ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់កាត់ផ្តាច់​ផ្លូវ​ត​ភ្ជាប់​ពី​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ទៅ​ក្រុង​ស្ទឹង​សែន​ខេត្តកំពង់ធំ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​កាន់ ឃុំ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ត្រូវ​បាន​កាត់​ផ្ដាច់​ទាំងស្រុង​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១០…

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​កាន់ ឃុំ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ត្រូវ​បាន​កាត់​ផ្ដាច់​ទាំងស្រុង​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ដោយសារ​ស្ថានភាព​ទឹកជំនន់​ហក់​ឡើង​ខ្លាំង ។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ស្រុក​កំពង់លែង​ក៏​បាន​ធ្វើ​សេចក្តីជូនដំណឹង​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​នេះ​ជា​បណ្ដោះអាសន្ន និង​បាន​សំណូមពរ​ប្រជាពលរដ្ឋ កុំ​បន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ទៀត​ដែល​នាំ​ឲ្យ​ខាត​ពេលវេលា ព្រោះតែ​ធ្វើ​ដំណើរ​មិន​រួច ។

លោក ចេ​ង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារ​​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិ​លេខ​៥០C ដែល​ត​ភ្ជាប់​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ត្រូវ​បាន​កាត់​ផ្ដាច់​ទាំងស្រុង​ហើយ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​។ លោក​បាន​បញ្ជាក់​ថា កំណាត់​ផ្លូវ​ដែល​កំពុង​ជន់​លិច​មាន​ប្រហែល​ជាង​៦​គីឡូម៉ែត្រ ដោយ​ដាច់​ជា​កង់​ៗ មាន​ជ្រៅ មាន​រាក់ មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ​។ បច្ចុប្បន្ន​សូ​ម្បី​តែ​ម៉ូតូ​ក៏​ស្ទើរតែ​បើក​ឆ្លងកាត់​មិន​រួច​ផង ។

លោក​បាន​បញ្ជាក់​ថា កំណាត់​ផ្លូវ​នេះ​ចាប់ផ្ដើម​កាត់​ផ្ដាច់​នៅ​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា និង​បន្ត​រហូត​មក​ដល់​ពេល​នេះ​កាន់តែ​ទឹក​ឡើង​ខ្ពស់​បន្ថែម​ទៀត អាស្រ័យ​ហេតុនេះ​ហើយ​ក្នុង​នាម​អាជ្ញាធរ​ស្រុក​កំពង់លែង លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ សូមកុំ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​កំពង់ឆ្នាំង​ទៅ​កំពង់ធំ ឬ​ពី​កំពង់ធំ​មក​កំពង់ឆ្នាំង​ជា​បន្ត​ទៀត ព្រោះ​នាំ​ឱ្យ​ខាត​ពេលវេលា​ដោយសារ​តែ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ​គឺ​មិន​អាច​បន្ត​ទៅ​មុខ​បាន​ឡើយ ។ ម្យ៉ាងវិញទៀត​ដើម្បី​ធានា​បាន​ផ្លូវថ្នល់​ប្រើប្រាស់​យូរអង្វែង​លោក​ក៏​បាន​សំណូមពរ​ដល់​រថយន្ត​ធុន​ធំ​នៅ​ពេល​ទឹក​ស្រក​មិន​ទាន់​ឲ្យ​បើក​ឆ្លងកាត់​នៅឡើយ​ទេ​លុះត្រាតែ​ដី​ផ្លូវ​នោះ​រឹង​វិញ​សិន​។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ពេល​ភ្នាក់ងារ​កោះសន្តិភាព​បាន​ចុះ​ទៅ​ដល់​កន្លែង​ដែល​មាន​ទឹកជំនន់​លិច​ផ្លូវ គឺ​ឃើញ​ការ​ធ្វើ​ចរាចរណ៍​បាន​តែ​ម៉ូតូ​ប៉ុណ្ណោះ ហើយ​ក្រៅពី​នោះ​គោ​យន្ត​អាច​ធ្វើ​ដំណើរ​បាន​។ ដោយឡែក​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​បន្ត​លើ​ផ្លូវ​នោះ ត្រូវ​ជិះ​កាណូត​ឆ្លង ដោយ​ក្នុង​មនុស្ស​ម្នាក់​ចំណាយ​ប្រាក់​៥​ពាន់​រៀល ចំណែក​ម៉ូតូ​មួយ​គ្រឿង​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ ។

សូម​បញ្ជាក់​ដែរ​ថា កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​មក​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នៅ​ពេល​ដែល​ធ្វើ​ចរាចរណ៍​បាន ធ្វើ​ឲ្យ​ស្រុក​មួយ​នេះ​មានការ​រីក​ចំរើន​ច្រើន ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​មាន​ភាព​ឆាប់រហ័ស​ងាយស្រួល ប៉ុន្តែ​ផ្លូវ​មួយ​ខ្សែ​នេះ​ធ្វើ​ដំណើរ​បាន​នៅ​ខែប្រាំង​តែ​ប៉ុណ្ណោះ លុះដល់​ខែវស្សា​រយៈពេល​៣​ទៅ​៤​ខែ​ត្រូវ​ទឹក​ជន់​លិច​ផ្លូវ​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ