ខេត្តកំពង់ចាម៖ បុរសម្នាក់ឈ្មោះ សម្បត្តិ សំបូរ អាយុ ៣៥ ឆ្នាំ នៅភូមិឈើទាលទី១ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ត្រូវបានលោក រដ្ឋា មន្រ្តីប៉ុស្ត៏រដ្ឋបាលឃុំពាមជីលាំង ប្រើហិង្សាទាត់ត្រូវចំនួន៤ជើង បណ្តាលឲ្យបាក់ធ្មេញ បាក់ឆ្អឹងថ្គាម និងបាក់ឆ្អឹងដងកាំបិតខាងឆ្វេង រហូតនិយាយមិនកើត ។ ហេតុការណ៏នេះ បានកើតឡើងតាំងពីថ្ងៃទី ២០មីនា ២០១៤ ហើយត្រូវបានកំលាំងសមត្ថកិច្ចចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរ ក៏នាំមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ សំណុំរឿងនេះហាក់បីដូចជាត្រូវបានគេមានបំណងចង់លាក់លៀមផងដែរ ។ តាមស្រ្តីឈ្មោះ សាន សុខភឿន អាយុ ៥៣ ឆ្នាំ ត្រូវជាម្តាយរបស់បុរសរងគ្រោះបានប្រាប់ឲ្យដឹងទាំងការភិតភ័យថា កូនប្រុសរបស់គាត់ឈ្មោះ សំបូរ បានផឹកស៊ីនៅលើផ្ទះឈើជាមួយនឹងបងប្អូនមានគ្នា២នាក់នាថ្ងៃកើតហេតុ ។ ក្នុងពេលនោះស្រាប់តែឮ អ្នកជិតខាងម្នាក់ជាស្រ្តី បាននិយាយដៀមដាមមកលើកូនប្រុសគាត់ សុទ្ធតែថា« ឯង!ក្រមិនមានម៉ូតូជិះនឹងគេ មិនប្រឹងរកស៊ីទេគិតតែផឹកស៊ី » បានធ្វើឲ្យកូនប្រុសគាត់ខឹងសម្បារ ។ ស្រ្តីឈ្មោះ សុខភឿន ជាម្តាយបុរសរងគ្រោះបានប្រាប់បន្តថា ក្រោយពីផឹកស៊ីរួច កូនប្រុសគាត់បានកាន់ដាវនៅក្នុងដៃមួយ ចុះពីលើផ្ទះចេញទៅសួរនាំស្រ្តីរូបនោះដល់ក្រោមផ្ទះដោយនិយាយថា ” ម៉េចបានជាមីងមើលងាយរូបខ្ញុំថាសុទ្ធតែក្រ ” ហើយក៏បានដើរត្រឡប់មកផ្ទះវិញកាប់ដើមចេកអស់១ដើមនៅក្រោយផ្ទះ រួចក៏បានទ្បើងទៅលើផ្ទះវិញបោះដាវចោលទៅលើរនាបផ្ទះ មួយសន្ធុះធំស្រាប់តែមានលោក រដ្ឋា មន្រ្តីប៉ុស្ត៏រដ្ឋបាលឃុំពាមជីលាំង ដើរមកដល់សួររកកូនប្រុសគាត់ នឹងបានដើរឡើងទៅលើផ្ទះសួរនាំថា ម៉េច! បានជាហ្ហែងទៅរករឿងគេដល់ក្រោមផ្ទះបែបនេះទៅវិញ ។ ជាមួយនោះលោកនាយប៉ុស្ត៏រូបនោះបានយកដាវមកកាន់ក្នុងដៃ ថែមទាំងនិយាយគំរាមថា តិចអញកាប់ឯងឥឡូវហ្នឹង ! ក្រោយពីនិយាយចប់ ក៏បានហក់មកទាត់លើកូនប្រុសគាត់ត្រូវមុខចំនួន៤ជើង ជាហេតុបណ្តាលឲ្យរបួសធ្ងន់ បាក់ធ្មេញ បាក់ឆ្អឹងថ្គាម និងបាក់ឆ្អឹងដងកាំបិត ។ រួចបានចាប់ដាក់ខ្មោះដៃ ដឹកយកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ថែមទៀត ។ តែដោយស្ថានភាពកូនប្រុសគាត់របួសធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ លោកអនុសេនីយ៏ទោ ម៉ឹង រ៉ៃយ៉ានគរបាលព្រហ្មទណ្ឌស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងដែរថា នៅវេលា១២ថ្ងៃត្រង់ទី ២០ មីនា ឈ្មោះ សំបូរ បានផឹកស្រារហូតដល់ស្រវឹង បានដើរមកសំឡុតស្រ្តីឈ្មោះហ៊ុន ណារ៉ុង អាយុ៤១ ឆ្នាំ ដែលកំពុងដេកនៅលើអង្រឹងក្រោមផ្ទះមិនដឹងអីសោះ ពេលឃើញបែបនេះស្រ្តីជាកូនប្រសារដែលកូនខ្ចីក៏បានសន្លប់ ។ ហើយជនស្រវឹងបានដើរមកផ្ទះវិញ បានកាប់ដើមចេកពីរបីដាវថែមទាំងនិយាយថាកុំខ្លាំង រួចឡើងផឹកបន្តទៀត។ ហេតុតែមានការភិតភ័យពេក ស្រ្តីឈ្មោះណារ៉ុង បានទូរស័ព្ទប្តឹងមន្រ្តីប៉ុស្ត៏ឲ្យចុះមកអន្តរាគមន៏ចាប់អ្នកស្រវឹងនោះ ។ ចំពោះករណីនេះ មន្រ្តីប៉ុស្ត៏ឈ្មោះ រដ្ឋា ត្រូវបានលោកវរសេនីយ៏ទោ ចាន់ ហោ នាយរងការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តហៅមកសួរនាំ មិនដឹងថាតើចាត់វិធានការយ៉ាងម៉េចនៅឡើយនោះទេ ៕
ចែករំលែកព័តមាននេះ