រាជធានីភ្នំពេញ ៖ បើទោះបីម្ចាស់ហាង និងម្ចាស់អាជីវកម្មទាំង២០ មានទីតាំងនៅក្នុងខណ្ឌដូនពេញ ដែលកន្លងមកធ្លាប់បើកស៊ីហ្សា និងបារីអេឡិចត្រូនិក ហើយបានបញ្ឈប់អាជីវកម្មរបស់ខ្លួន ដោយយោងតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចៅសង្កាត់ និងមេប៉ុស្ដិ៍ទាំង១១នៅក្នុងខណ្ឌ ត្រូវធ្វើការតាមដានបន្ដទៀត ដើម្បីចៀសវាងម្ចាស់អាជីវកម្មដែលរកស៊ីមុខរបរនេះអាចលួចបន្ដសកម្មភាព និងលួចលាក់បើក តាមរយៈការផ្ដល់ភ្លើងខៀវពីមន្ដ្រីមូលដ្ឋាន ។
នេះជាប្រសាសន៍របស់លោកឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ ក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២៤ មីនា២០១៤ នៅសាលប្រជុំសាលាខណ្ឌដូនពេញ ។ លោកបានបន្តថា អាជ្ញាធរនិងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទាំង១១ ត្រូវបន្ដតាមដាន ហើយមិនត្រូវឃុប ឃិត និងទទួលលាភសក្ការៈពីសំណាក់ម្ចាស់អាជីវកម្មទាំងនោះឡើយ បើដឹងថា ចៅសង្កាត់ ឬមេប៉ុស្ដិ៍ណាម្នាក់ហ៊ានធ្វើបែបនេះ នឹងទទួលទោសតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ត្រី ញ៉ែម សៅណុល អធិការរងនគរបាលខណ្ឌដូនពេញ បានលើកឡើងថា ទីតាំងក្លឹបកម្សាន្តដែលបានធ្វើអាជីវកម្មលើផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិកទាំង២០កន្លែង នៅខណ្ឌដូនពេញ ត្រូវបានម្ចាស់ទីតាំងទាំងនោះបានបិទជាស្ថាពរហើយក្រោយពីអាជ្ញាធរខណ្ឌចុះណែនាំនាពេលកន្លងមក ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ