ក្រុងប៉ោយប៉ែត ៖ ស្រ្ដីម្នាក់បានអង្គុយធាក់ដីទ្រហោយំអង្គុយធាក់ដីស្រែកប្រាប់មនុស្សម្នាតាមដងផ្លូវថា នាងត្រូវប្ដីវាយធ្វើបាប ។ ទោះបីជាបែបណា បុរសដែលស្ដ្រីរូបនេះហៅថាប្ដីនោះបានធ្វើឱ្យមានការសង្ស័យថា ជាស្នេហាត្រីកោណ ព្រោះបុរសរូបនោះមានប្រពន្ធ និងកូន១ទៅហើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ មីនា នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ស្រ្ដីដែលទ្រហោយំនេះត្រូវបានប្រាប់ថា នាងឈ្មោះ គឹម លីនដា អាយុ៣០ឆ្នាំ ចំណែកបុរសដែលជាប់ចោទថា បង្កហិង្សានោះ ឈ្មោះ ហេង អាយុ ២៨ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្ដស្រះកែវ ប្រទេសថៃ និងជួលបន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់អ៊ូរីណា ។ នៅកន្លែងកើតហេតុ គេឃើញស្រ្ដីឈ្មោះ គឹម លីនដា ដែលស្លៀកខោខើចខ្លីជិតដល់ក្រលៀនអង្គុយស្រែកទ្រហោយំ និងអះអាងថា បុរសជាប្ដីនោះវាយទាត់ធាក់ឈឺខ្លាំង សូម្បីតែមន្ត្រីកងរាជអាវុធហត្ថប្រាប់ឱ្យក្រោកដើម្បីជិះម៉ូតូទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំដោះស្រាយ ក៏នាងពិបាកក្នុងការក្រោកឡើងដែរ ។ ពេលនោះ ទាល់តែបុរសចំណាស់ម្នាក់ជាអ្នកមើលការខុសត្រូវនៅផ្ទះសំណាក់អ៊ូរីណា និងស្រ្ដីម្នាក់ទៀតដែលរស់នៅក្បែរនោះជួយគ្រាហ៍ឡើងទើបនាងក្រោករួច ។
តាមប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីរូបនេះ និងបុរសដែលនាងអះអាងថា ជាប្តីនោះ គេឃើញឈ្លោះគ្នាតាំងពីមុខផ្ទះសំណាក់ ហើយប្រតាយគ្នាបណ្ដើរជេរគ្នាបណ្ដើរ ។ ប្រភពខ្លះថា បុរសឈ្មោះ ហេង នោះបានព្យាយាមលួងលោមស្រ្ដីរូបនេះកុំឱ្យឈ្លោះប្រកែក ហើយអង្វរនាងឱ្យត្រឡប់ទៅផ្ទះវិញ តែនាងមិនព្រមទើបផ្ទុះជាជម្លោះបែកផ្សែងតែម្ដង។ អ្នកមើលការខុសត្រូវនៅផ្ទះសំណាក់អ៊ូរីណា និយាយថា ស្រ្ដីដែលមករករឿងនឹងឈ្មោះ ហេងនេះ គាត់មិនដែលស្គាល់ទេ ប៉ុន្ដែស្រ្ដីនេះនិយាយថា ខ្លួនជាប្រពន្ធដើមនិងមកពីខេត្ដសៀមរាប ។ បុរសឈ្មោះ ហេង បានមកជួលបន្ទប់នៅផ្ទះសំណាក់របស់គាត់រស់នៅបាន៣ខែមកហើយ ជាមួយស្រ្ដីម្នាក់ និងមានកូនប្រុសម្នាក់ ។
ចំណែកស្រ្ដីម្នាក់ដែលមិនព្រមប្រាប់អត្ដសញ្ញាណ និងស្នាក់នៅបន្ទប់ជួលផ្ទះសំណាក់អ៊ូរីណាជាមួយបុរសឈ្មោះហេងនេះនិយាយថា នាងជាប្រពន្ធដើមរៀបការពេញច្បាប់នៅឯខេត្ដកំពង់ស្ពឺ និងមានកូនប្រុសម្នាក់ អាយុ ២ឆ្នាំ ។ ស្ដ្រីដែលអះអាងថាខ្លួនជាប្រពន្ធដើមនោះនិយាយទៀតថា ស្រ្ដីដែលមករករឿងប្ដីរបស់គាត់នេះជាប្រពន្ធចុង កាលពីប្ដីរបស់នាងទៅរកស៊ីនៅស្រុកថៃ ។ ទោះជាយ៉ាងណា ស្រ្ដីដែលទ្រហោយំ និងបុរសជាប់ចោទត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថហៅទៅសួរនាំទាំង២នាក់ ។ នៅរសៀលថ្ងៃដដែលនោះ លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា ជម្លោះបុរស-ស្ត្រីមួយគូនេះក្រោយពីសួរនាំ ពួកគេអះអាងថា ជាប្ដីប្រពន្ធនឹងគ្នា ។ ប៉ុន្ដែលោក ហម ម៉ុត មិនបានប្រាប់លម្អិតថា រវាងស្រ្ដីឈ្មោះ គឹម ដាលីន និងបុរសឈ្មោះ ហេង ជាប្រពន្ធលួចលាក់ ឬជាប្រពន្ធស្របច្បាប់ទេ ហើយក៏មិនប្រាប់ពីមូលហេតុដែលកើតឡើងរហូតឈានទៅប្រើអំពើហិង្សាដែរ ដោយលោកគ្រាន់តែប្រាប់ថា នឹងអប់រំឱ្យពួកគេទាំង២នាក់បញ្ឈប់ការប្រើអំពើហិង្សាក្នុងគ្រួសារ និងឱ្យធ្វើកិច្ចសន្យារួចត្រឡប់ទៅផ្ទះវិញ ។
«ទុក្ខអ្វីមិនស្មើទុក្ខប្រពន្ធ២ ធ្ងន់ជាងគិរី ធំជាងធរណី វារីសមុទ្រ រលកគ្រាំៗឱ្យខ្ញុំតក់ស្លុត ទោះបីខ្ញុំខំប្រយុទ្ធ ក៏មុខអាវុធលែងមុតទៅហើយ» ។ នេះជាទំនុកនៃបទចម្រៀងដែលបានច្រៀងដោយអធិរាជសំឡេងមាសលោកស៊ីន ស៊ីសាមុត មានចំណងជើងថា «ជញ្ជីងស្នេហា»។ ជាការពិតណាស់ ស្នេហាត្រីកោណកម្រនឹងបានសេចក្ដីសុខនឹងគ្នាណាស់ ព្រោះម្នាក់ៗមានបេះដូងរៀងខ្លួន ៕
ចែករំលែកព័តមាននេះ