទារ​រក​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត​ទៅ​ជា​កុបកម្ម​ប្រព្រឹត្ដ​អំពើ​ហិង្សា​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ឯក​ជន​ និង​គំរាម​កំហែង​កម្មករ​-​កម្មការិនី​រហូត​ឈាន​ដល់​ការ​ប្រកាស​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ថែម​ទៀត​​ ។​ ទន្ទឹម​នោះ​ ក្រុម​វិនិយោគិន​ដែល​មក​រក​ស៊ី​នៅ​កម្ពុជា​ ក៏​មាន​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​និង​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ក្រុម​បាតុករ​ដែរ​ ដូច្នេះ​ហើយ​ទើប​ពួក​គេ​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋា​ភិបាល​មាន​វិធាន​ការ​ការ​ពារ​ជា​បន្ទាន់​ បើ​មិន​ដូច្នេះ​ទេ​ ក្រុម​អ្នក​វិនិយោគ​នឹង​ចេញ​ទៅ​រក​ស៊ី​នៅ​ប្រទេស​ផ្សេង​ទៀត​​ ។

យោង​តាម​មន្ត្រី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​ថា​ គណៈ​ប្រតិភូ​សភា​អឺរ៉ុប​ដឹក​នាំ​ដោយ​លោក ​LANGEN Werner​ ដែល​ភាគ​ច្រើន​នៃ​ប្រតិភូ​សុទ្ធ​តែ​ធ្លាប់​មក​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​កម្ពុជា​នា​ពេល​កន្លង​ទៅ​នេះ​ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ ​នៅ​កម្ពុជា​ សំខាន់​ផ្នែក​នយោបាយ​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​ បើ​ប្រៀប​ធៀប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ ។​ ផ្តើម​ពី​នោះ​ ក្រុម​ប្រតិ​ភូសភា​អឺរ៉ុប​បាន​ស្នើ​សុំ​ឱ្យ​ភាគី​គណបក្ស​នយោ​បាយ​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ត​ចូល​តុ​ចរចា​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​ ដើម្បី​រក្សា​ស្ថិរ​ភាព​និង​សន្តិភាព​ រួម​ទាំង​ការ​អភិវឌ្ឍ​ ៕