​ទីបំផុត​ សម្រេច​ឃុំខ្លួន​​​ជនសង្ស័យ​ជា​បណ្តោះ​អាសន្ន …


​រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា ​លោកឡុ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ​​​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​កញ្ញា នេះ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជំពាក់​លុយ​​គេ​៧០០​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​បង្ក​ហិ​ង្សា​វាយ​ម្ចាស់​ប្រាក់​ទៀត ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជនសង្ស័យខាងលើ ​ឈ្មោះ សុខ ម៉េ​ង អាយុ​៤៥​ឆ្នាំ ជា​ជាង​រថយន្ត មាន​ទីលំនៅ​ផ្ទះ​លេខ​១៣ ផ្លូវ​២១២ សង្កាត​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។ បានជា​ចៅក្រម​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​រូបនេះ គឺ​យោង​ទៅ​លើ​ការ​ចោទប្រកាន់​ជា​ផ្លូវការពី​សំណាក់​ស្ថាប័ន​អយ្យការ​សាលាដំបូង ពាក់​ពន្ធ​ពី​បទហិ​ង្សា​
ដោយ​ចេតនា​​តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ។

បទល្មើស​ហិង្សា​ដោយ​ចេតនា ច្បាប់​ត​ម្រូ​​វ​ឱ្យផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ពី​២លាន ទៅ​៦លាន​រៀល នេះ​មិន​ទាន់​គិតដល់​សំណង​រដ្ឋប្បវេណី​ផង ។ សំណុំរឿង​នេះ ​មាន​ដើមបណ្តឹង​ឈ្មោះ ខូង រ៉ា​វី ភេទ​ប្រុស អាយុ​៤៥ឆ្នាំ មុខរបរ​ជាងក្រឡឹង ស្នាក់​ផ្ទះ​លេខ​៥០ ផ្លូវ​១៩៤ សង្កាត់​ផ្សារ​ដេប៉ូ​១ ខ័​ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

គួរបញ្ជាក់ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ កញ្ញា ពាក់​ព័ន្ធ​បទល្មើស​ហិ​ង្សា​ដោយ​ចេតនា ។ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​សង្ស័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី លុះ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ទើប​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ៕ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ