ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ប្រសិទ្ធ​: តំបន់​ទេសចរណ៍​គួរ​យល់​ដឹង និង​ទស្សនា​កម្សាន្ត (មានវីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ភ្នំ​ប្រសិទ្ធ​មានឈ្មោះ ដើម «​ភ្នំ​ឫសី​សិទ្ធិ​» មិន​ត្រឹមតែ​ជាទី​កន្លែង​ដ៏​ស័ក្តិ​សិទ្ធ ដែល​អ្នកស្រុក​ទី​ជិត​ឆ្ងាយ​តែងតែ​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ សុំ​លាភ​សុំ​ជ័យ ពី​អ្នកតា​ម្ចាស់​ភ្នំ និង​ពី​ទសបារមី…

ខេត្តកណ្ដាល ៖ ភ្នំ​ប្រសិទ្ធ​មានឈ្មោះ ដើម «​ភ្នំ​ឫសី​សិទ្ធិ​» មិន​ត្រឹមតែ​ជាទី​កន្លែង​ដ៏​ស័ក្តិ​សិទ្ធ ដែល​អ្នកស្រុក​ទី​ជិត​ឆ្ងាយ​តែងតែ​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ សុំ​លាភ​សុំ​ជ័យ ពី​អ្នកតា​ម្ចាស់​ភ្នំ និង​ពី​ទសបារមី នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាទី​រមណីយដ្ឋាន​សម្រាប់​ទៅ​លេង​កម្សាន្ត​ពេល​ឈប់​សម្រាក​ពី​ការងារ​នា​ចុង​ស​ប្ដា​ហ៍ ឬ​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ មិនតែប៉ុណ្ណោះ កាលពី​សម័យ​ដើម​ភ្នំ​នេះ គឺជា​ទីកន្លែង​សម្រាប់​អ្នកស្រុក​ជិត​ឆ្ងាយ​ទៅ​សំណាក់​ភាវនា​ធម៌ ស្វែងរក​សេចក្ដីសុខ ក្នុង​ផ្លូវ​ព្រះធម៌ ក្នុង​ជំនឿ​យ៉ាង​មុតមាំ ។

បើ​យោង​តាម​អ្នក​មើល​ការ​ខុស​ត្រូវ​ទី​ភ្នំ​នេះ​ប្រាប់​ថា សព្វថ្ងៃ​ក៏​មាន​ទាំង​ភ្ញៀវ​ទេសចរណ៍​បរទេស ទៅ​លេង​ភ្នំ​នេះ​ដែរ មាន​ដូច​ជា ជនជាតិ​ចិន វៀតណាម បារាំង និង​ជនជាតិ​ផ្សេង​ៗ​ទៀត ។ ទោះបីជា​ភ្ញៀវ​បរទេស​ដែល​ទៅ​លេង​មិន​ទាន់​មាន​ចំនួន​ច្រើន និង​ទៅ​ជា​ប្រចាំ​រាល់ថ្ងៃ​ក្ដី ប៉ុន្តែ​ក៏​ចាត់​ទុក​ថា​ទីនោះ គឺជា​តំបន់​ទេសចរណ៍​មួយ​នៅ​ជិតបង្កើយ​ដែល​កៀក និង​រាជធានី​ភ្នំពេញ ។ អ្វី​ដែល​គួរតែ​ដឹង​ថែម​ទៀត​នោះ គឺ​ឈ្មោះ​ដើម​ព្រមទាំង​ប្រវត្តិ​រឿង​ភ្នំ​មួយ​នេះ​ដែល​មាន​ជាប់​ទាក់ទង​យ៉ាង​ជ្រៅ​ទៅ​នឹង​សាច់​រឿង «​បក្សី​ចាំ​ក្រុង​» គឺជា​ទីកន្លែង​ដែល​តា​គ​ហេ នាំ​ព្រះរាជ​កុមារ​បក្សី​ចាំ​ក្រុង រត់គេច​ខ្លួន​ពី​ការ​តាម​កាប់សម្លាប់​របស់​កងទ័ព​ព្រះបាទ​ព្រហ្ម​កិល​ពញាក្រែក ។ ចេញពី​តំបន់​វត្ត​វិហារ​សួរ​សព្វថ្ងៃ​មក​លាក់ខ្លួន​ពួន​អាត្មា​នៅ​លើ​ភ្នំ​ប្រសិទ្ធ​នេះ​ប្រកបដោយ​សុវត្ថិភាព និង​ភាព​សុខសាន្ត​កងទ័ព​រក​មិនឃើញ​ឡើយ​រហូត​ដល់​ពេល​ដែល​បក្សី​ចាំ​ក្រុង​បាន​ឡើង​សោយរាជ្យ​ជា​ស្ដេច បន្ទាប់​ពី​ព្រះបាទ​ពញាក្រែក​ដែល​ជាស​ត្រូវ​សោយ​ទីវ​ង្គ​តទៅ ។

មិនតែប៉ុណ្ណោះ​ដំបូង​ឡើយ​ភ្នំ​នេះ មិន​ទាន់​មានឈ្មោះ​នៅឡើយ​ទេ ហើយ​សម័យ​កាលនោះ​ក៏​ពុំ មាន​អ្នកស្រុក​ណា​ហ៊ាន​ចូល​ទៅ​ដល់​ដែរ គឺជា​ទី​ដែល​ព្រះ​មនុ​ឥសី​តាំងធម៌ ។ ប៉ុន្តែ​ក្រោយ​ពេល​ចូល​ទៅ​លាក់ខ្លួន​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ​តា​គ​ហេ តែងតែ​បន់ស្រន់​ដល់​អា​រុក​អារក្សអ្នកតា​ម្ចាស់​ភ្នំ និង​ព្រះ មុនី​ឥសី​ដែល​ធ្វើ​ចង្ក្រម​ភាវនា​ធម៌​នៅ​ទី​ព្រៃ​ភ្នំ​នោះ​រាល់ថ្ងៃ ដោយ​សេចក្ដី​ប្រាថ្នា​ថា «​សូម​ឲ្យ​បក្សី​ចាំ​ក្រុង ជា​ចៅ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ និង​បាន​សោយរាជ្យ​ជា​ស្ដេច​» ។

លុះ​២០​ឆ្នាំ ក្រោយមក​បក្សី​ចាំ​ក្រុង​ក៏​បាន​សោយរាជ្យ​ជា​ស្ដេច​ដូច​ការ​បន់ស្រន់​របស់​គាត់​មែន ទើប​តា​គ​ហេ បាន​សន្មត់​ឈ្មោះ​ទី​ភ្នំ​នេះ​ថា «​ភ្នំ​ឫសី​សិទ្ធិ​» ដែល​មាន​ន័យ​ថា «​ភ្នំ​របស់​ឥសី សឹង​ប្រកប​តាម​ប្រាថ្នា​» ហើយ​ក្រោយ​ៗ​មក​ទៀត​អ្នកស្រុក​បាន​នាំ​គ្នា​ហៅ​ក្លាយទៅជា « ភ្នំ​ប្រសិទ្ធ​» ។ ជាង​នេះ​ទៅ​ទៀត​នោះ​អ្នកស្រុក​ភាគច្រើន​បាន​បន្ត​ហៅ​ក្លាយ​ទៀត​ថា «​ភ្នំ​បាសិត​» ទៅ​វិញ ។

បើ​តាម​ស្ថានភាព​ជាក់ស្ដែង​ភ្នំ​ប្រសិទ្ធ​នេះ​មាន​២ ដោយ​ស្ថិត​នៅ​អម​សងខាង​ផ្លូវ​គឺ ទី​១ ភ្នំ​ប្រសិទ្ធ ខាងជើង ឬ​អ្នកស្រុក​តែង​ហៅ​ថា «​ភ្នំ​ប្រសិទ្ធ​ត្រ័យ​ត្រឹ​ង្ស​» ឬ​ហៅ​មួយ​បែប​ទៀត​ថា «​ភ្នំ​តា​ខ្ញី​» ព្រោះ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​មាន​ព្រះសង្ឃ​១​អង្គ​គង់នៅ​ទីនោះ​មាន​ម្រាមដៃ​ម្រាមជើង​ខ្ញី ទើប​អ្នកស្រុក ហៅ​ថា​ភ្នំ​តា​ខ្ញី​បែប​នេះ ។ ភ្នំ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​ពេជ្រ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ។ នៅ​ជួរ​ភ្នំ​ត្រ័យ​ត្រឹ​ង្ស​នេះ​ដែរ​ក៏​មាន​ភ្នំ​ក្រាយ និង​ភ្នំ​តា​ប៉ុក ប៉ុ​ន្ត​ពេល​នេះ​ភ្នំ​តា​ប៉ុក​ត្រូវ​រលាយ​បាត់ ស្រមោល​ក្លាយទៅជា​ដី​ទំនាប​បាត់​ទៅ​ហើយដោយ​សារ​តែ​ក្រុមហ៊ុន​ថៃ​មួយ​ធ្វើការ​វាយ និង​ដាក់​គ្រឿងផ្ទុះ យក​ថ្ម​លក់​ធ្វើ​ផ្លូវថ្នល់ និង​សំណង់​ផ្សេង​ៗ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​កន្លង​មក ។

ដោយឡែក​ទី​២ គឺ​ភ្នំ​ប្រសិទ្ធ​ខាងត្បូង​អ្នកស្រុក​ហៅ​ថា «​ភ្នំ​ប្រសិទ្ធ​ពពក​វិល ឬ​ភ្នំ​ប្រសិទ្ធ​ជ្រៃ​ទ្រេត ហើយ​បច្ចុប្បន្ន​នេះ​អ្នកស្រុក​បាន​ហៅ​ថា «​ភ្នំ​ប្រសិទ្ធ​គង់​ស៊ី​អ៊ី​ម​» ព្រោះ​មានការ​កសាង​ព្រះ​វិហារ​ចិន និង​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម​នៅ​លើ​កំពូលភ្នំ​មួយ​នោះ ។ ប៉ុន្តែ​ទោះជា បែប​ណា​គួរតែ​ហៅ​តាម ឈ្មោះ​ដើម​វិញ ប្រសើរ​ជាង ដើម្បី​កុំ​ឲ្យ​បាត់​តំណែល​ចាស់ ហើយ​នៅ​ជួរ​ភ្នំ​នេះ​មាន​ភ្នំ​ប្រសិទ្ធ​លើ ភ្នំ​ប្រសិទ្ធ​ក្រោម និង​ភ្នំ​រាប ។

សព្វថ្ងៃ​ភ្នំ​ប្រសិទ្ធ​ពពក​វិល ឬ​ភ្នំ​ប្រសិទ្ធ​ជ្រៃ​ទ្រេត នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន រដ្ឋបាល​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ បើ​និយាយ​ជា​រួម​ភ្នំ​ទាំង​២​នេះ ស្ថិត​នៅ​មិន ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ឡើយ និង​មាន​ព្រំប្រទល់​ជាប់​គ្នា​រវាង​ស្រុក​ទាំង​២​ខាងលើ​ជាមួយ និង​សង្កាត់​ព្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ថែម​ទៀត​ផង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​លោក​អ្នក​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៥ ហួស​ស្ពាន ព្រែក​ព្នៅ ឬ​ស្ពាន​លី​យុង​ផាត់​ដល់​ផ្សារ​ព្រែក​ព្នៅ សូម​លោក​អ្នក​បត់​ចូល​កាត់​តាម​ផ្សារ​នោះ​ចម្ងាយ ជាង​១០​គីឡូម៉ែត្រ​នោះ​លោក​អ្នក និង​បាន​ទៅ​ដល់​ភ្នំ​ប្រសិទ្ធ​នោះ​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ