រាជធានីភ្នំពេញ ៖ បុរសម្នាក់បានក្លាយជាអ្នកទោសស្នេហា និងអះអាងថា ស្រឡាញ់គ្នាជាមួយនារីម្នាក់តាមទូរស័ព្ទ ទីបំផុតបានដឹកដៃគ្នាឡើងឋានសួគ៌យ៉ាងផ្អែមល្ហែម លុះលើកចុងក្រោយត្រូវនាងចោទប្រកាន់ថា ចាប់រំលោភរហូតបានសម្រេចចំនួន៤ដង ហើយត្រូវឪពុកម្តាយខាងស្រីចាប់ខ្លួនទារសំណងជំងឺចិត្តចំនួន៦ពាន់ដុល្លារ ។
ដោយសារគ្មានប្រាក់ឱ្យ ក៏ត្រូវនាំខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ ជួយចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែដោយសារហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបរូបគេដែលជាជនជាប់ចោទ ត្រូវបានបញ្ជូនបន្តទៅឱ្យនគរបាលនៅទីនោះចាត់ការបន្ត ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី២៤ មីនា ក្នុងផ្ទះសំណាក់យីហោ ណាណា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បុរសជាប់ចោទឈ្មោះ ទូច ពុទ្ធី អាយុ២៦ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិពើក ឃុំតាម៉ៅក្រោម ស្រុកស្នួល ខេត្តក្រចេះ សព្វថ្ងៃស្នាក់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកខាងស្រីឈ្មោះ ទ.ស.ស.ធ អាយុ២២ ជាកម្មការិនីរោងចក្រ មានទីលំនៅក្នុងខណ្ឌដង្កោ ។
មន្ត្រីនគរបាលប៉ុស្តិ៍ព្រៃស ឱ្យដឹងថា ទាក់ទិននឹងហេតុការណ៍នេះ ភាគីទាំងពីរបានឆ្លើយដាក់គ្នា និងប្រកែកយកតែត្រូវរៀងៗខ្លួន ដោយភាគីខាងស្រីនិយាយថា នៅវេលាល្ងាចថ្ងៃទី២៣ មីនា បុរសនោះបានទូរស័ព្ទទៅរកនាងបបួលទៅដើរលេង ខណៈពេលនាងកំពុងនៅក្នុងពិធីមង្គលការមួយ ។ បន្ទាប់មក បុរសនោះបានទិញក្រួចអាំង និងនំប៉័ងទៅឱ្យនាងហូប នៅពេលនាងហូបរួច ស្រាប់តែមានអាការៈមិនស្រួលខ្លួន ហាក់វិលមុខ ហើយក៏លែងដឹងខ្លួន និងមិនបានដឹងថា ជននេះនាំនាងទៅណាទៀតឡើយ រហូតដល់ព្រឹកថ្ងៃទី២៤ មីនា ទើបនាងដឹងខ្លួនឡើងវិញ ហើយដឹងថា ត្រូវជនឈ្មោះ ទូច ពុទ្ធី នេះ រំលោភនាងបានសម្រេចចំនួន៤ដង នៅយប់នោះ ។
មន្ត្រីនគរបាលរូបនោះបន្តថា នៅយប់កើតហេតុ ដោយសារតែនាងវិលមុខលែងដឹងអី ទើបនាងមិនបានចូលផ្ទះមួយយប់ ដែលជាហេតុធ្វើឱ្យឪពុកម្តាយរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំង និងតាមរកនាងគ្រប់ទីកន្លែង រហូតដល់ព្រឹកឡើង ទើបពួកគាត់ប្រទះឃើញនាង និងបុរសនោះនៅជាមួយគ្នា ហើយនិយាយឱ្យបុរសនោះទទួលខុសត្រូវ ដោយទាមទារសំណងជំងឺចិត្តចំនួន៦ពាន់ដុល្លារ ប៉ុន្តែបុរសនោះសុំចុះថ្លៃនៅត្រឹម៥ពាន់ដុល្លារ និងសន្យាថា ប្រគលប្រាក់ឱ្យនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ មីនា នោះ ។ លុះដល់ពេលកំណត់ បុរសនោះមិនមានប្រាក់យកទៅប្រគល់ឱ្យ ទើបឪពុកម្តាយខាងស្រីនាំខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន៤ដងក្នុង១យប់ ។
ចំណែកបុរសជាប់ចោទ បានបដិសេធថា ខ្លួនមិនបានចាប់រំលោភនាងដូចជាការចោទប្រកាន់ទ្បើយ តាមពិតពួកគេបានទាក់ទងស្រទ្បាញ់គ្នាតាមទូរស័ព្ទរយៈពេល២ឆ្នាំមកហើយ និងបានស្គាល់ចិត្តថ្លើមគ្នាអស់ថែមទៀត ។ រហូតដល់ល្ងាចថ្ងៃទី២៣ មីនា ពួកគេបានណាត់ជួបគ្នាដើរលេង បន្ទាប់មកបានយល់ព្រមចូលផ្ទះសំណាក់យីហោ ណាណា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ហើយបានរួមរ័កមេត្រីជាមួយគ្នាដោយការព្រមព្រៀងបានម្តងតែប៉ុណ្ណោះ មិនមែន៤ដងនោះទ្បើយ ។ នគរបាលប៉ុស្តិ៍ព្រៃសបន្តថា នេះគឺជារឿងស្រីប្រកាន់ប្រុសប្រកែក ដែលភាគីទាំង២ បាននិយាយយកត្រូវរៀងៗខ្លួន ហើយក្រោយពេលសាកសួររួចបានមួយជំហានមក ជននោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្ត ។
រឿងរ៉ាវបែបនេះ ខាងបុរសតែងក្លាយជាអ្នកទោសសេ្នហារហូត ។ ដូច្នេះក្រុមបុរសដែលហានក្លានឹងល្បែងស្នេហា ត្រូវមានការប្រុងប្រយ័ត្នផងកុំឱ្យកាមគុណដឹកមុខដោយខ្វះការពិចារណានោះ ៕
ចែករំលែកព័តមាននេះ