រាជធានីភ្នំពេញ ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងលោក សម រង្សុី ប្រធានគណបក្ស និងលោក កឹម សុខា អនុប្រធាន បានប្រកាសជំហររបស់ខ្លួនថា គណបក្សសង្គ្រោះជាតិចង់ឱ្យមានជំនួបចរចាថ្នាក់ដឹកនាំកំពូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន និយាយពីកំណែទម្រង់ការបោះឆ្នោត ចៀសវាងការមានជំនួបមួយសប្ដាហ៍ម្ដងបែបនេះ ធ្វើឱ្យមានការយឺតយ៉ាវ ។
ការលើកឡើងរបស់មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ទាំងពីររូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី២៦ មីនា នៅទីស្នាក់ការគណបក្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺបន្ទាប់ពីការប្រកាសផ្អាកចរចារបស់គណៈកម្មការចម្រុះរបស់គណបក្សសង្គ្រោះជាតិនាពេលថ្មីៗកន្លងមកនេះ ។ លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សសង្គ្រោះជាតិមិនបានបញ្ឈប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជាទេ គឺគ្រាន់តែផ្អាក ឬព្យួរតែប៉ុណ្ណោះ ហើយគណបក្សសង្គ្រោះជាតិនៅប្រកាន់ជំហរថានឹងមានច្រកចេញក្នុងការដោះស្រាយជាមួយគណបក្សប្រជាជនកម្ពុជា ។ ការផ្អាកមួយរយៈពេលនេះ គឺដើម្បីរង់ចាំចម្លើយរបស់គណបក្សប្រជាជនកម្ពុជាពីកំណែទម្រង់ការបោះឆ្នោតដែលគណបក្សទាំងពីរបានព្រមព្រៀងឯកភាពគ្នាក្នុងជំនួបកំពូលកាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣កន្លងមក ។
លោក សម រង្សុី បញ្ជាក់ថា ក្នុងជំនួបនោះថ្នាក់ដឹកនាំកំពូលបានឯកភាពថា ត្រូវតែឱ្យស្ថាប័នគណៈកម្មាធិការជាតិរៀបការបោះឆ្នោត (គ.ជ.ប)ជាស្ថាប័នមួយឯករាជ្យ ។ ទោះបីជាមានជំនួបគណៈកម្មការចម្រុះអំពីកំណែទម្រង់ការបោះឆ្នោតកន្លងមកក្ដី ក៏គណបក្សប្រជាជនកម្ពុជាមិនទាន់យល់ច្បាស់នៅឡើយទេ ។ គណបក្សសង្គ្រោះជាតិ គ្រាន់តែស្នើរូបមន្ដទៅគណបក្សប្រជាជនកម្ពុជា ប៉ុន្ដែរូបមន្ដនេះមិនមែនដាក់កំណត់តែម្ដងសម្រាប់ឱ្យគណបក្សប្រជាជនកម្ពុជាអនុវត្ដទេ គឺថាប្រសិនបើគណបក្សប្រជាជនកម្ពុជាមានរូបមន្ដផ្សេងពីគណបក្សសង្គ្រោះជាតិនោះ សូមឱ្យដាក់មកចរចាគ្នា ក្នុងការធានាឯករាជ្យភាពនៃ គ.ជ.ប ។ គណបក្សសង្គ្រោះជាតិត្រៀមរួចជាស្រេចក្នុងការពិនិត្យសំណើដែលលើកមកនោះ ។
លោក សម រង្សុី បញ្ជាក់ថា «យើងបានស្នើឱ្យស្ថាប័ន គ.ជ.ប ស្ថិតក្នុងរដ្ឋធម្មនុញ្ញ ពីតួនាទី សិទ្ធិអំណាចរបស់ គ.ជ.ប និងស្នើកុំឱ្យ គ.ជ.ប ស្ថិតនៅក្នុងចំណោមបក្សនយោបាយណាមួយ ។គួរណាស់គណបក្សទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា ឯកភាពបោះឆ្នោតជ្រើសរើសដោយសំឡេង២ភាគ៣នៃចំនួនសមាជិកសភាទាំងមូល។ ការដាក់សំណើនេះមិនត្រូវបានគណបក្សប្រជាជនកម្ពុជាទទួលយកទេ ត្រង់ដែលមិនទទួលយកនេះ សូមគណបក្សប្រជាជនកម្ពុជាដាក់ចំណុចណាខ្លះដើម្បីយកមកពិភាក្សាគ្នា» ។
ការផ្អាកនេះ គណបក្សសង្គ្រោះជាតិនៅរង់ចាំសំណើពីគណបក្សប្រជាជនកម្ពុជាដែលចង់ឱ្យមានស្ថាប័ន គ.ជ.ប ឯករាជ្យដូចគណបក្សសង្គ្រោះជាតិនោះពិភាក្សា តែមិនទទួលយករូបមន្ដរបស់គណបក្សសង្គ្រោះជាតិ តើគណបក្សប្រជាជនកម្ពុជាមានរូបមន្ដអ្វីផ្សេងពីនេះ? ប្រសិនបើគំនិតគណបក្សប្រជាជនកម្ពុជាល្អ យើងទទួលយកគំនិតគណបក្សប្រជាជនកម្ពុជាតែពេលនេះ យើងចង់ដឹងថា គណបក្សប្រជាជនកម្ពុជាមានសំណើអ្វី តែយ៉ាងណា យើងត្រូវមានជំនួបថ្នាក់ដឹកនាំកំពូល ឬនិយាយថា ចង់ពង្រីកកិច្ចចរចាគ្នាដែលមានទម្រង់ធំ ។ លោក សម រង្សុី ថ្លែងទៀតថា ទោះបីជាផ្អាកការចរចាក្ដី ខ្ញុំជឿថា នៅតែមានផ្លូវចេញក្នុងការដោះស្រាយបញ្ហាជាប់គាំងនយោបាយដោយសន្ដិវិធីត្រឹមត្រូវក្នុងរយៈពេលយូរអង្វែង សម្រាប់ការបោះឆ្នោតខាងមុខ ។ គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរនិងសង្ឃឹមក្នុងការរកដំណោះស្រាយបញ្ហា ។ យើងមិនបានថ្កោលទោសគណបក្សប្រជាជនកម្ពុជាថាត្រូវតែទទួលសំណើទេ គឺយើងចាំមើលការចរចាដែលមានទ្រង់ទ្រាយធំ ថាលទ្ធផលយ៉ាងណាខ្លះ ។
គណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជនៅថ្ងៃទី៣០ មីនា នៅទីលានប្រជាធិបតេយ្យ តែសូមគណបក្សប្រជាជនកម្ពុជាកុំយល់ថាគណបក្សសង្គ្រោះជាតិចង់ផ្ដួលរំលំរដ្ឋាភិបាល គឺគណបក្សសង្គ្រោះជាតិចង់បានមតិពីប្រជាពលរដ្ឋថា ត្រូវយកគំនិតថ្មីទៅចរចាជាមួយគណបក្សប្រជាជនកម្ពុជា ខណៈដែលដាក់សំណើគណបក្សសង្គ្រោះជាតិជាប់គាំង និងផ្អាកមួយរយៈពេលនេះ ។ យើងធ្វើសមាជនៅល្ងាចថ្ងៃទី៣០ មីនា តែពេលព្រឹកយើងប្រារព្ធខួបអ្នកដែលស្លាប់ដោយការគប់គ្រាប់បែកដៃនៅមុខរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ មីនា ១៩៩៧ ។ សមាជនេះ យើងមិនចង់ឱ្យមានការចូលរួមច្រើនទេ គឺចង់ឱ្យតំណាងគណបក្សសង្គ្រោះជាតិគ្រប់ខេត្ដ-ក្រុងចូលរួម ដូច្នេះយើងចង់បានយ៉ាងច្រើនណាស់៥ពាន់នាក់ប៉ុណ្ណោះ ។
លោក កឹម សុខា បានថ្លែងថា ការចរចាមួយដែលអាចសម្រេចបាន លុះត្រាតែមានគោលការណ៍មួយច្បាស់លាស់សិន ថាជំហររបស់គណបក្សប្រជាជនកម្ពុជា ជុំវិញការកែទម្រង់ការបោះឆ្នោតទាក់ទងនឹង គ.ជ.ប យ៉ាងណា ។ ប្រសិនបើជំនួបគណៈកម្មការចម្រុះពីកំណែទម្រង់ការបោះឆ្នោតកន្លងមកមិនហ៊ានសម្រេចនោះ សូមឱ្យមានជំនួបថ្នាក់ដឹកនាំកំពូលតែម្ដង មិនចាំបាច់មួយសប្ដាហ៍ជួបម្ដងទេ ។ គណបក្សសង្គ្រោះជាតិ រង់ចាំជានិច្ចក្នុងការជួបជាមួយថ្នាក់ដឹកនាំកំពូលពេលណាក៏បានដែរពីបញ្ហាកែទម្រង់ គ.ជ.ប គាត់ចង់កែបែបណា ។ លោក សម រង្សុី បញ្ជាក់ថា ការចរចាគ្នាជាមួយគណបក្សប្រជាជនកម្ពុជានោះ យើងមិនអាចចៀសវាងបានទេ គ្រាន់តែក្របខណ្ឌមានការប្រែប្រួល ដូចជាការផ្ដល់អនុសាសន៍គំនិតថ្មីៗ។ ជាក់ស្ដែង នៅល្ងាចថ្ងៃនេះ(២៦ មីនា)ជួបជាមួយសហគមន៍អឺរ៉ុប ដើម្បីទទួលយកអនុសាសន៍ថានឹងយកទៅចរចាដោះស្រាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការដោះស្រាយបញ្ហានយោបាយដែលកំពុងជាប់គាំង ។ ចំពោះសមាជនៅថ្ងៃទី៣០ មីនានោះ យើងនឹងដាក់សំណើដែលដាក់ជូនទៅគណបក្សប្រជាជនកម្ពុជា ហើយមិនបានដោះស្រាយទៅប្រជាពលរដ្ឋវិញ ហើយគាត់ចង់ឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើអ្វីទៀត ។
លោក កឹម សុខា បានថ្លែងទៀតថា ប្រសិនបើស្ថាប័ន គ.ជ.ប បោះឆ្នោតដោយសំឡេង៥០បូក១នោះ ស្ថាប័ននេះនៅតែជារបស់គណបក្សនយោបាយមួយដែលមានសំឡេងច្រើនដដែល ហើយការបោះឆ្នោតយ៉ាងណាក្ដី ក៏គណបក្សដែលដឹកនាំ គ.ជ.ប នឹងមានសំឡេងច្រើនឈ្នះរហូត ។ សូមបញ្ជាក់ថា ចំពោះការចង់ឱ្យមានជំនួបថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិត្រូវបានមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ សវនកម្មនៃរដ្ឋសភា ស្វាគមន៍ឱ្យមានជំនួបថ្នាក់ដឹកនាំកំពូលដោះស្រាយបញ្ហាដែលគណបក្សសង្គ្រោះជាតិទាមទារនោះ ។ ប៉ុន្ដែលោកថា ការផ្អាកការចរចារវាងគណៈកម្មការចម្រុះនោះ គណបក្សទាំងពីរគឺភាគីគណៈកម្មការចម្រុះស្ដីពីការកែទម្រង់ការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិជាអ្នកផ្អាកការចរចាជាអត្ដនោម័ត ។ ចំណែកគណបក្សប្រជាជនកម្ពុជា បានអនុវត្ដតាមការព្រមព្រៀងក្នុងការពិភាក្សារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមកដែលមានសមាសភាពម្ខាងបីរូប ។ គណបក្សប្រជាជនកម្ពុជា ចង់ឱ្យមានកំណែទម្រង់មួយច្បាស់លាស់គ្រប់គ្រាន់ គឺមិនចង់ឱ្យគណបក្សសង្គ្រោះជាតិឡាំប៉ារហូត ពេលណាក៏ចោទប្រកាន់ប្ដឹងប្ដល់មកលើគណបក្សប្រជាជនកម្ពុជា និងទៅអន្ដរជាតិថាគណបក្សប្រជាជនកម្ពុជាមិនល្អ ។
លោក ជាម យៀប បញ្ជាក់ថា ទោះបីគណបក្សសង្គ្រោះជាតិមិនបានលើកឡើងពីបញ្ហាកំណែទម្រង់ការបោះឆ្នោតក្ដី ក៏គណបក្សប្រជាជនកម្ពុជាធ្វើកំណែទម្រង់ការបោះឆ្នោតដែរ ។ ព្រោះថា ក្រោយពីជំនួបកំពូលរវាងថ្នាក់ដឹកនាំកំពូលកាលពីថ្ងៃទី១៦ កញ្ញា ២០១៣ កន្លងមក គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មានចំនួន៥ចំណុចស្ដីពីការកែទម្រង់ការបោះឆ្នោតនៅថ្ងៃខាងមុខ ពិសេសនៅអាណត្ដិ ទី៦ ៕
ចែករំលែកព័តមាននេះ