រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចេញសារាចរបន្ថែមស្តីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ។ ការចេញសារាចររបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីពេលថ្មីៗបានចេញសារាចរមួយឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។
សារាចរណែនាំបន្ថែមដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី១០ ខែកញ្ញានេះ បានឲ្យដឹងថា ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ដែលជំនន់ទន្លេមេគង្គបានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរ នៅបណ្តាខេត្ត ស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ។
ប្រភពបានបន្តថា បើទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រកចុះនេះមានសភាពយឺត ជាក់ស្ដែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះនៅយប់ថ្ងៃទី០៦ មកដល់ព្រឹកថ្ងៃទី ១០ ខែកញ្ញានេះ មានរយៈពេល០៤ថ្ងៃកន្លះ ស្មើនឹង១០៨ម៉ោង ទឹកស្រកចុះបានត្រឹមតែ០,៦០ ម៉ែត្រប៉ុណ្ណោះ ។ ការស្រកចុះយឺតនេះ គឺដោយសារបរិមាណទឹកដែលកើតឡើងដោយសារជំនន់នាពេលកន្លងមកមានបរិមាណទឹកដ៏ច្រើនលើសលប់ ទន្ទឹមនឹងភ្លៀងនៅបន្តធ្លាក់ពីតិចទៅបង្គួរក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គបន្ថែមទៀត ។
សារាចររបស់សម្តេចបានលើកឡើងទៀតថា យោងតាមការព្យាករលើស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ចាប់ពីថ្ងៃទី១២ ខែកញ្ញាតទៅនឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយកើតឡើងហើយប្រព័ន្ធសម្ពាធទាបនេះនឹងរំកិលខ្លួនចុះមកក្រោម (ចន្លោះស្ទឹងត្រែង-ប៉ាក់សេ) ។
ប្រព័ន្ធសម្ពាធទាបថ្មីនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គរទៅច្រើនជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ២០១៩នេះ ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ ។ យោងលើស្ថានភាពកម្ពស់ទឹកទន្លេនាពេលបច្ចុប្បន្ន និងស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ និងបញ្ជាក់ជូនខាងលើរាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ត្រូវបន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងវិធានការចាំបាច់នានាត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លីខាងមុខកាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិអាយុជីវិតរបស់ប្រជាពលរដ្ឋ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ