ខេត្តស្វាយរៀង ៖ ខណៈដែលរដូវវស្សាចូលមកដល់ក្រោយពីការងារធ្វើស្រែចំការរួច ប្រជាពលរដ្ឋរស់នៅឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បាននាំគ្នាដើរនេសាទឈ្លើងដើម្បីលក់អោយឈ្មួញរកកម្រៃបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។
បើតាមលោក មាន សាន អាយុ៤២ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិខ្នុរឃុំរមាំងថ្កោលស្រុកស្វាយទាប បានឲ្យដឹងកាលពីថ្ងៃទី៦ កញ្ញានេះថា ក្រៅពីការងារធ្វើស្រែចំការនោះ គឺពួកគាត់ដើរនេសាទឈ្លើងតាមទីវាលស្រែ និងតាមបឹងដែលមានទឹកអស់រយៈពេលជាង១០ឆ្នាំមកហើយ ។ លោកបានបន្តអោយដឹងទៀតថា ក្នុងការដើរនេសាទឈ្លើងនេះមិនងាយស្រួលដូចមុខរបរផ្សេងៗនោះទេ ដោយត្រូវធ្វើដំណើរចេញពីផ្ទះទៅរកទីកន្លែងដែលមានទឹក និងសំបូរទៅដោយសត្វគោក្របីដេកនៅតាមមាត់បឹងតាមវាលស្រែដែលមានទឹកជាដើមម្យ៉ាង វិញទៀតនោះត្រូវចុះក្នុងទឹកកូរ ឬគោះទឹកធ្វើអោយសត្វឈ្លើង ឮចេញមកក៏ដងយក ឬអោយសត្វឈ្លើងទាមទើបចាប់យកដាក់ប៊ីដុង ។ ហើយការទុកដាក់សត្វឈ្លើងវាមិនពិបាកនោះទេ គ្រាន់តែដាក់ប៊ីដុង និងយកផ្លែក្រូចឆ្មាមកជួតតាមមាត់ប៊ីដុងធ្វើអោយសត្វឈ្លើងចេញមិនរួចហើយរស់បានយូរ។
លោកបានបញ្ជាក់ថា ការនេសាទឈ្លើងយកលក់ក្នុងឆ្នាំនេះ គឺមានការធ្លាក់ថ្លៃជាងឆ្នាំមុនៗដែលឆ្នាំមុនៗ គឺសត្វឈ្លើងលក់បានក្នុង១គីឡូ តម្លៃ៦ម៉ឺន ទៅ៧ម៉ឺនរៀលឯណោះ ប៉ុន្តែក្នុងឆ្នាំនេះឈ្មួញទទួលទិញតែ១គឺឡូក្រាមតម្លៃត្រឹមតែ២៥,០០០រៀល ដែលជាហេតុធ្វើអោយពួកគាត់ខំរកទាំងក្រោមកណ្តាលថ្ងៃ និងកណ្តាលភ្លៀងយ៉ាងលំបាក និងត្រូវចេញពីផ្ទះទៅនេសាទសត្វឈ្លើងនៅតាមស្រុកភូមិឆ្ងាយៗហើយក្នុងមួយថ្ងៃអាចរកឈ្លើងចាប់ពីកន្លះគីឡូក្រាមទៅ២គីឡូក្រាមឯណោះក្នុងម្នាក់ៗ ហើយសត្វឈ្លើងអាចប្រោះទុកបាន២ទៅ៣ថ្ងៃ ។
ស្រដៀងគ្នានេះដែរ លោកស្រី ស៊ូ ជាអ្នកនេសាទសត្វឈ្លើងម្នាក់ក្នុងក្រុមពួកគាត់ដែលមានគ្នា៦ទៅ៧នាក់ បានប្រាប់ឲ្យដឹងថា ក្នុងការដើរនេសាទឈ្លើង គឺមានគ្នាជាក្រុមមានគ្នា៧ទៅ៨នាក់ ដោយចែកកន្លែងគ្នាដើររកតាមទីវាលមាត់បឹង និងវាលស្រែដែលមានទឹកចម្ងាយពីគ្នា៤០០ទៅ៥០០ម៉ែត្រ ។ លោកស្រីបានបន្តទៀតថា ការធ្វើដំណើរ គឺចាប់ពីព្រលឹមពួកគាត់នាំគ្នាចេញពីផ្ទះទៅនេសាទឈ្លើងលុះដល់ម៉ោង២ ឬ៣រសៀលទើបត្រឡប់មកផ្ទះវិញ ដោយមានម៉ូយមកថ្លឹងទិញតែម្តង ។
បើតាមលោក ប្រាក់ សារឿន រស់នៅភូមិស្វាយធំឃុំស្វាយរំពាស្រុកស្វាយទាប ដែលជាអ្នកទទួលទិញសត្វឈ្លើងបានប្រាប់ឲ្យដឹងថា មុខរបរទិញសត្វឈ្លើងនេះ លោកបានរកស៊ីរយៈពេល៥ ទៅ៦ឆ្នាំមកហើយ ដោយលោកយកទៅលក់បន្តអោយឈ្មួញទទួលទិញនៅភ្នំពេញហើយមិនច្បាស់ថា យកលក់បន្តនៅណានោះដែរ គ្រាន់តែដឹងថា គេយកទៅលក់នៅប្រទេសចិន ។
លោកបានបន្តថា រូបលោកក៏ដូចពលរដ្ឋជា អ្នកដើរនេសាទឈ្លើងអំពាវនាវ និងចង់អោយមានទីផ្សារច្បាស់លាស់បន្តិច ពីព្រោះសព្វថ្ងៃគ្មានទីផ្សារច្បាស់លាស់នោះទេ គឺតាមឈ្មួញនៅភ្នំពេញជាអ្នកកំណត់តម្លៃដូច្នេះលក់មិនសូវបានចំណេញ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ