ខេត្តរតនគិរី ៖ សាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនប្រធានភូមិបាលស្រុកលំផាត់ កាលពីរសៀលថ្ងៃទី២៤ មីនា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទកាប់បំផ្លាញព្រៃឈើនៅតំបន់ទេសចរណ៍អូស៊ិនលែរ៍ ។ តំបន់អេកូទេសចរណ៍អូសុិនលែរ៍ ជាតំបន់ដែលបានបង្កើតឡើង កាលពីឆ្នាំ២០១៣ កន្លងមក ។
តាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើរតនគិរី បានឱ្យដឹងថា ព្រៃឈើនៅតំបន់ទេសចរណ៍អូស៊ិនលែរ៍ ស្ថិតនៅក្នុងភូមិកាទៀន ស្រុកលំផាត់ ត្រូវបានលោក មុឹង ប៊ុនធិន ប្រធានភូមិបាលស្រុកលំបាត់ ដឹកនាំក្រុមរបស់គាត់ជាច្រើននាក់ទៅកាប់បំផ្លាញតាំងពីឆ្នាំ២០១៣ មកម្លេ៉ះ គឺកាប់អស់ជាង១០ហិកតា និងមានបំណងពុះជាដីឡូត៍ចែកគ្នា ។ តាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងខេត្ត ឱ្យដឹងថា ការឃុំខ្លួនលោកមុឹង ប៊ុនធិន គឺពីបទកាប់បំផ្លាញព្រៃឈើខុសច្បាប់តាមសារាចរលេខ០១, ០២ ស្តីពីព្រៃឈើរបស់រដ្ឋ ។
ប្រភពព័ត៌មានផ្សេងទៀតបានខ្សឹបប្រាប់ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់អេកូទេសចរណ៍អូស៊ិនលែរ៍ ដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន គឺមានមន្ត្រីមួយចំនួនទៀតនៅពីក្រោយខ្នងផងដែរ ហើយសាលាដំបូងក៏កំពុងចាត់ការឱ្យមានការសើុបអង្កេតមួយនាពេលនេះ ដែលនឹងក្លាយជារឿងដ៏ធ្ងន់ធ្ងរមួយធំជាងនេះទៅ ទៀត ៕
ចែករំលែកព័តមាននេះ