តើ​កម្ពុជា​អាច​សម្រេច​ម​ហិតា​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ឬទេ?


រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​កំណត់​គោលដៅ​អភិវឌ្ឍន៍​អោយ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។ ក៏​ប៉ុន្តែ​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​កម្ពុជា​នឹង​ពិបាក​ក្នុង​ការ​សម្រេច​អោយ​បាន​ទៅ​តាម​គោលដៅ និង​ខ្លះ​ទៀត​ថា​កម្ពុជា​នឹង​អាច​សម្រេច​បាន​ទៅ​គោលដៅ ក្នុង​នោះ​ដែរ ធនាគារពិភពលោក​ក៏​បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​អោយ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​អោយ​ទាល់តែ​បាន ។

ក្នុង​ជំនួប​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោកស្រី វិច តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​សម្រេច​នូវ​កំណើនសេដ្ឋកិច្ច​រង្វង់​៧​ភាគរយ ក្នុង​មួយ​ឆ្នាំ រយៈពេល​ជាង​ទសវត្សរ៍​កន្លង​ទៅ​ហើយ ដែល​កំណើន​នេះ បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​បាន​ច្រើន ។ ​លោកស្រី​បាន​បន្ត​ថា ជោគជ័យ​នេះ​បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​តែ​បោះ​ជំហាន​លើ​ផ្លូវ​មួយ​ត្រឹមត្រូវ ។ កន្លង​មកនេះ ធនាគារពិភពលោក បាន​ធ្វើការ​យ៉ាងច្រើន​ជាមួយនឹង​សហគមន៍​ផ្សេង​ៗ ដែល​សហគមន៍​ទាំងនោះ ប្រជាពលរដ្ឋ​ដែល​ទទួល​បាន ដី​សម្បទាន​សង្គមកិច្ច ពី​រាជរដ្ឋាភិបាល​ហើយ គឺ​បាន​ទទួល​នៅ​ធ្វើការ​ដាំ​ដុះ​បាន​លទ្ធផល​ជាទី​គាប់ចិត្ត ជាទី​មោ​ទ​នៈ​។ លោកស្រី​ថា ៖« ដី​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ ធ្វើការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ដែល​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើ​ឡើង ដែល​កូនចៅ​ពួក​គេ​ទទួល​បាន​នូវ​ការ​អប់រំ និង​សេវា​សុខភាព​ប្រកបដោយ​គុណភាព​ផង​ដែរ » ។

លោកស្រី​បាន​បន្ថែម​ថា ដើម្បី​អោយ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ ២០៣០ ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នោះ កម្ពុជា​ត្រូវការ​អភិវឌ្ឍន៍​ធនធានមនុស្ស ក៏​ដូច​ជា​វិស័យ​កសិកម្ម ជំរុញ​ការ​បង្កើន​ទិន្នផល និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​នានា​លើ​ពិភពលោក ។ លោកស្រី​បាន​និយាយ​ថា « បន្ទាប់​ពី​ការ​វិល​ត្រ ឡប់​របស់​ធនាគារពិភពលោក​មក​កម្ពុជា​ពេល​នេះ​បង្ហាញ​ជា​ដៃគូ​ដ៏​ល្អ​ប្រកបដោយ​ជំនឿ​ជឿជាក់ និង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង​» ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​ធនាគារ​ពិ​ព​លោក ចូលរួម​យ៉ាង​សកម្ម​ថែម​ទៀត ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​ដី​សង្គមកិច្ច ពី​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​ទទួល​បាន​នៅ​ការ​ដាំ​ដុះ​នឹង​ទទួលផល​បាន​ល្អ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​អោយ​បាន​ល្អ​ប្រសើរ ។ សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​ធនាគារពិភពលោក បន្ត​ពិនិត្យ​សហការ ជួយ​ដល់​កម្ពុជា​លើ​ធនធាន​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក ពិនិត្យ មើល​លទ្ធភាព ចូលរួម​នៅ​ក្នុង​ដាក់​កម្មវិធី​កសាង​ផ្លូវ កែប្រែ​ផ្លូវ​ជនបទ​ពី​ដីក្រហម ទៅ​ជា​ផ្លូវ​កៅស៊ូ​ពីរ​ជាន់​វិញ ដោយសារ​មូលហេតុ​ថា ធនាគារពិភពលោក កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ជនបទ នោះ​ស្រាប់ ។

បើ​តាម​សេដ្ឋវិទូ​កម្ពុ​ជាមួយ​ចំនួន ក៏​បាន​ផ្ដល់​ជា​ទស្សនទាន ដល់​កម្ពុជា ដើម្បី​សម្រេច​គោលដៅ របស់​ខ្លួន ដោយ​កម្ពុជា ត្រូវធ្វើ​ពិពិធ​កម្ម​មួយ​ចំនួន ទាំង​ពិពិធ​កម្ម​ការងារ និង​សេដ្ឋកិច្ច ក្នុង​នោះ​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ខណៈ​ការ​ផលិត​ក្នុងស្រុក​ក៏​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​រក​ផលិតផល​ណា​ដែល​អាច​លក់​បាន​តម្លៃ​ខ្ពស់ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ស្រប​ពេល​តម្លៃ​ពលកម្ម​ក្នុងស្រុក​ក៏​ចាប់ផ្ដើម​កើនឡើង​បន្តិច​ម្ដង​ៗ​ផង​ដែរ ។

យុវជន ស៊ា​ន សាន​ឡី ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​មួយ​ជំនាញ​ខាង​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា បើសិន​កម្ពុជា​នៅ​តែ​បន្ត​មាន​សុខ​សន្តិភាព​នោះ​នឹង​អាច​សម្រេច​បាន​នូវ​ម​ហិ​ច្ច​តា​នេះ​យ៉ាង​ស្រួល ។ ​«​ជា​ទស្សនៈ​របស់ខ្ញុំ​ដែល​ជា​និស្សិត ខ្ញុំ​មើលឃើញ​ថា​កម្ពុជា​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ទង់​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ និង​ក្នុងឆ្នាំនេះ​ទៀត​សោត​ក៏​បន្ត​មាន​កំណើន​ល្អ ដូច្នេះ​បើសិនជា​ប្រទេស​នៅ​តែ​មាន​សុខ​សន្តិភាព នោះ​ការ​អភិវឌ្ឍន៍​នឹង​បន្ត​បាន​ស្រួល​ហើយ​វិនិយោគិន​បរទេស​ក៏​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា ដូច្នេះ​ខ្ញុំ​ជឿ​ថា​យើង​អាច​សម្រេច​បាន​នូវ​គោលដៅ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៣០ បាន​» ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ