រាជធានីភ្នំពេញ ៖ បន្ទាប់ពីចាកចេញពីប្រទេសទៅក្រៅប្រទេសអស់រយៈពេលជាង១សប្ដាហ៍កន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្សុី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយនៅព្រឹកថ្ងៃទី២៥ មីនា។ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោក សម រង្សុី បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីទាក់ទិននឹងនយោបាយនៅកម្ពុជាថា គណបក្សសង្គ្រោះជាតិនឹងរកច្រកចេញពីការជាប់គាំងនយោបាយ គឺរកដំណោះស្រាយដោយសន្ដិវិធី។
លោក សម រង្សុី បានឱ្យដឹងទៀតថា គណបក្សសង្គ្រោះជាតិ ព្យាយាមរកដំណោះស្រាយជូនប្រជាពលរដ្ឋដោយសន្ដិវិធី ដើម្បីឈានដល់មានជំនួបចរចាគ្នារវាងមេដឹកនាំគណបក្សនយោបាយទាំងពីរ នោះយើងនឹងពិនិត្យមើលលទ្ធភាពគ្រប់យ៉ាងទាំងអស់ គឺធ្វើយ៉ាងណាឱ្យគោរពតាមឆន្ទៈប្រជាពលរដ្ឋដែលទាមទារឱ្យមានការផ្លាស់ប្ដូរ ។ ទោះជាយ៉ាងណាក្ដី លោក សម រង្សុី បានប្រកាន់ជំហរថា គណបក្សសង្គ្រោះជាតិនឹងដឹកនាំធ្វើបាតុកម្មបន្ដទៀត ប្រសិនបើស្ថានការណ៍កាន់តែតឹងតែងឡើង ហើយបាតុកម្មលើកក្រោយរបស់គណបក្សសង្គ្រោះជាតិនឹងមានការចូលរួមពីអ្នកគាំទ្រកាន់តែច្រើនជាងមុន ។
ចំពោះគណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជាដែលបានជជែកគ្នាពីការរៀបចំស្ថាប័នរៀបចំការបោះឆ្នោតជាមួយគណបក្សសង្គ្រោះជាតិ បានឈានដល់ការជាប់គាំងនោះ យើងនឹងពិនិត្យគ្រប់លទ្ធភាពទាំងអស់ថានឹងឈានដល់ជំនួបថ្នាក់ដឹកនាំកំពូលឬយ៉ាងណា ។ ទាក់ទិននឹងការលើកឡើងរបស់លោក សម រង្សុី មេបក្សប្រឆាំងត្រូវបានលោក ជាម យៀប មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ សវនកម្មនៃរដ្ឋសភា ប្រាប់កោះសន្ដិភាពតាមទូរស័ព្ទថា លោកស្វាគមន៍ចំពោះការឱ្យមានជំនួបរវាងថ្នាក់ដឹកនាំកំពូលជួបពិភាក្សាចរចាគ្នា ។ ប៉ុន្ដែការផ្អាកចរចារវាងគណៈកម្មការចម្រុះនោះ គឺភាគីគណៈកម្មការចម្រុះស្តីពីការកែទម្រង់ការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិជាអ្នកផ្អាកការចរចាដោយអត្ដនោម័ត ចំណែកគណបក្សប្រជាជនកម្ពុជាបានអនុវត្ដតាមការព្រមព្រៀងក្នុងការពិភាក្សារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមក ដែលមានសមាសភាពម្ខាងបីរូប ។
គណបក្សប្រជាជនកម្ពុជាចង់ឱ្យមានកំណែទម្រង់មួយច្បាស់លាស់គ្រប់គ្រាន់ គឺមិនចង់ឱ្យគណបក្សសង្គ្រោះជាតិឡាំប៉ារហូតពេលណាក៏ចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា និងទៅអន្ដរជាតិចោទថាគណបក្សប្រជាជនកម្ពុជាមិនល្អ ។ លោក ជាម យៀប បញ្ជាក់ថា ទោះបីគណបក្សសង្គ្រោះជាតិមិនបានលើកឡើងពីបញ្ហាកែទម្រង់ការបោះឆ្នោតក្ដី ក៏គណបក្សប្រជាជនកម្ពុជាធ្វើកំណែទម្រង់ការបោះឆ្នោតដែរ ព្រោះថា ក្រោយពីជំនួបកំពូលរវាងថ្នាក់ដឹកនាំកំពូលកាលពីថ្ងៃទី១៦ កញ្ញា ២០១៣ កន្លងមក គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មានចំនួន៥ចំណុចនៃការកែទម្រង់ការបោះឆ្នោតនៅថ្ងៃខាងមុខ ពិសេសនៅអាណត្ដិទី៦ ។
ពេលនេះ យើងស្វាគមន៍ចំពោះសំណើឱ្យមានជំនួបថ្នាក់ដឹកនាំកំពូល ព្រោះថា បញ្ហាដែលគណបក្សសង្គ្រោះជាតិលើកឡើងពីការចង់បានស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ និងមានបោះឆ្នោតសមាសភាពគ.ជ.ប ដោយសំឡេង២ភាគ៣នៃចំនួនសមាជិកទាំងមូលនោះ បញ្ហានេះ យើងទទួលយកមិនបានទេ ព្រោះថា ចំណុចដែលគណបក្សប្រឆាំងលើកឡើងនោះមានចែងក្នុងរដ្ឋធម្មនុញ្ញទៅហើយ ត្រង់មាត្រា៧៦ នៃជំពូកទី៧ នៃចំណុចចុងក្រោយបានលើកឡើងយ៉ាងច្បាស់ទៅហើយ ។ មន្ដ្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចរូបនេះបានលើកឡើងទៀតថា មិនត្រឹមតែមានរដ្ឋធម្មនុញ្ញទេ ក៏មានច្បាប់និយាយពីការជ្រើសតាំងតំណាងរាស្រ្ដផងដែរ គឺត្រង់ជំពូកទី៣ ចាប់ពីមាត្រា១១ដល់មាត្រា២៣ បានចែងពីលក្ខខណ្ឌនៃការជ្រើសរើសសមាសភាព គ.ជ.ប និងមានតួនាទីធ្វើអ្វីខ្លះ ត្រង់ហ្នឹងហើយយើងមិនអាចទទួលយកបានទេ ព្រោះវាមានរួចទៅហើយ ដូច្នេះមានតែថ្នាក់ដឹកនាំកំពូលទេ ដែលជាអ្នកដោះស្រាយបញ្ហានៃការស្នើសុំរបស់បក្សប្រឆាំងបាន ។
លោក ជាម យៀប បានទម្លាក់ទៅលើគណបក្សសង្គ្រោះជាតិថា គណបក្សសង្គ្រោះជាតិចង់បានអ្វីមួយច្បាស់លាស់ទាក់ទិននឹងយន្ដការរៀបចំកំណែទម្រង់ការបោះឆ្នោត ឬចង់ឱ្យ គ.ជ.ប ធ្វើយ៉ាងណានោះ គណបក្សសង្គ្រោះជាតិមិនទាន់ប្រាប់យ៉ាងណាទេ គឺគាត់បានលើកយកតែការចង់បានស្ថាប័ន គ.ជ.ប នៅក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ និងលើកឡើងថា មានប្រទេសខ្លះបានបញ្ចូលស្ថាប័ន គ.ជ.ប នៅក្នុងរដ្ឋធម្មនុញ្ញនោះ វាជាការមិនពិត ។
ចំពោះការព្រមានធ្វើបាតុកម្មរបស់លោក សម រង្សុី មេបក្សប្រឆាំងជាថ្មីនោះ ត្រូវបានលោក ជាម យៀប ឆ្លើយតបថា ការធ្វើបាតុកម្មដែលការដោះស្រាយនៅតែតិចតួចនោះ មេបក្សប្រឆាំងមិនអាចយកបាតុកម្មនេះមកធ្វើជាមូលដ្ឋានក្នុងការដោះស្រាយទេ ។ សូមគាត់យល់ឱ្យច្បាស់ ព្រោះប្រទេសយើងមានច្បាប់គ្រប់គ្រាន់គឺមុននឹងធ្វើបាតុកម្ម គាត់ត្រូវគោរពច្បាប់ ។ បើមេបក្សប្រឆាំងក្លាហាននោះ សូមឱ្យតំណាងរាស្រ្ដ៥៥រូបរបស់គាត់ចូលមកតតាំងគ្នាឱ្យដឹងសខ្មៅ និងអ្វីដែលចង់បាននៅក្នុងរដ្ឋសភាជាមួយតំណាងរាស្រ្ដគណបក្សប្រជាជនកម្ពុជា៦៨រូបកំពុងរង់ចាំ ។
ប្រសិនបើនិយាយពីការប្រជុំសភារបស់គណបក្សសង្គ្រោះវិញ លោក ជាម យៀប បានឱ្យដឹងថា ថវិការបស់តំណាងរាស្រ្ដរបស់គណបក្សសង្គ្រោះជាតិនឹងត្រូវបើកជូនគ្រប់គ្នា ប៉ុន្ដែលុះត្រាតែតំណាងរាស្រ្ដទាំង៥៥រូបនោះទៅធ្វើសច្ចាប្រណិធានជាមុនសិន ។ ការបើកថវិកាឱ្យតំណាងរាស្រ្ដចាប់ពីពេលដែលតំណាងរាស្រ្ដនោះចូលសច្ចាប្រណិធាននៅព្រះបរមរាជវាំង គឺមិនបើកមុនសច្ចាប្រណិធានទេ ព្រោះច្បាប់បានកំណត់ច្បាស់ហើយ ។
សូមបញ្ជាក់ថា ការដែលទាមទាររបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះ គឺបន្ទាប់ពីគណៈកម្មការចម្រុះរបស់គណបក្សសង្គ្រោះជាតិប្រកាសផ្អាកចរចា និងចង់មានជំនួបថ្នាក់ដឹកនាំកំពូលរវាងគណបក្សទាំងពីរដើម្បីជជែកគ្នាក្នុងការដោះស្រាយបញ្ហាទាំងនោះ ៕
ចែករំលែកព័តមាននេះ