ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែរាប់សិបមុខ​ដាក់លក់​ក្នុង​ផ្សារ​ណាត់​រក​មិនឃើញ​សារធាតុ​គីមី​នោះ​ទេ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់ មាន​បើក​ផ្សារណាត់​បន្លែ ផលិតផល​សុវត្ថិភាព និង​អាហារូបត្ថម្ភ ដែល​ដាំ​និង​ផលិត​ដោយ​កសិករ​នៅ​តាម​សហគមន៍…

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់ មាន​បើក​ផ្សារណាត់​បន្លែ ផលិតផល​សុវត្ថិភាព និង​អាហារូបត្ថម្ភ ដែល​ដាំ​និង​ផលិត​ដោយ​កសិករ​នៅ​តាម​សហគមន៍ ក្រោម​ការ​បង្ហាត់បង្រៀន ផ្ដល់​បច្ចេកទេស​និង​បទ​ពិសោធន៍​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​។ ការ​បើក​ផ្សារណាត់​នេះ​ចង់​បង្ហាញ​ថា បន្លែ​រាប់​សិប​មុខ​និង​ផលិតផល​មួយ​ចំនួន​ទៀត​ដែល​ដាក់​តាំង​លក់​នេះ​មិន​មាន​ប្រើ​សារធាតុ​គីមី​នោះ​ទេ គឺ​ដាំ​ដោយ​ប្រើ​ជីធម្មជាតិ​សុទ្ធសាធ​។

ដើម្បី​ឲ្យ​ដឹង​កាន់តែ​ច្បាស់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក តូច ចៅ​កុយ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​នាំ​យក​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ទៅ​ធ្វើ​ពិសោធន៍​មើល​លើ​បន្លែ​ទាំងអស់ ដើម្បី​រកសារ​ធាតុគីមី នៅ​កន្លែង​តាំង​ពិ​ព័​ណ​ផ្សារណាត់​នោះ​។ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​បន្លែ​គ្រប់​ប្រភេទ​ចំនួន​៣៤​មុខ​មិនឃើញ​មាន​សារធាតុ​គីមី​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​មន្ត្រី​ជំនាញ​ក៍បាន​ធ្វើតេស្ដ​ទៅ​លើ នំ​បញ្ចុក ត្រីងៀត ត្រីប្រឡាក់ ក្បាល​ត្រី​ឆ្ដោ បង្គា ប្រហុក បាញ់​កាញ់ គុយទាវ និង​លត​ឆា នៅ​ផ្សារ​ថ្មី​ពោធិ៍សាត់ ជា​លទ្ធផល​ក៏​ពុំ​មាន​សារធាតុ​គីមី​នោះ​ដែរ ។ នេះ​សបញ្ជាក់​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អាជីវក​រក៍​ដូច​ប្រជាពលរដ្ឋ កាន់តែ​មានការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ និង​ផលិតផល​នានា តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ ផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​របស់​មន្ត្រី​កាំកុងត្រូល​យើង​ដូច​ភ្លៀងរលឹម​កន្លង​មកនេះ​។

លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ បាន​សំដែង​ការ​រីករាយ​ចំពោះ​ការ​យល់​ដឹង​របស់​បងប្អូន​អាជីវករ​អំពី​ផល​ប៉ះពាល់​នៃ​ទំនិញ​និង​ផលិតផល​ខូចសុខភាព ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា​។ លោក​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ដទៃ​ទៀត អោយ​យល់​ដឹង​និង​អនុវត្ត​ទៅ​តាម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ​និង​សេវា ចៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​។

លោក​បាន​កោតសរសើរ​ចំពោះ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេ​សាទ​ខេត្តពោធិ៍សាត់ ដែល​បាន​ចងក្រង​ក្រុម​ដាំ​បន្លែ​នៅ​តាម​សហគមន៍ ដោយ​មិន​ប្រើ​ជីគីមី និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​។ ការ​នាំ​ចូល​បន្លែ​និង​ទំនិញ​ផ្សេង​ៗ​ពី​ប្រទេស​ជិតខាង ចៀស​មិន​ផុត​ពី​ការ​ប្រើប្រាស់​សារធាតុ​គីមី​នោះ​ទេ ទោះបី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខំប្រឹង​សហការ​គ្នា​បង្ក្រាប​យ៉ាងណា​ក៍ដោយ​។ ដូច្នេះ​សូម​បងប្អូន​ត្រូវ​ចេះ​មើល​ដោយ​ខ្លួនឯង និង​បង្កើន​ការ​ដាំ​បន្លែ​ដោយ​ប្រើ​ជីធម្មជាតិ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​បង្កើន​ជីវភាព​គ្រួសារ និង​ធានា​សុខភាព​អ្នក​ទទួលទាន​ជា​ទូទៅ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ