ខេត្តក្រចេះ ៖ នគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យធំៗចំនួន២គ្រឿង ដើម្បីបាញ់ទឹកទប់ស្កាត់មិនឱ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅដល់ផ្ទះពលរដ្ឋក្បែរខាង ខណៈដែលអគ្គិភ័យបានលេបត្របាក់ផ្ទះតៀមលក់គ្រឿងក្លែមមួយកន្លែងគ្មានសល់តែមួយប៉ប្រិចភ្នែកមិនអាចសង្គ្រោះទាន់ ។
នគរបាលរដ្ឋបាលសង្កាត់អូរឫស្សី បាននិយាយថា គ្រោះអគ្គិភ័យនេះ បានកើតឡើងវេលាម៉ោង៩យប់ ថ្ងៃទី២៥ មីនា នៅលើផ្ទះតៀមមួយខ្នងមានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី មានទីតាំងនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។ ជនរងគ្រោះជាម្ចាស់លំនៅឋានមួយនេះ ឈ្មោះតេង ចេង អាយុ៣៩ឆ្នាំ មានមុខរបរជាអ្នកលក់គ្រឿងក្លែមនៅចំណុចខាងលើ ។
លោកអនុសេនីយ៍ទោ ភិន ម៉ុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សី បានឱ្យដឹងថា មូលហេតុដែលបង្ក គឺមកពីម្ចាស់លំនៅឋានខ្វះការប្រុងប្រយ័ត្នបានយកប៊ីដុងសាំង ស្មានតែប៊ីដុងស្រា ទៅចាក់ផឹកក្បែរចង្ក្រាន ក៏កំពប់ទៅលើភ្លើងចង្ក្រានអាំងសាច់នៅក្បែរនោះ បណ្តាលឱ្យមានការឆាបឆេះតែម្តង ។ បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័យនេះ បានបង្កឱ្យមានម៉ូតូចំនួន៤គ្រឿង ត្រូវខូចខាតទាំងស្រុងក្នុងព្រះអគ្គី និងលុយខ្មែរ លុយដុល្លារមួយចំនួនទៀត រួមទាំងសម្ភារសម្រាប់ប្រើប្រាស់ត្រូវខូចខាតទាំងស្រុង ។
ចែករំលែកព័តមាននេះ