ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​យប់​ជន់​លិច​ភូមិ និង​កាត់​ផ្តាច់​ស្ពាន​​យោល​ស្ទឹង​​គ្រញូង​ខ្ទេច​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹក​ភ្លៀង​បាន​ធ្វើ​ឱ្យ​លិច​លំនៅ​ឋាន ផ្លូវថ្នល់​នានា និង​បាន​កាត់​ផ្ដាច់​ស្ពាន​យោល​ទាំងស្រុង​១​ខ្សែ​ ដែល​ឆ្លងកាត់​ស្ទឹង​គ្រញូង​នៅ​ក្នុងស្រុក​សំឡូត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា តែ​មិន​ទាន់​ដឹង​អំពី​ផល​ប៉ះពាល់​អ្វី​ផ្សេង​ទៀត​នៅឡើយ​ទេ​។​…

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹក​ភ្លៀង​បាន​ធ្វើ​ឱ្យ​លិច​លំនៅ​ឋាន ផ្លូវថ្នល់​នានា និង​បាន​កាត់​ផ្ដាច់​ស្ពាន​យោល​ទាំងស្រុង​១​ខ្សែ​ ដែល​ឆ្លងកាត់​ស្ទឹង​គ្រញូង​នៅ​ក្នុងស្រុក​សំឡូត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា តែ​មិន​ទាន់​ដឹង​អំពី​ផល​ប៉ះពាល់​អ្វី​ផ្សេង​ទៀត​នៅឡើយ​ទេ​។​

មន្ត្រី​រដ្ឋបាល​ស្រុក​សំឡូត​បាន​រាយ​ការ​ណ៍ថា ពេល​នេះ​ នៅ​តំបន់​ខ្លះ​នៃ​ស្រុក​សំឡូត កំពុង​រង​នូវ​ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​ពេញ​មួយ​យប់​ ។ ទឹកភ្លៀង​បាន​ហូរ​ពី​តាម​ព្រែក​ ឬ​អូរ​ចូល​ទៅ​កាន់​ដងស្ទឹង​គ្រញូង នាំ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​យ៉ាង​គំហុក​នៅ​ព្រឹក​នេះ (១៦.០៩.១៩)​ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​នេះ​ បាន​ប៉ះពាល់​ខ្លះទៅ​លើ​ភូមិសាស្ត្រ​ឃុំ​តា​តោក ឃុំ​តា​សាញ និង​ឃុំ​កំពង់​ល្ពៅ ដែល​បណ្តាល​ឱ្យលិច​ស្ពាន លិច​ផ្លូវ​មួយ​ចំនួន ​។ ប៉ុន្តែ​អ្វី​ដែល​ធ្ងន់ធ្ងរ​នោះ គឺ​កម្លាំង​ទឹកជំនន់​នេះ​បាន​ហូរ​បុក​ផ្ដាច់​ស្ពាន​យោល​ស្ទឹងគ្រញូង​ទាំងស្រុង​តែ​ម្ដង​ ។

ហើយ​ពេល​នេះ​ ស្ពាន​យោល​១​ខ្សែ​នេះ​ត្រូវ​បាន​ទឹក​ហូរ​អូស​តាម​ទឹក​ទៅ​បាត់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​ឆ្លងកាត់​ស្ទឹង​គ្រញូង​នេះ​បាន​ទៀត​ទេ​ ។​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ភ្លៀង​បាន​បង្អោរ​យ៉ាង​ខ្លាំង និង​រាប់​ម៉ោង​ស្ទើរ​ពេញ​មួយ​យប់​នៅ​ប៉ែក​ខាងលើ នៃ​ដងស្ទឹង​គ្រញូង​។

ជា​ពិសេស​ ​មក​ដល់​ពេល​នេះ ​ទឹក​នៅ​ឃុំ​តា​តោក​តែ​ម្ដង ហើយ​បាន​ហូរ​ឆ្ពោះទៅ​កាន់​ស្ទឹង​គ្រញូង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ទឹកស្ទឹង​គ្រញូង​ឡើង​ខ្លាំង​ធ្វើ​ឲ្យ​លិចលង់​គ្មាន​សល់​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​នា​ពេល​នេះ​ឡើង​ខ្លាំង​ជាង​លើក​មុន​ៗ រហូត​ឡើង​លិច​ស្ពាន​យោល ​និង​បុក​ផ្ដាច់​ស្ពាន​នេះ​ទាំងស្រុង​តែ​ម្ដង​ ។​

មន្ត្រី​រដ្ឋបាល​ស្រុក​សំឡូត​បាន​ប្រាប់​ថា នេះ​គ្រាន់តែ​ជា​របាយ​ការណ៍​បឋម​ប៉ុណ្ណោះ ព្រោះ​ពេល​នេះ ​មន្ត្រី​មូលដ្ឋាន និង​អាជ្ញាធរ​ស្រុក​កំពុង​ចុះ​ត្រូ​ត​ពិនិត្យ​នៅ​តាម​តំបន់​នានា ដែល​កំពុង​រង​ផល​ប៉ះពាល់​នៅឡើយ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​គិត​ត្រិ​ម​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ ផ្ទៃមេឃ​ហាក់​បាន​ធូរស្រាល ។

រីឯ​សន្ទុះ​ទឹកជំនន់​ក៏​បាន​ថមថយ​ខ្លះ​ៗ​ហើយ​ដែរ​។ ប៉ុន្តែ​វា​នឹង​អាច​ស្ទុះ​ឡើង​វិញ​ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ជា​ថ្មី​ទៀត ​។ ទោះ​ជាយ៉ាងណា ​មន្ត្រី​ជំនាញ​មិន​ទាន់​ឲ្យ​ដឹង​ថា តើ​ក្រៅពី​ដាច់​ស្ពាន​យោល​ស្ទឹង​គ្រញូង​១​ខ្សែ នៅ​អាច​ខូចខាត​ផ្លូវថ្នល់ លំនៅ​ឋាន ឬ​មាន​គ្រោះថ្នាក់​មនុស្ស​ដែ​រ​ឬ​អត់​នោះ​ទេ ? ព្រោះ​អាជ្ញាធរ​កំពុង​ចុះ​ពិនិត្យ​នៅឡើយ​ ។ (សម្រួលដោយ៖ ស្រីណា)

https://www.facebook.com/Bunleng25/videos/1120901281630766/

អត្ថបទសរសេរ ដោយ