ខេត្តកំពង់ចាម ៖ សន្និបាតបូកសរុប សភាពការណ៏ និងកិច្ចប្រតិបត្តិការឆ្នាំ ២០១៣ និងលើកទិសដៅឆ្នាំ២០១៤ របស់កងកម្លាំងនគរបាលខេត្ត ដោយធ្វើឡើងពេញ១ថ្ងៃទី ២៥ មីនា នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៏ ម៉ៅ ច័ន្ទតារ៉ា អគ្គស្នងការរងនគរបាលជាតិ ។
វត្តមាននាឪកាសនោះគេសង្កេតឃើញមាន លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកអធិការអធិការងស្រុក-ក្រុងទាំង១៧ ព្រមទាំងលោកនាយប៉ុស្ត៏រដ្ឋបាល ឃុំ-សង្កាត់ទាំង១៧៣ សរុបចំនួនជាង៣០០នាក់ ព្រមទាំងមានការបំពាក់ឋានន្តរសក្តិ ជូនដល់មន្រ្តីនគរបាលជាតិចំនួន ១២រូប ក្នុងនោះថ្នាក់ឧត្តមសេនីយ៏ត្រី១រូប វរសេនីយ៏ឯក ៣រូប វរសេនីយ៏ទោ ៤រូប វរសេនីយ៏ត្រី ២រូប និងអនុសេនីយ៏ឯកចំនួន២រូបផងដែរ ។
លោកឧត្តមសេនីយ៏ បែន រ័ត្ន ស្នងការនគរបាលខេត្ត មានប្រសាសន៏គូសបញ្ជាក់ថាសភាពការណ៏បទល្មើសដែលមានកើតឡើងក្នុងឆ្នាំ២០១៣នេះ មានការថយចុះរួមចំនួន ១០លើក (២០១/២១១ )។ ក្នុងនោះបទឧក្រិដ្ឋ ថយចុះ១១លើក បទមជ្ឈឹមកើនឡើង១លើក បណ្តាលឲ្យស្លាប់មនុស្ស២៤នាក់ របួស១០២នាក់ នារីរងគ្រោះដោយអំពើ ចាប់រំលោភ២៣នាក់ បាត់រថយន្ត១គ្រឿង ម៉ូតូ៣១គ្រឿងមាសប្រាក់ និងសំភារៈមួយចំនួន ។
លោកឧត្តមសេនីយ៏ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបន្តថា ចំពោះលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្ក្រាបរួមមានចំនួន១៣៦ករណី ឃាត់ខ្លួន១៩៧នាក់ ស្មើនឹង៦៨ភាគរយ គឺខ្ពស់ជាងឆ្នាំ ២០១២ ដែលលទ្ធផលបង្រ្កាបបានតែ៥២ភាគរយប៉ុណ្ណោះ ។ នេះគឺជាមោទនភាពរបស់កងកម្លាំង នគរបាលខេត្តកំពង់ចាម ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចជូនសង្គមជាតិ ជូនប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខសាន្ត គ្មានការភ័យខ្លាច ។ ក្រៅពីនេះក៏មានការងារច្រើនទៀត ដែលសមត្ថកិច្ចសំរេចបាន ដូចជាការពារ ប្រមុខរាជរដ្ឋាភិបាលឥស្សរៈជនជាន់ខ្ពស់ ពិធីផ្សេងៗ ពិសេសកិច្ចការពារដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ និងភាពមិនប្រក្រតី ក្រោយការបោះឆ្នោត បង្កឡើងដោយជនអគតិ ជនអាណា ធិបតេយ្យមួយចំនួនតូច ដែលចាញ់ល្បិចកលបោកប្រាស់ របស់គណបក្សនយោបាយ គឺធានាបានសន្តិសុខ សុវត្ថិភាព និងស្ថេរភាព ជូនសង្គមជាតិបានល្អប្រសើរ ។
លោកជុំ លាវ អភិបាលរងខេត្ត មានប្រសាសន៏ឲ្យដឹងថា ជាមួយនោះមុខសញ្ញា ដែលនៅសេសល់ក្នុងករណី សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត និងបន្តស្រាវជ្រាវចាប់ជនល្មើស មេក្លោងបានជាបន្តបន្ទាប់ ជាក់ស្តែងនៅត្រីមាសទី១ ឆ្នាំ ២០១៤នេះ សភាពការណ៏បទល្មើសមានការថយចុះគួរឲ្យកត់សំគាល់ ។ ឆ្នាំ២០១៤នេះគឺជាឆ្នាំទី១ នៃការអនុវត្តន៏គោលនយោបាយ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងភ្លឺស្វាង របស់សម្តេចតេជោសែន នាយករដ្ឋមន្រ្តី ។ ជាមួយនឹងកំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ និងបណ្តាជំនួយការបរទេសពិសេសប្រទេសជាមិត្ត សំរាប់ឆ្នាំ ២០១៤ រូបលោកយល់ថា យន្តការអភិវឌ្ឈន៏ប្រទេសជាតិពិសេសខេត្តកំពង់ចាម ពិតជាមានការរីកចំរើន និងបោះជំហានទៅមុខជាបន្តបន្ទាប់ ។ ជាមួយនឹងការងារដឹកនាំគ្រប់គ្រងអង្គភាព តាមបណ្តាថ្នាក់ត្រូវមើលសំខាន់បញ្ហារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវកំណត់ឲ្យបាន និងធ្វើការងារឲ្យសំរេច តាមតួរនាទីភារកិច្ចរបស់ខ្លួនក្នុងនោះត្រូវខិតខំ ពង្រីកធនធានមនុស្ស ពង្រឹងជំនាញឯកទេស បង្កើនកិច្ចប្រតិបត្តិការ សំដៅកាត់បន្ថយបទល្មើស មានជាអាទ៏បទល្មើសព្រហ្មទណ្ឌ ប្រឆាំងការជួញដូរមនុស្ស ស្រ្តីនិងកុមារ ប្រឆាំងការជួញដូរ ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀនបំពានច្បាប់ ទាំងនៅទីប្រជុំជន រហូតដល់តំបន់ចុងកាត់មាត់ញក និងយកចិត្តទុកដាក់បង្រ្កាបក្មេងទំនើង ឲ្យមានការថយចុះជាបន្តបន្ទាប់ ។
លោកនាយឧត្តមសេនីយ៏ ម៉ៅ ច័ន្ទតារ៉ា អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៏ឲ្យដឹងដែរថាកងកម្លាំងនគរបាលត្រូវតែយកចិត្តទុកដាក់ ពីគោលការណ៏ភូមិ-ឃុំ មានសុវត្ថិភាព នៅគ្រប់តាមបណ្តាស្រុកក្រុងទាំងអស់ ឲ្យបានល្អប្រសើរ ។ ជាមួយនោះដែរត្រូវតែមានការ បណ្តុះបណ្តាលដល់ជំនាញ នគរបាលបន្ថែមទៀត ដើម្បីឲ្យមានចំណេះដឹង ប្រកបទៅដោយគុណ ភាពពិតៗ ក្នុងការរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមរបស់យើង ។
សូមបញ្ជាក់ថា ជាមួយនោះដែរ លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានប្រគល់រថយន្តបំពាក់ស៊ីរ៉ែន ចំនួន៣គ្រឿង ដែលជារបស់សប្បុរសជនមានៈ លោកហ៊ុន ណេង និងលោកជំទាវ លោកឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវនូវរថយន្ត ២គ្រឿង លោកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុនចំការ កៅស៊ូបឹងកេត រថយន្ត១គ្រឿង សំរាប់បំរើការងារទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងសង្គមឲ្យមានប្រសិទ្ធភាពនិងមានការទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ