ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិស័យ​ឯកជន​វិនិយោគ​លើ​សំណង់​និង​អចលនទ្រព្យ​គួរ​ធ្វើ​ម៉េច បើ​អតិថិជន​បាត់​ជំនឿ​ចិត្ត​លើ​គុណភាព​សំណង់?

4 ឆ្នាំ មុន
  • ភ្នំពេញ

(​រាជធានី​ភ្នំពេញ​)៖ «​ការ​ពិត​ទៅ​បញ្ហា​គុណភាព​សំណង់​គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​ណាស់នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​យើង​ជា​ពលរដ្ឋ​ធម្មតា​គឺ​បាន​សំណង់ផ្ទះ​ល្វែង ឬ​ក៏​សំណង់​ខុន​ដូរ​មានគុណ​ភាព ។ តែ​យើង​ហាក់​បាត់​ទំនុកចិត្ត​ក្រោយ​ពី​ការ​បាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ន គឺ​ការ​កង្វល់​របស់​យើង​កាន់តែ​ច្រើន​ឡើង​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាង លន់…

(​រាជធានី​ភ្នំពេញ​)៖ «​ការ​ពិត​ទៅ​បញ្ហា​គុណភាព​សំណង់​គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​ណាស់នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​យើង​ជា​ពលរដ្ឋ​ធម្មតា​គឺ​បាន​សំណង់ផ្ទះ​ល្វែង ឬ​ក៏​សំណង់​ខុន​ដូរ​មានគុណ​ភាព ។ តែ​យើង​ហាក់​បាត់​ទំនុកចិត្ត​ក្រោយ​ពី​ការ​បាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ន គឺ​ការ​កង្វល់​របស់​យើង​កាន់តែ​ច្រើន​ឡើង​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាង លន់ លី​ដា ដែល​ជា​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ។

​យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​កង្វល់​របស់​អតិថិជន​ឬ​ក៏​ការ​បាត់បង់​នូវ​ជំនឿ​ចិត្ត​របស់​អ្នក​ជាវ​សំណង់​នានា ក៏​ត្រូវ​បាន​ខាង​វិស័យ​ឯកជន​ទទួលស្គាល់​និង​បាន​សំណូមពរ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ជួយ​ចាត់វិធានការ​បង្កើត​នូវ​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ។ ​លោក ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា (HDAC) និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​សហ​ប្រធាន​ផ្នែក​វិស័យ​ឯកជន​នៃ​ក្រុមការងារ ទី ១៣ ផ្នែក សំណង់ និង អចលនទ្រព្យ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី ១២ ខែកញ្ញា​កន្លង​មក​ស្តី​ពី​បញ្ហា​ប្រឈម និង សំណូមពរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់ បាន​ថ្លែង​ឲ្យ​នូវ​បញ្ហា​ប្រឈម​ធំ​ចំនួន ៥ ចំណុច​ដែល​វិស័យ​ឯកជន​ផ្នែក​សំណង់​ជួប​ប្រទះ​កន្លង​មក ក្នុង​នោះ​ចំណុច​ប្រឈម​ធំ​មួយ​នោះ គឺ «​ការ​បាត់​ជំនឿ​ទុកចិត្ត​របស់​អតិថិជន លើ​គុណភាព​សំណង់ បន្ទាប់​ពី​បាក់​អគារ នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ដូច្នេះ វិស័យ​ឯកជន​ស្នើ​ក្រសួង បញ្ជាក់​ថា​សំណង់ ដែល​សាងសង់ រួច​មានគុណ​ភាព ហើយ​ចំពោះ​សំណង់​ផ្សេង​ៗ​ទៀត​ដែល​មិន​ទាន់​សាងសង់ គឺ​មុន​សាងសង់​ត្រូវ​ស្នើ​សុំ​ច្បាប់​ត្រឹមត្រូវ ហើយ​ក្រសួង​ចាត់​មន្ត្រី​ជំនាញ ពិនិត្យ វាយតម្លៃ ឲ្យ​មាន គុណភាព​» ។

​អ្នក​នាង លន់ លី​ដា វ័យ​ប្រមាណ​ជាង ៤០ ឆ្នាំ​បាន​បន្ត​ថា​អតិ​ថ​ជ​ជ​ភាគច្រើន​នៅ​តែ​មិន​មាន​ទំនុកចិត្ត​លើ​គុណភាព​សំណង់​ពិតមែន ។ ​អ្នក​នាង លន់ លី​ដា បាន​បន្ត​ថា «​ផ្ទះ​របស់ខ្ញុំ​ដែល​ទើបតែ​ទិញ​គឺ​មិន​ទាន់​មាន​បញ្ហា​អ្វី​នោះ​ទេ ក៏​ប៉ុន្តែ​សំណង់ផ្ទះ​ដែល​កំពុង​សាងសង់ បងប្អូន​ខ្ញុំ​ផ្សេង​ៗ​ទៀត​ហាក់​ស្ទាក់ស្ទើ​ក្នុង​ការ​ជាវ ដោយសារ​តែ​ខ្លាច​ថា​ការ​សាងសង់​មិន​មានគុណ​ភាព ក្រោយ​ពី​យើង​បានឃើញ​ហើយ​ថា​សំណង់​អាគារ​ជា​ច្រើន​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​បាក់​និង​ខ្លះ​ទៀត​ថា​សង់​គ្មាន​ច្បាប់​អនុញ្ញាតិ​» ។

​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ កំណើន​វិស័យ​សំណង់​និង​អចលនទ្រព្យ​បាន​រួមចំណែក​ដល់​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាង​ខ្លាំងក្លា​។ ក្នុង​នោះ​ផង​ដែរ កំណើន​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​កំពុង​ទទួល​បានការ​វិនិយោគ​យ៉ាង​ជោគ​ជាំ​ដោយ​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​ចិន ក៏​ដូច​ជា​ការ​កើនឡើង​នូវ​សំណង់​បូ​រី និង​លំនៅ​ឋាន ធ្វើ​ឲ្យ​គេ​មើលឃើញ​ថា​វិស័យ​នេះ​នៅ​ចន្លោះ​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ នៅ​តែ​រក្សា​ភាពរឹងមាំ​ដដែល​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា វិស័យ​សំណង់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ក្នុង​ល្បឿន ១៧,៣ ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ រីឯ​វិស័យ​អចលនទ្រព្យ ក៏​នឹង​កើនឡើង ៨,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩ ផង​ដែរ ខណៈ​ដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង ៧,១ ភាគរយ​។

វិស័យ​សំណង់​នៅ​កម្ពុជា មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប្រមាណ​ជា ១០ ឆ្នាំ ចុង​ក្រោយ​នេះ ដែល​ក្នុង​នោះ គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ វិស័យ​សំណង់ ទទួល​បាន​ទុន​វិនិយោគ រហូត​ដល់​ទៅ ៤៦,២៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើ​ទៅ​នឹង ៤៦១៣០ គម្រោង​សំណង់​។ ចំណែក​រយៈពេល ៦​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អនុម័ត​គម្រោង​សាងសង់​ចំនួន ២០៤៧ គម្រោង ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៣,៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើនឡើង ២៤,៥ ភាគរយ គិត​ជា​ចំនួន​គម្រោង និង​កើនឡើង ៥៧,៥៧ ភាគរយ គិត​ជា​ទុន​វិនិយោគ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៨​។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ​គិត​ជា​មធ្យម​ប្រមាណ​ពី​៦៩.៤០០​នាក់​ទៅ​៦៩.៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​។​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី​៣១.០៨០​នាក់​ទៅ​៣១.១០០​នាក់​ក្នុង​មួយ​ថ្ងៃ​។ បើ​ប្រៀបធៀប​ឆមាស​ទី​១​ឆ្នាំ​២០១៨​ចំនួន​កម្មករ​គិត​ជា​មធ្យម​ប្រមាណ​១៤១.៥០០​នាក់​ទៅ​១៤២.០០០​នាក់​ក្នុង​មួយ​ថ្ងៃ សម្រាប់​ទូ​ទាំង​ប្រទេស​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី​៦៣.៥០០​នាក់​ទៅ​៦៤.០០០​នាក់​ក្នុង​មួយ​ថ្ងៃ គឺ​មានការ​កើនឡើង​ចំនួន​៩,២៩%​។

តាម​រយៈ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​ពី ៣០.០០០​រៀល​ដល់​៤០.០០០​រៀល​,​កម្មករ​មាន​ជំនាញ​និង​មេជាង​ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​៤០.០០០​រៀល​ដល់​៦០.០០០​រៀល ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេង​ទៀត​ក្នុង​មួយ​ខែ​អាច​ទទួល​បាន​ប្រាក់បៀវត្ស​ពី​៤០០​ដុល្លារ​អា​មេ​រិ​ក ទៅ​២.៥០០​ដុល្លារ​អា​មេ​រិ​ក​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ