ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបញ្ជាក់ប្រាប់ UN ថា កម្ពុជា​ត្រូវការ​សន្តិភាពដែល​មិន​អាច​ខ្វះ​បានក្នុង​ការ​អភិវឌ្ឍជាតិ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ប្រមុខ​ការទូត​កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​អ្នកសម្របសម្រួល​ប្រព័ន្ធ​អង្ក​កា​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ថា កម្ពុជា​ត្រូវការ​សន្តិភាព ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​អភិវឌ្ឍន៍​ជាតិ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ប្រមុខ​ការទូត​កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​អ្នកសម្របសម្រួល​ប្រព័ន្ធ​អង្ក​កា​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ថា កម្ពុជា​ត្រូវការ​សន្តិភាព ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​អភិវឌ្ឍន៍​ជាតិ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ជំនួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​ពី​ឯកឧត្តម ចូ សូ​យ័រ អ្នកសម្របសម្រួល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) ប្រចាំ​កម្ពុជា ក្នុង​ឱកាស​ដែល​ឯកឧត្តម​បញ្ចប់ អាណត្តិ​បេសកកម្ម​នៅ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​រួមចំណែក​ដ៏ មាន​តម្លៃ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ចូ សូ​យ័រ ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ ប្រសិទ្ធភាព​ជាមួយ​ភ្នាក់ងារ អ​.​ស​.​ប​. ប្រចាំ​កម្ពុជា និង​ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​ពី​តម្លៃ​នៃ​សន្តិភាព​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ហើយ​សង្ឃឹមថា សហគមន៍​អន្តរជាតិ​នឹង​បន្ត​គាំទ្រ​កម្ពុជា ដែល​ជា​ប្រទេស​តូច ស្រលាញ់​សន្តិភាព និង​ចង់បាន​តែ​សន្តិភាព​ជាមួយនឹង​ប្រទេស​ជិតខាង ដើម្បី​ឱ្យ​ប្រជាជន​ទាំង​សងខាង​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុខដុមរមនា ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ អ​.​ស​.​ប​. ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង សកម្ម​ក្នុង​សកម្មភាព​មីន​ក្រោម​ប្រតិបត្តិការ​រក្សា​សន្តិភាព ។

កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ អ​.​ស​.​ប​. ក្នុង​វិស័យ​នេះ​ដោយ​ទទួលស្គាល់​នូវ​ការ​រួមចំណែក​របស់ អ​.​ស​.​ប​. ក្នុង​ការ​ជំរុញ​គោលបំណង​មនុស្សធម៌ ការ​ការពារ​ជន​ស៊ី​វិល និង​ការ​គាំទ្រ​កិច្ច​ប្រឹងប្រែង​រក្សា​សន្តិភាព​អន្តរជាតិ ។

ឯកឧត្តម ចូ សូ​យ័រ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ ក្នុង​អំឡុង​បេសកកម្ម​ការងារ​របស់​ឯកឧត្តម ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ភាព​ជា​ដៃគូ​នេះ​បាន​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ អ​.​ស​.​ប​. អាច​ផ្តល់​នូវ​ការ​គាំទ្រ​កាន់តែ​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ជា​ច្រើន ។

ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែម​អំពី​វឌ្ឍនភាព​របស់​កម្ពុជា ក្នុង​ការ​តម្រង់​អាទិភាព​ជាតិ ឱ្យ​ស្រប​ទៅ​នឹង​របៀបវារៈ អភិវឌ្ឍន៍​សកល ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។ ឯកឧត្តម ចូ សូ​យ័រ ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ចូ សូ​យ័រ ក៏​បាន​ទទួលស្គាល់​នូវ​កេរដំណែល​ដ៏​មាន​អត្ថន័យ​របស់​អង្គ​ជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) ដោយ​ទទួលស្គាល់​ថា វា​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ ជំរុញ​យុត្តិធម៌ ការ​ទទួលខុសត្រូវ និង​ការ​ផ្សះផ្សា​ជាតិ ។ កេរដំណែល​របស់ ECCC គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់ កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ ការ​អភិរក្ស​អង្គ​ចង​ចាំ​ប្រវត្តិសាស្ត្រ និង​ការ​បង្កើត​មូលដ្ឋាន​គ្រឹះ អចិន្ត្រៃយ៍​សម្រាប់​សន្តិភាព និង​ការ​អភិវឌ្ឍ​ស្ថាប័ន​ក្នុង​ប្រទេស ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ចូ សូ​យ័រ បាន​សម្តែង​នូវ​សមានចិត្ត​អាណិត​ចំពោះ​ប្រជា​ជនភៀសសឹក កម្ពុជា និង​ជន​រង​គ្រោះ ដែល​រង​ការ​ប៉ះពាល់​ដោយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។ ឯកឧត្តម​បាន​បញ្ជាក់​ជា​ថ្មី​ឡើង​វិញ​ពី​សាមគ្គីភាព​ជាមួយ​សហគមន៍​ដែល​ទទួល​រង​ការ​ប៉ះពាល់ និង​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្ត​របស់ អ​.​ស​.​ប​. ក្នុង​ការ​គាំទ្រ ដល់​តម្រូវការ​មនុស្សធម៌ ការ​ការពារ និង​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​គោលបំណង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង សុវត្ថិភាព​មនុស្ស​។

ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​រក្សា​ច​លករ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​លើកកម្ពស់​សន្តិភាព វិបុលភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្រប​តាម​អាទិភាព​ជាតិ​របស់​កម្ពុជា និង​តួនាទី​សកល​របស់​អង្គការសហប្រជាជាតិ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ធ្វើការ​ជិត​ស្និទ្ធ ជាមួយ អ​.​ស​.​ប​. ជា​ពិសេស អ្នកសម្របសម្រួល​ប្រព័ន្ធ អ​.​ស​.​ប​. ថ្មី ប្រចាំ​កម្ពុជា គឺ​លោកស្រី ភ្នំ​ដាំង​កា អាន់​វ៉ា ។ ជាទី​បញ្ចប់​ភាគី​ទាំង​ពីរ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ យូរអង្វែង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការសហប្រជាជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ