ខេត្តកំពង់ចាម ៖ ស្របពេលដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងរហូតដល់មានកម្ពស់១៥,៦៩ម៉ែត្រ បណ្តាលឲ្យច្រាំងទន្លេក្នុងស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ បានបាក់ស្រុតរួមនឹងលំនៅឋានពលរដ្ឋបានត្រូវរុះរើទៅកន្លែងសុវត្ថិភាពជាច្រើនខ្នងហើយ ដោយឡែកនៅរសៀលថ្ងៃទី០៩ កញ្ញានេះ ។
លោកគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ ទទួលបន្ទុកគ្រោះមហន្តរាយបានអញ្ចើញចុះមកពិនិត្យការសាងសង ច្រាំងទន្លេនៅមុខសណ្ឋាគារមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីរកវិធានការតទប់ស្កាត់ការពារមិនឲ្យទឹកហូរចូលក្រុង ។ លោកគឹម ម៉ៅ វ័យ៥៥ឆ្នាំ នៅភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ប្រាប់ថា ច្រាំងទន្លេនៅក្បែរ និងផ្ទះរបស់គាត់២ទៅ៣ថ្ងៃនេះទឹកទន្លេមេគង្គបានបន្តហក់ឡើង ដោយមានរលកបោកផ្ទប់ច្រាំង បណ្តាលឲ្យបាក់ដល់ផ្លូវក្រាលកៅស៊ូ ហើយត្រូវបានលោកខ្ចង អូន ចៅសង្កាត់បឹងកុកដឹកនាំកម្លាំងចុះមកច្រកបាវខ្សាច់ និងដំបង្គោលឈើដាក់ទប់កុំឲ្យច្រាំងបាក់បន្តទៀត ។ រហូតមកដល់ថ្ងៃទី០៩កញ្ញា អាជ្ញាធរបានប្រឹងទប់ទឹក ដើម្បីធ្វើយ៉ាងណាកុំឲ្យហូរដាច់ផ្លូវគាត់ក៏មិនសូមព្រួយបារម្ភទៀតដែរ ។ ក្នុងរយៈពេល២-៣ឆ្នាំនេះ ច្រាំងទន្លម្តុំមុខផ្ទះគាត់បាក់ ហើយទឹកស្រកទៅវិញបាក់ដីជម្រៅប្រហែល៧ម៉ែត្រ ។
លោកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ទឹកទន្លេមេគង្គបានឡើងដល់១៥,៦៩ម៉ែត្រ ដោយបានឡើងមកហូរចូលលិចក្រោមផ្ទះរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ និងមិនទាន់មានរបាយការណ៍ពីការខូចចខាតផលដំណាំព្រោះទឹកទើបឡើង២ថ្ងៃ ។
ដោយឡែកគោត្រូវបានដឹកជញ្ជូនគោមកនៅទីទួលសុវត្ថិភាព ដោយអាជ្ញាធរបានរៀបចំទុករួចជាស្រេច ។ ហើយលោកទេសរដ្ឋមន្ត្រីគន់ គីម ដែលបានអញ្ចើញចុះមកពិនិត្យការសាងសង់ច្រាំងទន្លេក្នុងក្រុងកំពង់ចាមក៏បានផ្តល់ដំបូន្មាន និងឲ្យមានវិធានការជាមួយនោះក៏មានត្រៀមម៉ាស៊ីនបូមទឹកធំៗចំនួន៣គ្រឿង របស់ក្រសួងធនធានទឹក ដើម្បីត្រៀមបូមទឹកចេញ ប្រសិនបើទឹកទន្លេហូរចូលក្រុងកំពង់ចាម៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ