រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ ដែលរៀបចំឡើងនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ មីនា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា ការងារបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៣ បង្ក្រាបបាន៨៨៩ករណី បើប្រៀបធៀបនឹងឆ្នាំ២០១២ បង្ក្រាបបាន៨១៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១.៨៣០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១២ ឃាត់ខ្លួនបាន១.៧៨៨នាក់ ។
ក្នុងចំនួនបទល្មើស៨៨៩ករណីនេះ កងកម្លាំងនគរបាលជាតិបង្ក្រាបបាន៦៤៣ករណី ឃាត់ខ្លួនជនសង្ស័យ១.៣៣៣នាក់ (ក្នុង៦៤៣ករណីនេះមាន១១ករណីដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អគ្គនាយកដ្ឋានកាំកុងត្រូល បង្ក្រាបទាំងនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប) ។ របាយការណ៍បានបញ្ជាក់ថា បទល្មើសគ្រឿងញៀនទាំង៨៨៩ករណីខាងលើ មានករណីស្ថិតក្នុងទ្រង់ទ្រាយធំ និងស្ថិតក្នុងសកម្មភាពជាបណ្តាញមានការចាត់តាំងឆ្លងដែនដែលត្រូវជាប់ចោទក្នុងបទឧក្រិដ្ឋ ហើយបង្ក្រាបបាន៤១ក្រុមស្មើនឹង៤១ករណី មនុស្ស៩០នាក់ ។
ក្នុងនោះក្រុមជួញដូរដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ មាន៦ក្រុមស្មើនឹង៦ករណី មនុស្ស១៥នាក់ (ជនជាតិឡាវ២នាក់), ក្រុមជួញដូរ និងកែច្នៃផលិតគ្រឿងញៀនមាន១ក្រុមស្មើនឹង១ករណី មនុស្ស៥នាក់, ក្រុមដឹកជញ្ជូនកូកាអុីនឆ្លងដែនមកពីអាមេរិកខាងត្បូង ឬអាមេរិកកណ្តាល និងមេតំហ្វេតាមីនមកពីតំបន់អាហ្វ្រិកតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ក្នុងគោលដៅនាំបន្តទៅប្រទេសទីបី មាន១០ក្រុមស្មើនឹង១០ករណី មនុស្ស១៥នាក់ (ខ្មែរ១ម្នាក់ ថៃ៤នាក់ ប៉េរូ១នាក់ នីហ្សេរីយ៉ា៣នាក់ ឥណ្ឌា១នាក់ ឥណ្ឌូណេស៊ី១នាក់ រូម៉ានី១នាក់ ហ្វ៊ីលីពីន១នាក់ និងវៀតណាម២នាក់), ក្រុមដឹកជញ្ជូនហេរ៉ូអុីនឆ្លងដែនពីកម្ពុជាទៅអូស្ត្រាលីមាន២ក្រុម ស្មើនឹង២ករណី មនុស្ស៥នាក់, ក្រុមជួញដូរតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មាន៦ក្រុមស្មើនឹង៦ករណី មនុស្ស១៩នាក់, ក្រុមជួញដូរតាមទីប្រជុំជន រាជធានី-ខេត្តមាន១៦ក្រុមស្មើ១៦ករណី មនុស្ស៣៣នាក់ ។
ការបង្ក្រាបដោយកងរាជអាវុធហត្ថមាន២៤៦ករណី ឃាត់ខ្លួនជនសង្ស័យបាន៤៩៧នាក់។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង១.៨៣០នាក់ មាន១៦សញ្ជាតិ គឺជនជាតិខ្មែរ វៀតណាម ឡាវ ថៃ ហ្វ៊ីលីពីន ចិន នីហ្សេរីយ៉ា កូរ៉េ អៀរឡង់ ប៉េរូ ឥណ្ឌា ឥណ្ឌូណេស៊ី រូម៉ានី អេស្ប៉ាញ បារាំង និងអូស្ត្រាលី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្តតាមផ្លូវច្បាប់ ។ វត្ថុតាងគ្រឿងញៀនសំខាន់ៗដែលចាប់បានរួមមាន :
-មេតំហ្វេតាមីនគ្រាប់នៅឆ្នាំ២០១៣ ចំនួន១៧.៣៣៤,៩១ក្រាម, ឆ្នាំ២០១២ ចំនួន១០.៦៦០,៦១ក្រាម កើនឡើង៦២,៦០% ។
-មេតំហ្វេតាមីនក្រាមម្សៅឆ្នាំ២០១៣ ចំនួន៣២.៤៤៨,៨២ក្រាម ឆ្នាំ២០១២ ចំនួន២៨.០៦៦,៤៧ក្រាម កើនឡើង១៥,៦១% ។
-ហេរូ៉អុីនឆ្នាំ២០១៣ ចំនួន៣៨.៣៣៧,៦៨ក្រាម ឆ្នាំ២០១២ ចំនួន៣១៩,០៦ក្រាម កើនក្នុងកម្រិតអតិបរមា ។
-កូកាអុីន ឆ្នាំ២០១៣ ចំនួន១២.៨៥១ក្រាម ឆ្នាំ២០១២ ចំនួន៤១.០៧៧,៥ក្រាម ថយចុះ៦៨,៧១% ។
-កេតាមីន ឆ្នាំ២០១៣ចំនួន១.០១៦ក្រាម ឆ្នាំ២០១២ ចំនួន១០៥១,១ក្រាម ប្រហាក់ប្រហែលគ្នា ។
-ឆ្នាំ២០១៣ កញ្ឆាក្រៀមចំនួន១៦៨.៥៣៧ក្រាម ឆ្នាំ២០១២ ចំនួន២.៤៦០ក្រាម កើនក្នុងកម្រិតអតិបរមា ។
ក្រៅពីនេះ ក៏នៅមានសារធាតុផ្សំគ្រឿងញៀនចំនួន៥បាវ និង៦៨គីឡូក្រាម ៥០៨ក្រាម ពុម្ពដែករូបក្បាលខ្លាស្លាកសញ្ញា៩៩៩ ចំនួន៥ ។ ទ្រព្យសម្បត្តិសំខាន់ៗរក្សាទុកបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្តមាន រថយន្ត២៦គ្រឿង, មូ៉តូ២៧០គ្រឿង, ប្រាក់កម្ពុជា៥១.២៩៣.៦៤២រៀល, ប្រាក់អាមេរិក៣០.៤១៧ដុល្លារ, ប្រាក់ថៃ៣០.២៥០បាត, ប្រាក់វៀតណាម៣៨២.៩៧៩.៥០០ដុង, ប្រាក់ឡាវ៥០០គីប និងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងឆ្នាំ២០១៣ បរិមាណនៃការរឹបអូសគ្រឿងញៀនមេតំហ្វេតាមីនមានការកើនឡើងយា៉ងខ្លាំងនៅតំបន់អាសុីខាងកើត និងអាសុីអាគ្នេយ៍ ។ ក្នុងចំណោមឧក្រិដ្ឋជនគ្រឿងញៀនជាច្រើនក្រុម គេបានកត់សម្គាល់ឃើញក្រុមឧក្រិដ្ឋជនគ្រឿងញៀនអាហ្វ្រិកខាងលិចបាននិងកំពុងបង្កើនសកម្មភាពចរាចរណ៍ដឹកជញ្ជូនគ្រឿងញៀនយា៉ងសកម្មមកកាន់តំបន់អាសុីបា៉សុីហ្វិក ហើយក្រុមនេះនៅតែបន្តប្រើប្រាស់បណ្តាញ ជាពិសេសគឺស្ត្រីដែលជាជនជាតិរស់នៅក្នុងតំបន់ធ្វើជាអ្នកដឹកជញ្ជូនគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ