ឆ្កែពូជ«បុកស៊័រ» មួយក្បាលបានបង្កើតរឿងគួរឱ្យចាប់អារម្មណ៍មួយដោយវាចេះចុចស៊ីផ្លេរថយន្ដហៅម្ចាស់ដែលចូលទិញទំនិញក្នុងហាងទំនើបយូរពេក ។ រឿងនេះបានផ្សាយតាមប្រព័ន្ធអីុនធើរណេត ។ សារព័ត៌មានបរទេសផ្សាយថា នៅពេលប្ដី-ប្រពន្ធ២នាក់ចូលទិញទំនិញក្នុងហាងទំនើបមួយក្នុងក្រុងឌុងឌី ប្រទេសស្កុតលែន ឆ្កែឈ្មោះ «ហ្វើន» អាយុ ១៨ខែ នៅចាំក្នុងរថយន្ដ ។
លុះចាំម្ចាស់យូរពេក គឺរយៈពេលជាង២០នាទីមិនឃើញត្រឡប់មកវិញ ហ្វើនក៏លោតចូលទៅអង្គុយលើកៅអីរបស់អ្នកបើកបរ ហើយចុចស៊ីផ្លេរថយន្ដអស់រយៈពេលជាង១៥នាទី ដើម្បីជាសញ្ញាហៅម្ចាស់ចេញពីហាង ។ ឃើញបែបនោះ អ្នកដំណើរនៅក្បែរចោមរោមមើល និងថតរូបឆ្កែឆ្លាតយកទៅផ្សាយតាមប្រព័ន្ធអីុនធើរណេត ។លោកហាតដូ ជាម្ចាស់និយាយថា នៅពេលលោកទៅដល់រថយន្ដឃើញមនុស្សកំពុងចង្អុលឆ្កែរបស់លោក ទាំងនាំគ្នាសើច និងថតរូបទុកជាអនុស្សាវរីយ៍ ។ ហ្វើនចុចស៊ីផ្លេហៅលោកដល់ទៅរយៈពេល១៥នាទីឯណោះ ៕
ចែករំលែកព័តមាននេះ