ខេត្តបន្ទាយមានជ័យ ៖ មនុស្សក្មេងចាស់ ប្រុសស្រីចំនួន៣នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ដោយសារមីន ដែលបន្សល់ទុកពីសម័យសង្គ្រោម ហើយនេះគឺជាលើកទី១ហើយ ក្នុងដើមឆ្នាំ២០១៤នេះ ដែលមានពលរដ្ឋគ្រោះថ្នាក់ដោយសារមីន ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៦មីនា នៅចំណុចខាងលិចទំនប់ក.៥ ក្នុងភូមិសាស្ត្រតំបន់១ ស្ថិតក្នុងភូមិចង់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ជិតព្រំដែនកម្ពុជា-ថៃ ។
លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ក៏ដូចជាលោកវរសេនីយ៍ទោ សូ សុវណ្ណារី មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឱ្យដឹងថា ជនរងគ្រោះដោយសារគ្រាប់មីនទាំង៣នាក់មាន ១-ឈ្មោះ ចាយ អាន ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នស្នាក់ជាមួយប្តីជាជនជាតិថៃនៅភូមិអូរព្រាល ឃុំអូរព្រាល ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ របួសធ្ងន់ដាច់ជើងឆ្វេង និងដៃទាំងសងខាង ២-ឈ្មោះ បាក់ ឆាន់ណៃ ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របួសមួយចំហៀងខ្លួន ៣-ឈ្មោះ បាក់ ឆាន់នី ភេទប្រុស អាយុ៨ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របួសកំប៉េះគូទ ។ កុមារទាំង២នាក់ ត្រូវជាក្មួយរបស់ស្រី្តឈ្មោះ ចាយ អាន ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះ ចាយ អាន ដែលត្រូវជាម្តាយមីងក្មេងរងគ្រោះទាំង២នាក់ បានជិះរថយន្តជាមួយប្តីមកពីប្រទេសថៃ រួចនាំក្មួយទាំង២នាក់នោះ ដើរទៅបេះស្លឹកព្រិច និងចាក់អង្ក្រងនៅចំណុចខាងលើ ក៏បានជាន់មីនប្រភេទ K58 ដែលកប់កាលពីសម័យសង្គ្រាម ។ ស្ត្រីរងគ្រោះ រួមនឹងក្មួយប្រុសទាំង២នាក់ ត្រូវបានប្តីជាជនជាតិថៃនាំយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ដឹងថា វាសនាពួកគេទាំង៣នាក់នោះយ៉ាងណានៅទ្បើយទេ ៕
ចែករំលែកព័តមាននេះ