រាជធានីភ្នំពេញ ៖ មនុស្ស២ក្រុមបានវាយតប់គ្នា បណ្តាលឱ្យមានអ្នករងរបួស២នាក់នៅកន្លែងរាំវង់ និងលេងល្បែងប្រជាប្រិយអបអរចូលឆ្នាំថ្មី ហើយនៅពេលដែលនគរបាលមូលដ្ឋានចុះទៅធ្វើអន្តរាគមន៍ ក៏ត្រូវបានសាច់ញាតិក្រុមជនដៃដល់ព្រួតគ្នាវាយទៅលើកងកម្លាំងនគរបាលទៀត មានខ្លះយកស្បែកជើងវាយក្បាលនគរបាលថែមទៀតផង ក្នុងបំណងមិនឱ្យនគរបាលចាប់ខ្លួនជនដៃដល់ ។
ប៉ុន្តែទោះជាយា៉ងណានគរបាលនៅតែតស៊ូរហូតឃាត់ខ្លួនបាន៤នាក់នាំទៅកាន់ប៉ុស្តិ៍ចោមចៅដើម្បីធ្វើការសាកសួរ និងដោះស្រាយ ក្នុងការប្រទូស្តរា៉យនោះមិនមាននគរបាលណាម្នាក់ត្រូវរបួសធ្ងន់នោះ ឡើយ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ភាគីខាងជនរងគ្រោះ ១-ឈ្មោះ អ៊ុម សុខវ៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិដងកូម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រងរបួសបែកក្បាលដេរជាច្រើនថ្នេរ ។ ២-ឈ្មោះ ខ្លូត មាស ហៅកែវ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រងរបួសត្រង់ចង្ការ ។
ជនរងគ្រោះម្នាក់នេះមិនបានស្ថិតនៅក្នុងក្រុមទំនាស់ខាងលើនោះទេ គឺក្រោយពេលកើតហេតុបន្តិចគេបានទៅទិញទឹកក្បែរនោះផឹក ក៏ត្រូវបានក្រុមជនដៃដល់ព្រួតគ្នាវាយបណ្តាលឱ្យរងរបួសតែម្តង ។ និង៣-ឈ្មោះ ជុច កុសល ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រត្រូវជាប្អូនជនរងគ្រោះទី១ មានស្រុកកំណើតនិងស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយគ្នានោះដែរ ឈ្មោះនេះមិនមានរងរបួសទេ ។ តាមប្រភពថា ទំនាស់ដំបូងបានកើតចេញពីយុវជនម្នាក់ជាមួយនិងក្រុមជនដៃដល់ បន្ទាប់មកបងប្អូនរបស់គេចូលទៅជួយ ទើបឈានដល់ការវាយកាប់ចាក់គ្នាបែបនេះតែម្តង ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ តាមការចង្អុលបង្ហាញពីជនរងគ្រោះ ហើយមិនត្រូវបានគេប្រាប់ឱ្យដឹងឈ្មោះនោះទេ ។
នៅមុនពេលកើតហេតុឈ្មោះ ជុច កុសល និងមិត្តភក្តិមួយចំនួនទៀតមានប្រុសមានស្រីបាននាំគ្នារាំកម្សាន្ត និងលេងល្បែងប្រជាប្រិយអបអរចូលឆ្នាំថ្មីដែលជិតចូលមកដល់នៅមុខផ្ទះជួល ស្ថិតក្នុងភូមិកើតហេតុខាងលើ ។ ខណៈនោះសង្ស័យមានការលែបខាយដល់ស្រីៗប៉ះចំស្រីស្នេហ៍របស់ក្រុមជនដៃដល់ណាម្នាក់ ទើបក្លាយជាជម្លោះពាក្យសម្តីកើតឡើង រហូតដល់វាយតប់គ្នាបណ្តាលឱ្យឈ្មោះ ជុច កុសល នោះដួល ។ ពេលឃើញប្អូនប្រុសដួលបែបនេះជនរងគ្រោះឈ្មោះ អ៊ុម សុខវ៉េង ចូលទៅជួយ និងទ្រោបពីលើប្អូនប្រុស ហើយក៏ត្រូវក្រុមម្ខាងទៀតនោះវាយនិងកាប់ឥតប្រណីដៃ បណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរដេរជាច្រើនថ្នេរ ។
តាមប្រភពបន្តថា ក្រោយមកក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនចូលផ្ទះអស់ ស្របពេលនោះដែរមានបុរសម្នាក់ទៀតឈ្មោះ ខ្លូត មាស ហៅកែវ អត់បានដឹងរឿងអីសោះមិនដឹងថាទើបមកពីណាទេ បានជិះម៉ូតូ១គ្រឿងទៅរកទិញទឹកបរិសុទ្ធក្បែរនោះផឹក ។ គ្រាន់តែឈប់ម៉ូតូភ្លាមក៏ត្រូវបានក្រុមជនដៃដល់រត់ចូលទៅធ្វើសកម្មភាពព្រួតវាយនិងកាប់ បណ្តាលឱ្យរងរបួសបែករយះចង្កាយា៉ងធ្ងន់ធ្ងរដែរ ។ បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើងភ្លាម នគរបាលប៉ុស្តិ៍ចោមចៅបានចុះទៅអន្តរាគន៍ដល់កន្លែងកើតហេតុ ខណៈនោះជនរងគ្រោះបានចង្អុលបង្ហាញមុខមាត់ក្រុមជនដៃដល់ ហើយនគរបាលក៏បានធ្វើការឃាត់ខ្លួន ក៏ត្រូវបានសាច់ញាតិជនទាំងនោះភាគច្រើនជាមន្ត្រីយោធាបានធ្វើការរារាំងមិនឱ្យចាប់ និងបានព្រួតគ្នាវាយតដៃជាមួយនគរបាលថែមទៀតផង ។ ប៉ុន្តែទោះបីជាបែបណា នគរបាលមិនបានដកថយនោះទេ និងបានបន្ថែមកម្លាំងកាន់តែច្រើនថែមទៀត ហើយបានឃាត់ខ្លួនជនសង្ស័យថាជាជនដៃដល់បានចំនួន៤នាក់នាំយកទៅកាន់ប៉ុស្តិ៍ចោមចៅធ្វើការសាកសួរ ។ ប៉ុន្តែមិនបានបញ្ជូនឡើងទៅលើនោះទេ ដោយភាគីទាំងសងខាងបានធ្វើការសម្រុះសម្រួលគ្នាបញ្ចប់រឿងនៅទីនោះទាំងយប់តែម្តង ។
ពិតជាគួរឱ្យសោកស្តាយណាស់ ដែលការកម្សាន្តសប្បាយបែរជាយុវជនខ្លះមិនចេះសប្បាយទៅវិញ និយាយរួមឱ្យតែមានរាំរែកតែងកើតមានការកាប់ចាក់គ្នា ទីបំផុតអ្នកខ្លះរបួស ខ្លះស្លាប់ និងខ្លះចាប់ចូលពន្ធនាគារ ខ្លះរត់ចោលស្រុក តើមានប្រយោជន៍អ្វីទៅ ?
ចែករំលែកព័តមាននេះ