ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានទ្រហោយំ អង្គុយធាក់ដីស្រែកថា នាងត្រូវប្ដីវាយធ្វើបាប រីឯអ្នកស្រុកសង្ស័យជារឿងស្នេហាត្រីកោណ ព្រោះបុរសនោះមានប្រពន្ធ និងកូន០១ទៅហើយ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ មីនា នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ស្ត្រីស្រែកទ្រហោយំខាងលើ មិនទាន់ត្រូវគេស្គាល់អត្តសញ្ញាណនោះទេ តែឮថាជាអ្នកខេត្តសៀមរាប ហើយពេលនេះសមត្ថកិច្ចបានហៅទៅសួរនាំ ចំណែកបុរសដែលជាប់ចោទបង្កហិង្សានោះប្រាប់ថា ឈ្មោះហេង អាយុ២៨ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជួលបន្ទប់ស្នាក់នៅផ្ទះសំណាក់អ៊ូរីណាក្បែរកន្លែងកើតហេតុ។
បើតាមស្ត្រីម្នាក់មិនព្រមប្រាប់អត្តសញ្ញាណបាននិយាយថា នាងជាប្រពន្ធដើមការពេញច្បាប់នៅឯខេត្តកំពង់ស្ពឺ និងមានកូនប្រុសម្នាក់អាយុ២ឆ្នាំ ។ នាងថា ស្ត្រីដែលមករករឿងប្ដីរបស់គាត់នោះ គេអះអាងថាជាប្រពន្ធចុងរបស់ប្ដីនាង បានគ្នាកាលពីប្ដីរបស់នាងទៅរកស៊ីនៅស្រុកថៃ។
ទោះជាយ៉ាងណាស្ត្រីស្រែកទ្រហោយំ និងបុរសជាប់ចោទត្រូវបានសមត្ថកិច្ចអាវុធហត្ថហៅទៅសួរនាំផងដែរ៕
ចែករំលែកព័តមាននេះ