រាជធានីភ្នំពេញ ៖ នារីម្នាក់រួមជាមួយនឹងបង្វេចមួយជាប់ខ្លួនបានមកអង្គុយយំសោកបោកខ្លួននៅចំណុចមុខវត្តនន្ទមុន្នី ស្ថិតតាមបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ មីនា ២០១៤ ។
យោងតាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលមានការភ្ញាក់ផ្អើលកើតឡើង គេប្រទះឃើញនារីខាងលើដើរមកឈប់នៅចំណុចមុខវត្តនន្ទមុន្នី ហើយអង្គុយយំសោកតែម្នាក់ឯងដូចជាមនុស្សមានសតិមិនប្រក្រតី។ ឃើញដូចនេះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននាំគ្នាជួយលើកនាងចូលក្នុងវត្តនន្ទមុន្នីដើម្បីសួរនាំ។
ជុំវិញព័ត៌មាននេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ ព្រោះនារីខាងលើហាក់ដូចជាមនុស្សគ្មានវិញ្ញាណក្នុងខ្លួនដូចត្រូវថ្នាំសណ្តំ សួរអ្វីក៏មិនដឹងដែរ។
នារីរងគ្រោះត្រូវបានដូនជីម្នាក់នៅក្នុងវត្តខាងលើផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នរង់ចាំនាងដឹងខ្លួនត្រឹមត្រូវទើបសួរនាំ និងទាក់ទងទៅបងប្អូនសាច់ញាតិឱ្យមកទទួលយកទៅលំនៅឋានវិញ៕
ចែករំលែកព័តមាននេះ