ខេត្តបាត់ដំបង ៖ អ្នករស់នៅក្នុងស្រុកបាណន់កំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពវិនាសកម្ម«ភ្នំកំពីងពួយ»ដែលអាចបាត់ពីក្នុងផែនទីប្រវត្តិសាស្រ្តកម្ពុជា ដោយសារក្រុមហ៊ុនដ៏មានឥទ្ធិពលមួយដែលអាជ្ញាធរស្ទាក់ស្ទើរក្នុងការបំភ្លឺ និងមិនហ៊ានប្រាប់ឈ្មោះក្រុមហ៊ុននោះកំពុងប្រើគ្រឿងចក្រស្វ័យប្រវត្តិគាស់កកាយយ៉ាងគគ្រឹកគគ្រេងដើម្បីធ្វើអាជីវកម្ម«ថ្មកែវ»អស់រយៈពេលជាង១ឆ្នាំកន្លងទៅហើយ ។
ទីតាំងការដ្ឋានធ្វើអាជីវកម្ម«ថ្មកែវ»របស់ក្រុមហ៊ុនគ្មានឈ្មោះនេះនៅចំណុច«ភ្នំកំពីងពួយ»ភាគខាងលិចតំបន់ទេសចរណ៍«អាងកំពីងពួយ» ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ។ ក្រុមហ៊ុននេះបានប្រើគ្រឿងចក្រធុនធ្ងន់និងទំនើបៗដើម្បីគាស់កកាយភ្នំនៅតំបន់នោះអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ និងប្រើប្រាស់ម៉ាស៊ីនរ៉ៃស្វ័យប្រវត្តិខ្នាតធំ ដើម្បីអារពុះច្រៀក«ថ្មកែវ»ទំហំរាប់រយម៉ែត្រគូបធ្វើការ៉ូសម្រាប់នាំចេញក្រៅប្រទេសដែលមានតម្លៃមហាសាលនិងសង្ស័យគ្មានចំណូលចូលរដ្ឋទេ ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះហាក់មិនសប្បាយចិត្តនឹងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនដ៏មានឥទ្ធិពលនោះទេ ព្រោះពួកគេយល់ថា សកម្មភាពរបស់ក្រុមហ៊ុននេះកំពុងធ្វើឲ្យរលាយហិនហោច«ភ្នំកំពីងពួយ»ចេញពីក្នុងផែនទីប្រវត្តិ សាស្ត្រដែលក្មេងជំនាន់ក្រោយ មិនអាចស្គាល់ឬឃើញទៅថ្ងៃអនាគត ។ ប្រជាពលរដ្ឋនិយាយថា មានលោកជំទាវដ៏មានអំណាចម្នាក់ជាអ្នកគ្រប់គ្រង និងតែងតែជិះរថយន្តទំនើបចេញចូលមើលការដ្ឋាន«ថ្មកែវ»នេះ។ ប៉ុន្តែទាំងអាជ្ញាធរ ទាំងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានមកក្បែរការដ្ឋានលោកជំទាវវ័យចំណាស់នោះទេ ។
អ្នកភូមិដដែលបន្តថា នៅទីតាំងការដ្ឋានក្រុមហ៊ុននេះ គេឃើញមានជនជាតិវៀតណាម ជនជាតិចិន និងកម្មករខ្មែរ ។ អ្នកភូមិបញ្ជាក់ថា ក្រុមហ៊ុននេះបានធ្វើអាជីវកម្ម ថ្មកែវរយៈពេលជាង១ឆ្នាំកន្លងមកហើយ ដោយប្រើគ្រឿងចក្រគាស់កកាយនិងឧបករណ៍ខួងយកថ្មកែវមកអារច្រៀកធ្វើជាការ៉ូដែលមានទំហំផ្ទាំងធំតូច ប៉ុន្តែប៉ុនក្ដារកុងប្លាកេក៏មាន អាស្រ័យលើគេបញ្ជាទិញ ។ កម្មករដែលបម្រើការក្នុងការដ្ឋាននេះបានបង្ហើបឲ្យដឹងថា ថ្មកែវ ដែលត្រូវអារច្រៀកជាការ៉ូនេះគឺមានទំហំតូចធំដែលខ្លះមានទំហំមុខកាត់ដល់ទៅ២ម៉ែត្រx៣ម៉ែត្រឯណោះ មានកម្រាស់១,៥សង្ទីម៉ែត្រ ។ រីឯតម្លៃគិតទៅតាមទំហំការ៉ូ ដែលសន្លឹកខ្នាតធំខ្លះមានតម្លៃដល់ទៅខ្ទង់ពាន់ដុល្លារក្នុង១សន្លឹក ។
ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងការដ្ឋាននេះគ្រាន់តែអារច្រៀកជាសន្លឹកការ៉ូ និងបិទជ័រប្លាស្ទិកការពារកុំឲ្យបែករួចហើយ ថៅកែដឹកចេញទៅកាន់ខេត្តកំពតដើម្បីកែច្នៃទំហំឬខ្នាតតម្រូវទៅតាមទីផ្សារបរទេសដែលកុម្មង់ទិញ ។ ជាមួយនឹងវត្តមានជនជាតិវៀតណាម និងជនជាតិចិនដែលបម្រើការក្នុងការដ្ឋានខាងលើនេះ ប្រភពពីកម្មករដដែលបញ្ជាក់ថា ពួកគេជាអ្នកបច្ចេកទេសក្នុងការធ្វើអាជីកម្ម«ថ្មកែវ»នេះ ។ ប៉ុន្តែពួកគេមិនបានដឹងថា តើក្រុមហ៊ុនដែលមានលោកជំទាវវ័យចំណាស់ម្នាក់មាឌធំតែងចេញចូលមើលជាប្រចាំនេះ មានច្បាប់ទម្លាប់ដែរ ឬយ៉ាងណានោះទេ ។ ជុំវិញសកម្មភាពធ្វើអាជីវកម្មថ្មកែវ នៅតំបន់ភ្នំកំពីងពួយខាងលើនេះ អាជ្ញាធរដែនដីហាក់រារែកក្នុងការឆ្លើយបំភ្លឺ ។
អភិបាលស្រុកបាណន់ លោក អ៊ុង ប៊ុនជយ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ មីនា ដោយដំបូងលោកបដិសេធថា លោកមិនបានដឹងអំពីសកម្មភាពគាស់កកាយយកថ្មកែវនៅភ្នំកំពីងពួយនោះទេ តែបន្តិចក្រោយមកបន្ទាប់ពីលោកពិចារណាបន្តិច ទើបលោកប្រាប់បែបស្ទាក់ស្ទើរថា ពិតជាមានក្រុមហ៊ុនធ្វើអាជីវកម្មថ្មកែវនៅភ្នំកំពីងពួយនោះមែន ។ លោកបញ្ជាក់ថា ក្រុមហ៊ុននោះបានស្នើសុំច្បាប់អនុញ្ញាតពីសាលាស្រុក ដែលលោកបានចារបញ្ជូនទៅឲ្យខេត្ត ហើយខេត្តចារបញ្ជូនបន្តទៅក្រសួងដែរ ។ ប៉ុន្តែលោកអភិបាលស្រុកបាណន់រូបនេះមិនបានប្រាប់ឈ្មោះក្រុមហ៊ុននោះទេ ដោយលោកប្រាប់ថា លោកមិនមានឯកសារតម្កល់ទុកទេ ទំនងនៅមិនទាន់មានច្បាប់ត្រឹមត្រូវទេ ។
ដោយឡែកប្រធានមន្ទីររ៉ែថាមពលខេត្តលោក ជឺ ឈៀង បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២៦ មីនា នោះដែរថា លោកមិនដឹងថា មានក្រុមហ៊ុនធ្វើអាជីវកម្មថ្មកែវនៅភ្នំខាងលើនេះទេ រហូតមកដល់ពេលនេះ ។ លោកប្រធានមន្ទីររូបនេះបានសន្យាថា លោកនឹងចាត់កម្លាំងជំនាញឲ្យចុះទៅពិនិត្យមើលការដ្ឋាននោះនាពេលខាងមុខ ។ លោកនិយាយថា បើមានមែនគឺខុសច្បាប់ហើយ ។ ប៉ុន្តែអភិបាលខេត្តបាត់ដំបងដែលទើបចូលកាន់តំណែងថ្មីលោក ច័ន្ទ សុផល បានបញ្ជាក់ថា លោកបានឃើញឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុននេះ ដែលបានស្នើសុំធ្វើអាជីវកម្មថ្មកែវនៅតំបន់ភ្នំខាងលើ ប៉ុន្តែមិនចាំថា ក្រុមហ៊ុននោះឈ្មោះអ្វីទេ ដោយសារលោកកំពុងជាប់ចូលរួមសន្និបាតនៅឯរាជធានីភ្នំពេញ ។ លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា លោកនឹងធ្វើការពិនិត្យឡើងវិញនូវឯកសារដែលពាក់ព័ន្ធទាំងនោះក្រោយពីលោកបញ្ចប់បេសកកម្មនៅរាជធានីភ្នំពេញ ។
ទោះជាយ៉ាងណា ជុំវិញសកម្មភាពក្រុមហ៊ុនគ្មានឈ្មោះប្រើគ្រឿងចក្រគាស់កកាយយកថ្មកែវនៅភ្នំកំពីងពួយដែលជាសម្បត្តិមហាសាលរបស់រដ្ឋខាងលើនេះគឺល្មើសច្បាប់ទាំងស្រុងតែម្ដងហើយទំនងមានអំណាចធំណាស់ ទើបហ៊ានបែបនេះ ។ ប្រជាពលរដ្ឋបានស្នើដ៏ទទូចដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល មេត្តាធ្វើការពិចារណា និងមានវិធានការជួយទប់ស្កាត់ចៀសវាងការប៉ះពាល់ពីភាពមហន្តរាយនូវសម្បត្តិធម្មជាតិទាំងនេះ បើទោះជាក្រុមហ៊ុនដ៏មានឥទ្ធិពលមួយនេះមានច្បាប់ ឬគ្មានច្បាប់អនុញ្ញាតក្ដី ។ បើមិនដូច្នេះទេ តួភ្នំទាំងមូលអាចបាត់ពីក្នុងផែនទីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាជាក់ជាមិនខានដែលក្មេងជំនាន់ក្រោយមិនអាចដឹង ឬឃើញឡើយ ៕
ចែករំលែកព័តមាននេះ