ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស ​និងអាណា​ព្យាបាល​ទឹក​ភ្នែក ប្រមូល​ប្រាក់រួច​គេចខ្លួន​បាត់ តាមរយៈ​បើក​សាលារៀ​ន​អង់​គ្លេស

11 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ សិស្ស និង​អាណា​ព្យា​បាល​រស់​នៅ​ក្នុង​ទីប្រជុំ​ជន​​ស្រុក​ព្រៃ​កប្បាស​ បាន​ដាក់​ពាក្យ​បណ្តឹង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ និងរក​យុត្តិ​ធម៌​ ក្រោយ​ពី​សាលា​ឯក​ជន​មួយ​ឈ្មោះ​សាលា​ភាសា​អង់​គ្លេស​-ខ្មែរ​អាមេរិកាំង​ហូម​ ​បាន​ឃោសនា​ដល់​កូន​ចៅ​ប្រជាពល​រដ្ឋ​នៅ​តាម​ភូមិ​ឱ្យ​ចូល​រៀន​ដោយ​បង់​លុយ​ លុះ​ពេល​ទទួល​បាន​លុយ​គ្រប់​គ្រាន់​ហើយ​ នាយក​សាលា​នេះ​ក៏​វេច​លុយ​រាប់​ម៉ឺន​ដុល្លារ​រត់​គេច​ខ្លួន​បាត់​ សូម្បី​តែ​ថ្លៃ​ជួល​ផ្ទះ​ ទឹក​ ភ្លើង​ ក៏​អត់​ទាន់​បង់​ដែរ​​ ។​

ខេត្ត​តាកែវ​ ៖ សិស្ស និង​អាណា​ព្យា​បាល​រស់​នៅ​ក្នុង​ទីប្រជុំ​ជន​​ស្រុក​ព្រៃ​កប្បាស​ បាន​ដាក់​ពាក្យ​បណ្តឹង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ និងរក​យុត្តិ​ធម៌​ ក្រោយ​ពី​សាលា​ឯក​ជន​មួយ​ឈ្មោះ​សាលា​ភាសា​អង់​គ្លេស​-ខ្មែរ​អាមេរិកាំង​ហូម​ ​បាន​ឃោសនា​ដល់​កូន​ចៅ​ប្រជាពល​រដ្ឋ​នៅ​តាម​ភូមិ​ឱ្យ​ចូល​រៀន​ដោយ​បង់​លុយ​ លុះ​ពេល​ទទួល​បាន​លុយ​គ្រប់​គ្រាន់​ហើយ​ នាយក​សាលា​នេះ​ក៏​វេច​លុយ​រាប់​ម៉ឺន​ដុល្លារ​រត់​គេច​ខ្លួន​បាត់​ សូម្បី​តែ​ថ្លៃ​ជួល​ផ្ទះ​ ទឹក​ ភ្លើង​ ក៏​អត់​ទាន់​បង់​ដែរ​​ ។​

នៅ​ក្នុង​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី​២៤​ មីនា ដែល​អាណា​​ព្យាបាល​សិស្ស​ប្តឹង​នាយក​សាលា​មួយ​នេះ​រៀប​រាប់​ថា​ រយៈ​ពេល​ជាង​៣​ខែ​កន្លងទៅ​នេះ​ មាន​ជន​ម្នាក់​ឈ្មោះ​ ជាវ ប៊ុន​ថន​ បាន​មក​ជួល​ផ្ទះ​មួយ​នៅ​ក្នុង​ភូមិ​ព្រៃ​ល្វា​លិច​ ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃ​កប្បាស​ ដើម្បី​បើក​​សាលា​ឯក​ជន​មួយ​​ឈ្មោះ​សាលា​បង្រៀន​ភាសា​អង់​គ្លេស​-ខ្មែរអាមេរិកាំង​ហូម​ ដោយបាន​ជួល​រថយន្ត​ទួរីស​មួយ​គ្រឿង​សម្រាប់​ដឹក​សិស្ស​ទៅ​មក មាន​បំពាក់​កុំព្យូទ័រ​ និង​សម្ភារ​សិក្សា​យ៉ាង​ច្រើន​ទៀត ។​ ក្រោយ​ពេល​លើក​ស្លាក​រួច ជន​នេះ​បាន​ដើរ​ឃោសនា​ដល់​កូន​ចៅ​ប្រជា​ពល​រដ្ឋ​នៅ​តាម​ភូមិ​ដោយ​និយាយ​ថា​ សាលា​បើក​បង្រៀន​ភាសា​អង់​គ្លេស​គ្រប់​កម្រិត​ ដោយ​កំណត់​ឱ្យ​ឪពុក​ម្តាយ ឬ​អាណា​ព្យា​បាល​សិស្ស​ទាំង​អស់​ត្រូវបង់​លុយ​ជា​ឆ្នាំ​ ដោយ​សិស្ស​ម្នាក់​ក្នុង​១​ឆ្នាំត្រូវបង់​លុយ​ចំនួន​៣០០​ដុល្លារ​អាមេរិក​ ហើយ​សិស្ស​ដែល​ចុះ​ឈ្មោះ​មានប្រមាណ​ជាង​៣០០​នាក់​ គឺ​សរុប​ទៅ​លុយ​មិន​តិច​ជាង​៩០.០០០​ដុល្លារ​ឡើយ ។​

នៅ​ក្នុង​ពាក្យ​បណ្តឹង​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពេល​ប្រមូល​លុយ​ពី​សិស្ស​អស់​ហើយ​ ស្រាប់​តែ​នាយក​សាលា​នោះ​វេច​​លុយ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ធ្វើ​ឱ្យ​សិស្សា​នុសិស្ស​ និង​អាណា​ព្យាបាល​មាន​ការភ្ញាក់​ផ្អើល​គ្រប់ៗ​គ្នា​ ព្រោះ​ពេល​មក​ដល់​សាលា​ ស្រាប់តែ​​ឃើញ​ចាក់​សោ​ជិត ។​ ចំពោះ​ការដែល​អា​ណា​ព្យាបាល​សិស្ស​មក​ដាក់​ពាក្យ​បណ្តឹង​នេះ​ គឺ​ដើម្បី​ឱ្យ​ប៉ូលិសស្រុក​ស្វែង​រក​ចាប់​ខ្លួន​ជន​ឆបោក​ខាង​លើ​មក​ដោះ​ស្រាយ​គ្នា​ទៅ​តាម​ច្បាប់ ។​ មន្ត្រី​ប៉ូលិស​ស្រុក​ព្រៃ​កប្បាស​និយាយ​ថា​ ក្រោយ​ពី​ជន​ឆបោក​វេច​លុយរត់​គេច​ខ្លួន​បាត់​នោះ សមត្ថ​កិច្ច​ក៏បាន​ទទួល​ពាក្យ​បណ្តឹង​ជាបន្ត​បន្ទាប់​ ចំណែក​លោក​គ្រូ អ្នក​គ្រូ​ចំនួន​១៥​នាក់​ ក្នុង​រយៈ​ពេល​ជាង​៣​ខែ​មក​​នេះ​អត់​ដែល​ទទួល​បាន​ប្រាក់​ខែ​ឡើយ​ ថ្លៃ​ឈ្នួល​រថយន្ត​ ថ្លៃ​ប្រេង​ ថ្លៃ​ផ្ទះ​ ទឹក​ ភ្លើង​ ក៏​អត់​ទទួល​បាន​លុយ​ដែរ ។​

មាន​ការ​កត់​សម្គាល់​ថា​ សកម្ម​ភាព​របស់​ជន​ឆបោក​ជា​នាយក​សាលា​រូប​នេះ​ ពេល​មក​សុំ​ច្បាប់​បើក​សាលា​នោះ គេ​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​ ទើប​អាជ្ញាធរ​មើល​អត់​ដឹង​ លុះ​នៅ​ពេល​​ជន​នេះ​វេច​លុយ​រត់បាត់​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​កើត​ឡើង ។​ ចំពោះ​ករណី​ខាង​លើ​នេះ​ កោះ​សន្តិ​ភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ប្រធាន​ការិយា​ល័យ​អប់រំ យុវជន​ និង​កីឡា​ស្រុក​បាន​ឡើយ​ ចំណែក​លោក​ស៊ីវ​ សុខន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន និង​កីឡា​ខេត្ត​ ក៏​មិន​អាច​ទាក់​ទងតាមទូរស័ព្ទ​បាន​ដែរ​​នៅ​ថ្ងៃ​ដដែល​នោះ​ ។ នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ជន​ខិល​ខូច​ដើរ​បើក​សាលា​ឯកជន​នៅ​តាម​ខេត្ត​ និង​ស្រុក​ លុះ​ពេល​ប្រមូល​លុយ​បាន​ហើយ​ក៏​រត់​បាត់ ។​

អ្នក​បង់​ខាត​ក្នុង​អំពើ​ឆបោក​នេះ​បានត្រឹម​តែ​ស្តី​បន្ទោស​ទៅមន្ទីរ​ជំនាញ​បុ៉ណ្ណោះ​ ដែល​ឆក​ល្វែង​ឱ្យ​ជន​ឆបោក​ធ្វើ​សកម្ម​ភាព​តាម​រយៈ​ការ​ប្រើ​ប្រាប់​វិស័យ​អប់រំ​បែប​នេះ​បាន​ ៕​