រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិភាក្សាបិទទ្វាររវាងគណៈកម្មការចម្រុះគណបក្សនយោ បាយជាប់ឆ្នោតទាំង២ក្នុងសភាមិនបានទទួលផ្លែផ្កាទេ ដោយភាគីគណបក្សសង្គ្រោះជាតិប្រកាន់ជំហរទាមទារឱ្យស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ជាស្ថាប័នធម្មនុញ្ញ និងមានការបោះឆ្នោត២ភាគ៣នៃចំនួនសមាជិកសភា ដែលការចង់បាននេះគណបក្សប្រជាជនកម្ពុជាធ្លាប់បានច្រានចោលរួចទៅហើយ ។
លោក សុន ឆ័យ តំណាងគណៈកម្មការចម្រុះគណបក្សសង្គ្រោះជាតិ បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកពីគ្នាបន្ទាប់ពីពិភាក្សាគ្នានាព្រឹកថ្ងៃទី២៤ មីនា នៅវិមានព្រឹទ្ធសភាមិនបានឯកភាពគ្នាលើចំណុចណាមួយនោះថា ការចរចាគ្នាគឺបន្ទាប់ពីការព្រមព្រៀងគ្នារវាងគណៈកម្មការចម្រុះគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧ មីនា ដើម្បីបង្កើតគណៈកម្មការចម្រុះធ្វើការសិក្សានិងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនិងធ្វើកំណែទម្រង់មួយចំនួនទៀត។ គណបក្សសង្គ្រោះជាតិ ចង់មានការពន្លឿនការចរចារវាងគណបក្សទំាងពីរ ព្រោះថាការចរចារយៈពេលកន្លងមក ភាគីគណបក្សប្រជាជនកម្ពុជា ប្រៀបដូចជាមិនយកចិត្តទុកដាក់ចំពោះបញ្ហាចម្បងជាវិបត្តិនយោបាយដែលកើតមានក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នោះទេ ។
លោក សុន ឆ័យ បានបន្តថា គណបក្សសង្គ្រោះជាតិចង់ឱ្យភាគីគណបក្សប្រជាជនកម្ពុជាលើកយកប្រធានបទសម្រាប់ធ្វើកំណែទម្រង់ការបោះឆ្នោត ពិសេសនៅថ្ងៃនេះគណបក្សសង្គ្រោះជាតិចង់ឱ្យគណបក្សប្រជាជនលើកយកប្រធានបទសម្រាប់កំណត់ការរៀបចំការបោះឆ្នោតនិងរៀបចំឱ្យមានសិក្ខាសាលាផ្សេងទៀត ។ ដើម្បីធានាឱ្យមានអាទិភាព គណបក្សសង្គ្រោះជាតិបានលើកយកប្រធានបទ ព្រោះថាប្រធានបទដែលបានយល់ព្រមគ្នាចំនួន១៤ចំណុច កាលពីថ្ងៃទី១៧ មីនាកន្លងមកនោះ វាមិនអាចធ្វើឱ្យចំណុចចម្បងដែលគណបក្សសង្គ្រោះជាតិចង់បាននោះ គឺការធ្វើកំណែទម្រង់គ.ជ.ប ។ អ្នកតាមដានសកម្មភាពក្រោយការបោះឆ្នោតកន្លងមក មិនថាអាណត្តិទី៥នេះ ឬអាណត្តិមុនទេ ស្ថាប័ន គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងមន្ត្រីពាក់ព័ន្ធការងារមិនត្រូវបានមានជំនឿទៀតទេ ។
លោក សុន ឆ័យ បន្ថែមថា ការកែទម្រង់ការបោះឆ្នោតជាចំណុចមួយដែលធ្វើឱ្យប្រជាជនទុកចិត្តនិងឈានដល់ការធ្វើកំណែទម្រង់ផ្សេងៗទៀត ។ ការស្នើឱ្យស្ថាប័ន គ.ជ.ប ឱ្យទៅជាស្ថាប័នធម្មនុញ្ញ ឬនិយាយឱ្យមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយឱ្យមានការសម្រេចតែងតំាងដោយសំឡេង២ភាគ៣នៃសមាជិករដ្ឋសភាទំាងមូល ។ ការទាមទារនេះដើម្បីបង្ហាញថាស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ និងត្រូវតែទទួលស្គាល់យ៉ាងហោចណាស់គណបក្សនយោបាយធំពីរឬគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ។ ដូច្នេះបើចំណុចអាទិភាពនៃការកែទម្រង់ គ.ជ.ប មិនបានសម្រេចទេ យើងនឹងឈប់ចរចា ឬពិភាក្សាគ្នាសម្រាប់យកទៅធ្វើសិក្ខាសាលារួមនៅថ្ងៃខាងមុខ គឺជាការអូសបន្លាយរយៈពេលនោះ ។
លោក សុន ឆ័យ បញ្ជាក់ថា ការទាមទារដូច គ.ជ.ប គឺជាចំណុចមួយអាទិភាពណាស់ ដូច្នេះប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនអាចព្រមព្រៀងក៏ត្រូវតែយកបញ្ហានេះជូនទៅថ្នាក់ដឹកនំាកំពូលដើម្បីជជែកគ្នាផ្ទាល់តែម្តងទៅថា ការចង់បានស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងការបោះឆ្នោតចំនួន២ភាគ៣នៃចំនួនសមាជិកសភាទាំងមូលវាយ៉ាងណា ដើម្បីឱ្យគេជឿថាស្ថាប័ននេះឯករាជ្យនោះ ។ គណបក្សសង្គ្រោះជាតិនឹងរង់ចំាឱ្យមានការប្រជុំថ្នាក់ដឹកនំាកំពូលជានិច្ច ។ ដូច្នេះ គណៈកម្មការចម្រុះមិនអាចបន្តមួយអាទិត្យម្តងៗបែបនេះបានទៀតទេ។ នៅពេលដែលថ្នាក់ដឹកនំាកំពូលជជែកគ្នាយ៉ាងណានោះហើយ ក្រុមគណៈកម្មការចម្រុះនឹងធ្វើការបន្តទៀត ។
ទោះជាយ៉ាងណាក្តី លោក សុន ឆ័យ បានបញ្ជាក់ថា គណៈកម្មការចម្រុះមិនគេចវេះទេ ប៉ុន្តែចង់ឱ្យថ្នាក់ដឹកនំាគណបក្សទំាងពីរជជែកគ្នាឱ្យបានស្រុះស្រួលពីស្ថាប័នរៀបចំការបោះឆ្នោតឱ្យបានច្បាស់លាស់ ។ ប្រសិនបើគណបក្សទំាងពីរចង់មានឆន្ទៈដោះស្រាយបញ្ហាជាប់គំាងនេះដោយយកជាតិជាធំនោះនឹងមានផ្លូវដើរ ។ បញ្ហាជំទាស់ ដែលក្រុមគណៈកម្មការចម្រុះមានការជំទាស់គ្នានោះ គឺការដែលគណបក្សសង្គ្រោះជាតិដាក់លក្ខខណ្ឌពីការចង់ឱ្យស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងការបោះឆ្នោតត្រូវតែមានសំឡេង២ភាគ៣នៃសមាជិករដ្ឋសភាទាំងមូល ។ លោក សុន ឆ័យ សង្កត់ធ្ងន់ថា ប្រធានបទដែលដាក់ជាអាទិភាពក្នុងកិច្ចប្រជុំ មានកំណត់អាទិភាពនៃកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងជជែកពីសិក្ខាសាលាដែលជាប្រធានបទទាក់ទងនឹងនយោបាយ ប៉ុន្តែពេលពិភាក្សាដល់ចំណុចហ្នឹងក៏ត្រូវជាប់គំាង ។ ដោយសារយើងចង់មានជំនួបថ្នាក់ដឹកនំាកំពូលសម្រាប់ដោះស្រាយបញ្ហានេះ តែគណបក្សប្រជាជនកម្ពុជាមិនព្រម ។
លោក ប៊ិន ឈិន តំណាងគណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ភាគីគណៈកម្មការចម្រុះគណបក្សសង្គ្រោះជាតិបានទាមទារឱ្យស្ថាប័នគ.ជ.បជាស្ថាប័នធម្មនុញ្ញ និងមានការបោះឆ្នោតដោយសំឡេង២ភាគ៣នៃចំនួនសមាជិកសភាទំាងមូល ។ ចំណែកភាគីគណបក្សប្រជាជនកម្ពុជា មានជំហរយើងបានកសាងប្រធានបទចំនួន១៤សម្រាប់ធ្វើការកែទម្រង់ការបោះឆ្នោតសម្រាប់ដាក់ចូលក្នុងសិក្ខាសាលានៅថ្ងៃខាងមុខ ដើម្បីអង្គសិក្ខាសាលាផ្តល់នូវគំនិតបែបព័ត៌មានមកគណបក្សទំាងពីរ ។ លោក ប៊ិន ឈិន បន្តថា ការលើកប្រធានបទនេះ ព្រោះយើងគោរពតាមការយល់ព្រមឯកភាពគ្នាកាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមក ។ ចំពោះការទាមទារក្នុងការចង់ឱ្យមានថ្នាក់ដឹកនំាកំពូលជួបគ្នាដើម្បីនិយាយពីការចង់បានស្ថាប័នគ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងមានការបោះឆ្នោតដោយសំឡេង២ភាគ៣នៃចំនួនសមាជិកសភាទាំងមូលនោះយើងមិនអាចធ្វើបានទេ ព្រោះថាថ្នាក់ដឹកនំាបានកំណត់ឱ្យចរចាដោះស្រាយនិយាយពីការយកប្រធានបទសម្រាប់ធ្វើសិក្ខាសាលារួមនៅថ្ងៃខាងមុខ ។
លោក ប៊ិន ឈិន ថ្លែងទៀតថា គ្រាន់តែបញ្ហានេះបានជជែកគ្នារយៈពេលជាងកន្លះ ម៉ោង ហើយគណបក្សសង្គ្រោះជាតិបានសុំឱ្យមានសេចក្តីប្រកាសរួមមួយ និងប្រកាសសុំផ្អាកប្រសិនគណបក្សប្រជាជនកម្ពុជាមិនព្រមតាម ។ គណបក្សសង្គ្រោះជាតិជាអ្នកសុំផ្អាក ចំណែកគណបក្សប្រជាជនកម្ពុជាមិនបានសុំផ្អាកទេ គាត់បានសុំឱ្យមានការផ្អាកដោយសេចក្តីប្រកាសរួមថែមទៀត ។ លោក ប៊ិន ឈិន បញ្ជាក់ថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិនេះនឹងធ្វើឱ្យមានការជាប់គាំងវិបត្តិការរៀបចំគ.ជ.ប ប៉ុន្តែប្រសិនបើការរៀបចំគ.ជ.បថ្មីមិនបាននោះ គ.ជ.បចាស់នឹងដំណើរការជាធម្មតា ។ គណបក្សប្រជាជនកម្ពុជាមិនខ្លាចក្នុងការរៀបចំស្ថាប័ន គ.ជ.ប ទេគឺចង់ឱ្យមាន ប៉ុន្តែចង់បាននេះគឺមិនត្រឹមតែចងគណបក្សប្រជាជនកម្ពុជាទេ គឺចងទាំងប្រទេសកម្ពុជាទំាងមូលមិនឱ្យដើរ ។
ទោះជាយ៉ាងណាក្តី លោក ប៊ិន ឈិន ប្រកាន់ជំហរថា ទោះបីគណបក្សសង្គ្រោះជាតិប្រកាសផ្អាកឈប់ចរចាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែទៅមុខជានិច្ច ។ លោក ប៊ិន ឈិន បានបន្លុយថា ប្រសិនបើសមាជិកគណបក្សសង្គ្រោះជាតិចូលរដ្ឋសភា និងមានការបើកថវិកាជូនហើយថវិកាទំាងនោះកំពុងរង់ចំាសមាជិកទាំង៥៥រូប ៕
ចែករំលែកព័តមាននេះ