ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅមិន​ទាន់​មាន​តម្រុយ​ពី​ជន​រង​គ្រោះ​២​នាក់ ដែល​សង្ស័យ​ដី​ភ្នំ​រលំ​សង្កត់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​គេ​នូវ​មិន​ទាន់​ទ​ទូល​បាន​ដំណឹង​យ៉ាងណា​អំពី​អ្នក​ភូមិ​២​នាក់ ដែល​គេ​សង្ស័យ​ថា អាច​ត្រូវ​ដី​ភ្នំ​បាក់​សង្កត់​លើ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ម្សិល​មិញនៅ​ក្នុងស្រុក​សំឡូត​នៅឡើយ​ទេ បើ​គិត​ត្រឹម​​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា នេះ ខណៈ​ក្រុម​គ្រួសារ​និង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​…

ខេត្តបាត់ដំបង​ ៖ ​គេ​នូវ​មិន​ទាន់​ទ​ទូល​បាន​ដំណឹង​យ៉ាងណា​អំពី​អ្នក​ភូមិ​២​នាក់ ដែល​គេ​សង្ស័យ​ថា អាច​ត្រូវ​ដី​ភ្នំ​បាក់​សង្កត់​លើ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ម្សិល​មិញនៅ​ក្នុងស្រុក​សំឡូត​នៅឡើយ​ទេ បើ​គិត​ត្រឹម​​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា នេះ ខណៈ​ក្រុម​គ្រួសារ​និង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​កាន់​តំបន់​នោះ ដើម្បី​រុករក​ពួក​គេ​នៅ​ក្នុង​ព្រៃ នៃ​តំបន់​ភ្នំ​ដ៏​ក្រាស​ខ្មឹក​​នោះ ខណៈ​អាកាសធាតុ​ក៏កំពុង​អ័​ព្វ​អួរ​
បំផុត​។ នេះ​បើ​យោង​តាម​សមត្ថកិច្ច​ដែល​ចូលរួម​កិច្ច​ប្រតិបត្តិការ​នេះ​ ។ សូមរំលឹកថា៖ គាត់រួចផុតពីគ្រោះ​ថ្នាក់បាក់ដីភ្នំ…តែជីវិតមនុស្ស២​ទៀត​មិនដឹងយ៉ាង​ណា​?

ប្រធាន​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៣១០ ប្រចាំ​ស្រុក​សំឡូត ដែល​បាន​ដឹកនាំ​កម្លាំង​ស្វែងរក​ជន​រង​គ្រោះ លោក​អ៊ុ​ក សា​រិ​ន បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​១៧ កញ្ញា ថា ពេល​នេះ​លោក​បាន​នាំ​កម្លាំង​មួយ​ចំនួន​ចុះ​ទៅ​កាន់​តំបន់​ភ្នំ​នោះ តែ​ដោយសារ​ភូមិសាស្ត្រ​ស្មុគស្មាញ ព្រៃ​ភ្នំ​ក្រាស គ្មាន​ផ្លូវ​ធ្វើ​ដំណើរ ហើយ​មេឃ​កំពុង​ធ្លាក់​ខ្លាំង​ភ្លៀង​ផង​។ ដូច្នេះ​ កម្លាំង​របស់​លោក​ត្រូវ​សម្រាក​បណ្ដោះអាសន្ន​នៅ​ត្រឹមផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​អូរ​ត្រែង ឃុំ​តា​តោក​ ។ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ជា​ច្រើន​នាក់បាន​ចេញដំណើរ​តាំងពី​ព្រលឹម ដើម្បី​ទៅ​ស្វែងរក​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ តែ​មិន​ទាន់​មាន​ដំណឹង​ពី​ពួក​គាត់​នៅឡើយ​ទេ​។

លោក​អ៊ុ​ក សា​រិ​ន បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ គេ​នូវ​មិន​ទាន់​ដឹង​ថា តើ​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ ត្រូវ​ជួប​គ្រោះថ្នាក់​ដោយសារ​ដី​ភ្នំ​បាក់​សង្កត់​មែនឬ​យ៉ាងណា​នោះ​ទេ​។ ព្រោះ​គ្មាន​ដំណឹង​បន្តិច​សោះ​ពី​ជន​រង​គ្រោះ ឬ ក្រុម​គ្រួសារ​ដែល​ស្វែងរក​។ តំបន់​ភ្នំ​ដែល​ពួក​គេ​ជួប​គ្រោះថ្នាក់​នោះ មាន​ចម្ងាយ​ប្រហែល​៧​ទៅ​៨​គីឡូម៉ែត្រ ពី​ភូមិ​អូរ​ត្រែង​។ អ្នករុករក​ត្រូវធ្វើ​ដំណើរ​ក្នុង​ព្រៃ​ដ៏​ក្រាស់​ខ្មឹក ឆ្លងកាត់​ភ្នំ និង​ជ្រលង​ភ្នំ​យ៉ាង​លំបាក​​បំផុត ​។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ពេល​នេះ​កម្លាំង​របស់ខ្ញុំ កំពុង​រក​មធ្យោបាយ ដើម្បី​បន្តដំណើរ​ទៅ​កាន់​ទីនោះ តែ​ពេល​នេះ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​យ៉ាងណា ខ្ញុំ​កំពុង​រង់​ចាំ​ទ​ទូល​ដំណឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សិន ព្រោះ​ពួក​គេ​បាន​ចុះ​ទៅ​មុន​»​ ។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា មាន​សេចក្ដី​រាយ​ការ​ណ៏​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ ត្រូវ​ដី​ភ្នំ​បាក់​សង្កត់​លើ ពេល​ពួក​គេ​កំពុង​សម្ងំ​ជ្រក​ភ្លៀង​នៅ​ក្បែរ​ជើងភ្នំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​។ ប៉ុន្តែ​នៅ​ក្នុង​ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នោះ មាន​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ គឺ​ឈ្មោះ ព្រិ​ន កុសល អាយុ​២៥​ឆ្នាំ បាន​រត់​រួច​ផុត​ពី​ការ​បាក់​រលំ​ព្រៃ ដី​និង​ថ្មភ្នំ​នោះ​។ បុរស​នេះ​ត្រូវ​របួស​ពេញ​ខ្លួន និង​ទំនង​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង​ផង ដោយសារ​ឈើរ​និង​ដី​បាក់​សង្កត់ តែ​មនុស្ស​២​នាក់​ទៀត អាច​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​។

ឈ្មោះ​ព្រិ​ន កុសល បាន​រត់​ត្រឡប់​មក​ដល់​ផ្ទះ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មណ្ឌល​សុខភាព​តា​តោ​ត តែ​ដោយសារ​ទឹក​ជន់​ខ្លាំង​មិន​អាច​ឆ្លង​បាន ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មណ្ឌល​សុខភាព​តា​សាញ វិញ​។ បុរស​នេះ​មិន​បាន​និយាយ​អំពី​រឿងរ៉ាវ​ដែល​ខ្លួន​ទៅ​កាន់​តំបន់​ភ្នំ​នោះ នាំ​ឲ្យ​ជួប​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ​ទេ​។ ប៉ុន្តែ​បាន​ប្រាប់​គ្រួ​ពេទ្យ​ថា ពេល​នោះ​ពួក​ខ្លួន​កំពុង​សម្ងំ​ជ្រក​ភ្លៀង​នៅ​ក្បែរ​ចង្កេះភ្នំ ស្រាប់តែ​សុខ​ៗ​ដើមឈើ និង​ដី​លាយឡំ​ផ្ទាំង​ថ្ម​ផង បាន​បាក់​រលំ​មក​លើ​ពួក​ខ្លួន តែ​សំណាងល្អ​គ្រា​ហ៏​នោះ​ខ្លួន​បាន​ស្ទុះ​រត់​រួច​យ៉ាង​ប្រផុតប្រផើយ ខណៈ​២​នាក់​ទៀត មិនដឹង​ជាប់​ក្រោម​ដី​ភ្នំ​នោះ​ឬ​យ៉ាងណា ?

កាលពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ស្ទើរ​ពេញ​មួយ​រាត្រី នៅ​ក្នុងស្រុក​សំឡូត ដែល​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​រាប់​សិប​ខ្នង កាត់​ផ្ដាច់​ស្ពា​ល​យោល​មួយ​ខ្សែ ដែល​ឆ្លងកាត់​ស្ទឹង​ក្រ​ញូ​ង រីឯ​ស្ពានឈើ និង​កំណាត់​ផ្លូវ​ជា​ច្រើន​កន្លែង​នៅ​តាម​មូលដ្ឋាន​រង​ការ​ខូចខាត​។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​កសិកម្ម​អស់​ជា​ច្រើន​ផង​ដែរ​។ ជំនន់​ទឹកភ្លៀង​យ៉ាង​កំ​ហុ​ក​នេះ ហាក់​បាន​ធូរស្រាល​វិញ ក្រោយ​ពី​រាំងភ្លៀង​។ ប៉ុន្តែ​បាន​ស្ទុះ​ឡើង​យ៉ាង​កំ​ហុ​ក​នៅ​ប៉ែក​ខាងក្រោម នៃ​ដងស្ទឹង​សង្កែ​។

បើ​តាម​មន្ត្រី​ជំនាញ បាន​ប្រាប់​ថា ពេល​នេះ​ទឹកស្ទឹង​សង្កែ នៅ​ក្នុង​ក្រុង​បាត់ដំបង ឡើង​ដល់​កំពស់​ជាង​១៣​ម៉ែត្រ ដែល​អាច​ជា​សញ្ញា​ប្រកាស​អាសន្ន​ហើយ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផ្ទះសម្បែង និង កូនចៅ​របស់​ខ្លួន​។ ព្រោះ​ជំនន់​ទឹកភ្លៀង​ពេល​នេះ កំពុង​សម្រុក​ខ្លាំង​មក​ពី​ប៉ែក​ខាងលើនៃ​ស្រុក​សំឡូត​៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ