អត់ធន់កើតមក​អំពី​រៀន​អត់​រៀន​ធន់​ឱ្យ​បាន​ច្រើន


ការតាំងចិត្ត​បង្កើន​កម្លាំង​ខន្តី​ទៅ​បាន លុះណាតែ​មាន​ខន្តី​នៅ​ក្នុង​ចិត្ត​សន្តាន​របស់​ខ្លួន​ជា​មុន​សិន​។ ត្រង់​ចំណុ​ច​នេះ​ស្តាប់​ទៅ​ដូច​ជា​ប្លែក​បន្តិច តែ​វា​ជា​រឿង​ពិត គឺ​អ្នក​ដែល​មាន​ខន្តី​ច្រើន ជា​អ្នក​ដែល​មានការ​អត់ធន់​ច្រើន​នេះឯង ព្រោះ​ពាក្យ​ថា អត់ធន់​មាន​ន័យ​ក្នុង​នោះ​ស្រេច​ទៅ​ហើយ​គឺ​ត្រូវ​រៀន​អត់ និង​រៀន​ធន់​។

ពាក្យ​ថា អត់ គឺ​ទប់ បាន​ដល់​ហាម​ចិត្ត​របស់​ខ្លួន​មិន​ឱ្យធ្វើ​អ្វី​តាមតែ​ចិត្ត​ចង់ ដូច​ជា​មាន​អ្នក​ណា​យក​សំណូក​មក​សូក​ឱ្យ​រាប់​ម៉ឺន រាប់​សែន​ដោយ​តាម​ការ​ពិត​ទៅ​យើង​ក៏​ចង់បាន​ដែរ តែ​យើង​មិន​ព្រម​លុះ​ទៅ​តាម​អំណាច​នៃ​ការ​ចង់​របស់​ចិត្ត​នោះ​ទេ យើង​ខំអត់​មិន​ព្រម​ទទួលយក​ទេ​។ បែប​នេះ​យើង​តែង​ប្រើ​ពាក្យ​អត់ធ្មត់​ ។ ចំណែ​ក​​ពាក្យ​ធន់ គឺ​ទ្រាំ​ចំពោះ​អារម្មណ៍​ដែល​ខ្លួន​មិន​ចូល​ចិត្ត ដែល​ខ្លួន​ស្អប់ កាលណា​របស់​នោះ​ចូល​មក​ប៉ះទង្គិច​ផ្លូវចិត្ត យើង​ក៏​ធន់​ដើម្បី​ប្រកាន់ខ្ជាប់​នៅ​ក្នុង​សេចក្តី​ល្អ​របស់​យើង​។

តាម​ពិត​នៅ​ពេល​ណា​អារម្មណ៍មិនល្អ​ចូល​មក​រុករាន​យើង យើង​ចង់​តែ​ធ្វើ​អ្វីមួយ​ត្រឡប់​ទៅ​វិញ​ណាស់ តែ​យើង​ទ្រាំ​ដូច​ជា​ធន់​នឹង​ការ​ឃ្លាន ធន់​នឹង​ការ​នឿយហត់ ធន់​នឹង​ពាក្យ​ជេរប្រទេច​ជាដើម​។ បែប​នេះ​យើង​ច្រើន​ហៅ​ថា អត់ធ្មត់ ឬ​អត់ទ្រាំ​។

ការ​អត់ធ្មត់ និង​ការ​អត់ទ្រាំ ទាំង​ពីរ​នេះ​រួម​គ្នា​ទៅ​ជា​អត់ធន់ ឬ​ខន្តី​។ អ្នក​ណា​ត្រូវការ​ខន្តី ក៏​ត្រូវ​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន គឺ​រៀន​អត់ និង​រៀន​ធន់​ជា​ពិសេស​អ្នកដឹកនាំ​ដែល​មានចិត្ត​ដូច​ប្រេងសាំង​រហ័ស​ឆាប​នោះ ត្រូវ​រៀន​ធន់​ឱ្យ​បាន​ច្រើន​ជាទី​បំផុត ទើប​មាន​កម្លាំងចិត្ត​ធ្វើការ​តទៅ​ទៀត ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ