ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្ត​ព្រះ​សីហ​នុ​អាច​រំដោះខ្លួន​ចេញពី​ភាព​ខ្ទេចខ្ទាំ​ដោយ​របៀប​ណា…

4 ឆ្នាំ មុន
  • ព្រះសីហនុ

នៅ​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​តែ​រីក​ដុះដាល​ដោយ​សំណង់​ខ្ពស់​ៗ ​និង​ប្រណីតភាព​នោះ រូបភាព​អវិជ្ជ មាន​មួយ​ចំនួន ​ក៏​បាន​កើតឡើង​ដោយ​បំផ្លាញ​សម្រស់​ខេត្ត​ព្រះ​សីហ​នុ​ ជា​ឋានសួគ៌​ទេសចរណ៍​មួយ ។ ស្ថាន ភាព​បាន​តម្រូវ​អោយ​រដ្ឋាភិបាល​ចាត់ការ​យ៉ាង​ឆាប់រហ័ស​…

នៅ​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​តែ​រីក​ដុះដាល​ដោយ​សំណង់​ខ្ពស់​ៗ ​និង​ប្រណីតភាព​នោះ រូបភាព​អវិជ្ជ មាន​មួយ​ចំនួន ​ក៏​បាន​កើតឡើង​ដោយ​បំផ្លាញ​សម្រស់​ខេត្ត​ព្រះ​សីហ​នុ​ ជា​ឋានសួគ៌​ទេសចរណ៍​មួយ ។ ស្ថាន ភាព​បាន​តម្រូវ​អោយ​រដ្ឋាភិបាល​ចាត់ការ​យ៉ាង​ឆាប់រហ័ស​ និង​មាន​ប្រសិទ្ធភាព​ ដើម្បី​ស្រោចស្រង់​ខេត្ត​នេះ​ឡើង​វិញ ។

ការ​បាក់​សំណង់​អគារ ​ដែល​សាងសង់​ដោយ​ជនជាតិ​ចិន​បាន​ឆក់​យក​ជីវិត​មនុស្ស​២៨​នាក់ ហើយ​វា​បាន​នាំ​អោយ​មានការ​ចោទសួរ​អំពី​គុណភាព​សំណង់​ជា​ច្រើន​ទៀត ​ដែល​កំពុង​សាងសង់​ភាគច្រើន​ដោយ​ជនជាតិ​ចិន ។ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​មានការ​ព្រួយបារម្ភ​អំពី​គុណភាព​សំណង់ ទាំងនោះ​ហើយ​ក៏​បាន​ចាត់វិធាន ការ​បន្ទាន់​ជា​ច្រើន ដើម្បី​ពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

បញ្ហា​បាក់​អគារ​មិន​ទាន់​ចប់​សព្វគ្រប់​ផង ភ្លៀង​ធ្លាក់​ជោគ​ជាំ​ និង​ស្ថានភាព​ផ្លូវ​មិនល្អ​ស្រាប់ បាន​ធ្វើ​ឱ្យ​ផ្លូវ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ជា​ច្រើន​ខូច​យ៉ាងដំណំ​ដោយ​ធ្វើ​ឱ្យ​មានការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ដែល​កំពុង​មានការ​អិ​ភ​វឌ្ឍន៍​ខ្លាំង ។

ជាមួយនឹង​ស្ថានភាព​ផ្លូវ​ដ៏​អាក្រក់​បែប​នេះ ខេត្ត​ព្រះ​សីហ​នុ​ក៏​បាត់បង់​សម្រស់​របស់​ខ្លួន​ជា​ខេត្ត​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​។ វា​រឹតតែ​អាក្រក់​មើល​ទៀត​នៅ​ពេល​ដែល​គេ​មើលឃើញ​ស្ថានភាព​ផ្លូវ​មិនល្អ​ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​នៃ​ខេត្ត​នេះ ។

ការ​ខូចខាត​ផ្លូវ​នៅ​ក្នុង​ខេត្ត​អាច​បណ្តាល​មក​កត្តា​ជា​ច្រើន​ផ្សេង​ទៀត​បន្ថែម​លើ​បញ្ហា​ទឹកភ្លៀង​ដែល​យើង​មិន​អាច​ហាមឃាត់​បាន ។ ប៉ុន្តែ​មូលហេតុ​មួយ​ចំនួន​ទៀត​គឺ​បង្ក​ឡើង ដោយ​មនុស្ស​ហើយ វា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងនោះ ។ កត្តា​មនុស្ស​ដែល​ប្រព្រឹត្ត​គឺ​«​ចាក់​ស្តើង​ស៊ី​ក្រាស់​» គឺជា​អ្វី​ដែល​ត្រូវ​តែ​ចៀសវាង​ឱ្យ​បាន​នៅ​ក្នុង​ការ​សាងសង់​ផ្លូវ​នៅ​ខេត្ត​ព្រះ​សីហ​នុ​និង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន ប្រហែលជា​បានដឹង​អំពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន នៅ​ក្នុង​ការ​ធ្វើ​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​លោក​បាន​ធ្វើការ​ព្រមាន​ឱ្យ​ឈប់​ជា​បន្ទាន់ការ​ធ្វើ​ផ្លូវ​តាម​របៀប​មួយ​ដែល​គេ​ហៅ​ថា​«​ចាក់​ស្តើង​ស៊ី​ក្រាស់​» ដែល​ចង់​សំដៅ​ទៅ​លើ​ការ​ធ្វើ​ផ្លូវ​ស្តើង និង​មានគុណ​ភាព​អន់​កើតឡើង​ដោយសារ​តែ​ការ​កិបកេង​និង​ស៊ីលុយ​ច្រើន​យ៉ាង​ក្រាស់ក្រែល​ពី​ការ​ធ្វើ​ផ្លូវ​នោះ​ដោយ​រាប់​ទាំង​លុយ​ក្រោម​តុ​ផង ។

ក្រៅពី​ដោះស្រាយ​បញ្ហា​នានា​ទាក់ទង​នឹង​ការ​ធ្វើ​ផ្លូវ ដោយ​រួម​ទាំង​បញ្ហា​ពុក​រលួយ​ផង​នោះ ដំណោះស្រាយ​ផ្សេង​ទៀត​ក៏​ចាំបាច់​ត្រូវធ្វើ​ទន្ទឹម​គ្នា​ផង​ដែរ ។ ការ​សាងសង់​ផ្លូវ​មានគុណ​ភាព​ជា​រឿង​ចាំបាច់​មួយ ប៉ុន្តែ​ការ​ចាំបាច់​មួយទៀត​នោះ​គឺ​ការ​ថែទាំ​អោយ​បាន​ជាប់លាប់​ដើម្បី​ធានា​ថា​មានការ​លុប​បំបាត់​ជង្ហុក ផ្លូវ​តូច​ៗ​ទាន់​ពេលវេលា មុន​ពេល​ដែល​វា​ក្លាយជា​ជង្ហុក​ធំ​និង​ធ្វើ​អោយ​ខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ ។ កិច្ចការ​រំដោះ​ទឹក​ក៏​ជា​រឿង​ចាំបាច់​មួយទៀត​ដែល​ត្រូវធ្វើ ។ មន្ត្រី​ជំនាញ​កម្ពុជា​បាន​យល់​យ៉ា​ច្បាស់​រួច​ហើយពី​យន្តការ​រំដោះ​ទឹក​ចេញពី​ផ្លូវថ្នល់​ដូច​ជា​ការ​ស្តារ​អូរ​និង​ប្រព័ន្ធ​បង្ហូរទឹក​កង្វក់​ជាដើម ។

ការ​ដឹក​ជញ្ជូន​គ្រឿងចក្រ​ធុន​ធ្ងន់​ដើម្បី​ការ​សាងសង់​នានា​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​ត្រូវ​បាន​គេ​យល់​ថា អាច​ជា​មូលហេតុ​មួយទៀត​ដែល​រួមចំណែក​ធ្វើ​អោយ​មានការ​ខូចខាត​ផ្លូវ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ដូច្នេះ​ ការ​គ្រប់ គ្រង​ការ​ដឹក​ជញ្ជូន​ធ្ងន់​ៗ​ឱ្យ​មាន​ប្រសិទ្ធភាព​ក៏​អាច​នឹង​រួមចំណែក​កាត់​បន្ថយ​ការ​ខូចខាត​ផ្លូវ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

ការ​គ្រប់គ្រង​សំរាម​និង​ថង់​ប្លា​ស្ទិ​ច​ក៏​មាន​ភាព​ចាំបាច់​ផង​ដែរ ដោយសារ​វា​បាន​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវទឹក​ហូរ ។ ប្រជា ជន​និង​អ្នក​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងអស់​មាន​កាតព្វកិច្ច​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​មិន​ចោល​សំរាម​ឬ​ក៏​ថង់​ប្លា​ស្ទិ​ច​ពាស​វាល​ពាស​កាលដែល​នាំ​ដល់​ការ​ស្ទះ​ផ្លូវទឹក​ហូរ ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​មើលឃើញ​ពី​ភាព​ចាំបាច់​ខ្លាំង ដែល​ត្រូវ​ស្រោចស្រង់​ឡើង​វិញ​សម្រស់​ខេត្ត​ព្រះ​សីហ​នុ​ហើយ​ក៏​បាន​សម្រេច​បញ្ចេញ​លុយ​រហូត​ដល់​១០០​លាន​ដុល្លារ​ដើម្បី​ជួសជុល​និង​ដោះស្រាយ​បញ្ហា​ហេ​ត្ថា​រ​ច​ន​សម្ព័ន្ធ​ខេត្ត​ព្រះ​សីហ​នុ ។ នៅ​ពេល​ដែល​ចំណាត់ការ​រាល់​បញ្ហា​ដែល​មាន​ធ្វើ​ឡើង ដោយ​មាន​ប្រសិទ្ធភាព ខេត្ត​ព្រះ​សីហ​នុ និង​រំដោះខ្លួន​ចេញពី​ភាព​ខ្ទេចខ្ទាំ​នៅ​ពេល​នេះ ។

ទីបំផុត​ ខេត្ត​ព្រះ​សីហ​នុ​ដ៏​មាន​មន្ត​ស្នេហ៍​សង្ឃឹមថា នឹង​វិល​ត្រឡប់​មក​វិញ ហើយ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​គួរ​ឱ្យ​ទាក់ទាញ ។ ប៉ុន្តែ​ការ​បរាជ័យ​នៅ​ក្នុង​ការ​ដោះស្រាយ​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​នានា​នា នៅ​ក្នុង​ខេត្ត​នឹង​ធ្វើ​ឱ្យ​បាត់បង់​កិត្តិនាម​នៃ​ខេត្ត​ព្រះ​សីហ​នុ ជា​ឋានសួគ៌​ទេសចរណ៍​ជា​រៀង​រហូត ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ យើង​នឹង​សំឡឹង​មើល​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ផ្លូវ​ដ៏​វិជ្ជមាន​មួយ​ហើយ​សង្ឃឹមថា​ការចាយ​លុយ​១០០​លាន​ដុល្លារ​នឹង​ស្រោចស្រង់​ខេត្ត​ព្រះ​សីហ​នុ​ ចេញពី​ភាព​ខ្ទេចខ្ទាំ​នា​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ