រាជធានីភ្នំពេញ ៖ លោក ស៊ិន វិសាល ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ មីនា បានសម្រេចប្រកាសសាលក្រមផ្ដន្ទាទោស១-ឈ្មោះ នឿន អែម ភេទប្រុស អាយុ ៣២ឆ្នាំ ២-ឈ្មោះ សេង សុគន្ធ ភេទប្រុស អាយុ ៣២ឆ្នាំ និង៣-ឈ្មោះ លឹម ទ្រី ភេទប្រុស អាយុ ៣៣ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៥ឆ្នាំ ពិន័យម្នាក់ៗ១លានរៀល និងបង្គាប់ឱ្យជនជាប់ចោទទាំង៣នាក់សងជនរងគ្រោះសរុប១០លានរៀលពីបទលួចមានស្ថានទម្ងន់ទោស ប្រើហិង្សា និងប្រើប្រាស់អាវុធខុសច្បាប់ ក្នុងករណីប្លន់នាឡិកាដៃមាស និងចិញ្ចៀនពេជ្ររបស់លោកឧកញ៉ាឡោក ហ៊ួ ។
យោងតាមមន្ដ្រីតុលាការឱ្យដឹងថា ក្នុងឆ្នាំ២០១៣ កន្លងទៅ មានជនល្មើស៣នាក់បានធ្វើសកម្មភាពប្លន់លោកឧកញ៉ា ឡោក ហ៊ួ យកនាឡិកាដៃមាសមួយគ្រឿង និងចិញ្ចៀនពេជ្រមួយវង់ សរុបមានតម្លៃជាង១៥.០០០ដុល្លារ ខណៈពេលលោកចុះទៅពិនិត្យដីឡូត៍មួយកន្លែងកាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៣ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។ នៅពេលលោកឧកញ៉ាកំពុងដើរមើលដីជាមួយអង្គរក្សម្នាក់ ស្រាប់តែក្រុមជនល្មើសជិះម៉ូតូ២គ្រឿងមានគ្នា៣នាក់បានឈប់ម៉ូតូ និងដើរតម្រង់មករកលោកឧកញ៉ា ហើយជនម្នាក់ក្នុងចំណោមបក្សពួក៣នាក់នោះបានបាញ់គំរាមផ្ញុចដី និង២នាក់ទៀតបានវាយជាមួយអង្គរក្ស ចំណែកម្នាក់ដែលមានអាវុធភ្ជង់លោកឧកញ៉ាដោះយកគ្រឿងអលង្ការដែលមានតម្លៃ រួចហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ការប្រកាសសាលក្រមកាត់ទោសនេះធ្វើឡើងចំពោះមុខជនជាប់ចោទម្នាក់ឈ្មោះ នឿន អែម និងកំបាំងមុខឈ្មោះ លឹម ទ្រី និងឈ្មោះ សេង សុគន្ធ និងសម្រេចចេញដីកាចាប់ខ្លួនឈ្មោះ លឹម ទ្រី និងឈ្មោះ សេង សុគន្ធ តាមអំណាចសាលក្រមរបស់តុលាការនេះ ។ ជាមួយនេះ បង្គាប់ឱ្យឈ្មោះ នឿន អែម ឈ្មោះ សេង សុគន្ធ និងឈ្មោះ លឹម ទ្រី រួមគ្នាសងលោកឧកញ៉ា ឡោក ហ៊ួ តាមអំណាចសាលក្រមនេះជាទឹកប្រាក់១០លានរៀល ។ ក្នុងហេតុការណ៍នេះ តុលាការបានបញ្ជាក់ថា ក្រោយពេលគំរាមយកបាននាឡិកាដៃមាស និងចិញ្ចៀនពេជ្ររបស់លោកឧកញ៉ា ឡោក ហ៊ួ ហើយក្រុមជនល្មើសមិនអាចរកអ្នកទិញបានក៏នាំគ្នាយកទៅលក់នៅប្រទេសថៃ បានតម្លៃប្រមាណ១៥៨.៥០០បាត។
ក្នុងរបាយការណ៍ប៉ូលិសបញ្ជាក់ថា មុនពេលចាប់ខ្លួនជនល្មើសម្នាក់ឈ្មោះ នឿន អែម នេះប៉ូលិសបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះបញ្ជាក់ប្រាប់ប៉ូលិសពីភិនភាគជនល្មើស ។ ប៉ូលិសបានចាប់ជនល្មើសម្នាក់នេះនៅក្នុងខណ្ឌទួលគោក ក្នុងសកម្មភាពប្លន់ជនរងគ្រោះដទៃទៀត លុះពេលសាកសួរក៏បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្លន់លោកឧកញ៉ា ឡោក ហ៊ួ មែន ។ ជនម្នាក់នេះត្រូវចាប់ខ្លួនក្រោយពេលត្រឡប់ពីប្រទេសថៃ បានចំនួន៣ថ្ងៃ បន្ទាប់ពីលក់នាឡិកាដៃមាស និងចិញ្ចៀនពេជ្រដែលប្លន់បាននោះ ៕
ចែករំលែកព័តមាននេះ