ប្រជានុរាស្ត្រ​សម័យ​តេ​ជោ​សែន លែង​ល្ងង់​ហើយ


​ប្រជាជន​ដែល​មាន​លំនៅ​ឋាន​តាម​ដង​ទន្លេមេគង្គ​ទាំង​សង្ខាង​គឺជា​អ្នក​រស់នៅ​ត​ពូ​ជត​ត្រកូល​យូរលង់​មក​ហើយ ដែល​គេ​ហៅ​យ៉ាង​សាមញ្ញ​ថា​«​អ្នក​ទន្លេ​»​ដោយ​រស់នៅ​មិន​ប្រាកដ​ថា​បាន​សុវត្ថិភាព និង​សុខសាន្ត​គ្រប់​គ្នា​ទេ ។ តាម​ការ​កត់សម្គាល់​ឆ្នេរទន្លេ​តំបន់​ខ្លះ​ទទួល​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​«​ច្រាំង​បាក់​» ។ ច្រាំង​បាក់​ខ្លះ​រហូត​ដល់​អស់​ដី អស់​ផ្ទះ អស់​កេរ​កម្មសិទ្ធិ​ពី​ដូនតា​ដែល​មហន្តរាយ​នេះ​កើត​ចេញពី​កត្តា​គ្រោះ​ធម្មជាតិ​ទឹក​ហូរ​បាក់​ច្រាំង​ក៏​មាន និង​កើត​ចេញពី​«​កត្តា​មនុស្ស​»​តាម​រយៈ​ការ​បូ​ប​ខ្សាច់​រំលោភ​ច្រាំង​ក៏​មាន ។

​បាន​កត់សម្គាល់​ទៀត ឆ្នេរទន្លេ​តំបន់​ខ្លះ​មានភ័ព្វ​សំណាង​ខ្ពស់​ណាស់​ដោយសារ​តែ​«​ច្រាំង​ដុះ​»​ឬ​ហៅ​ថា​«​ដីដុះ​»​ដែល​មួយ​ឆ្នាំ​ៗ​ខ្សាច់​បាន​ដុះ​ប្រៀប​ដូច​បាន​ជួយ​បង្កើន​បន្តកន្ទុយ​ដី​លំនៅ​ឋាន​កាន់តែ​វែង​លយ​ចូល​ទៅ​ទឹកទន្លេ​តែ​ម្តង ។ ឆ្នេរទន្លេ​ដែល​មាន​ដីដុះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​រស់នៅ​តំបន់​នោះ​មានសំណាង មាន​ជីវភាព​រស់នៅ​ធូរធា​តាម​រយៈ​ដំណាំ​ដាំ​ដុះ​«​បណ្តាញទឹក​»​ទាំង​ប្រាំង​ទាំង​រដូវវស្សា ។

ពិ​​សេស​មួយទៀត ប្រជាជន​រស់នៅ​តាម​ច្រាំង​នៃ​ដង​ទន្លេ​បាន​បែងចែក​គ្នា​យ៉ាង​សុខសាន្ត​នូវ​ធម្មជាតិ​អំណោយផល​នេះ មិន​បាន​បង្ក​ផល​លំបាក​ដល់​សង្គម​ឡើយ ពោល​គឺ​ផ្ទះ​ណា​មាន​ដី​ទំហំ​ក្បាលដី​ផ្ទះ​ប៉ុនណា គេ​បាន​កំណត់​យក​ទំហំ​ដី​ផ្ទះ​របស់​ពួក​គេ​ត្រង់​ហ្នឹង​ចុះ​ទៅ​ដល់​ច្រាំង​ទន្លេ ។ ទោះបី​ដីដុះ​ប្រវែង​ណា​គឺ​ដី​កម្មសិទ្ធិ​របស់​ពួក​គេ​កាន់កាប់​ដល់ទី​នោះ​តាំង​តែ​ពី​ដូនតា​មក ។

​ចំណែក​ដំណាំ​ដាំ​ដុះ​ក៏​ចែក​ជា​ពីរ​ប្រភេទ​ដែរ ដំណាំ​រដូវវស្សា និង​ដំណាំ​រដូវប្រាំង​ទឹក​ស្រក មិន​ដែល​រដ្ឋអំណាច​ថ្នាក់​ណា​មក​រារាំង មក​ដណ្តើម​យក​«​ដីដុះ​»​ពី​កន្ទុយ​ផ្ទះ​ប្រជាជន​ទាំងនោះ​ឡើយ ច្រើន​របប​សង្គម​មក​ហើយ ធ្វើ​ឱ្យ​ប្រជាជន​រស់នៅ​យ៉ាង​សុខសាន្ត​ប្រចាំ​ត្រកូល​តរៀង​មក ។

ចម្លែក​អី​ម្ល៉េះ​ទេ​…​ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៩​នេះ​ដីដុះ​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ត្រូវ​បាន​រដ្ឋអំណាច​ខេត្ត​តាម​រយៈ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល និង​តាម​អំ​ណា​ច​ចង់បាន​ពី​សេដ្ឋី​ខ្លះ​ផង​បាន​យក​អំណាច​លោកតា​ប្រាក់​ទៅ​កាត់​យក​ដីដុះ​ដែល​នៅ​កន្ទុយ​ដី​ផ្ទះ​របស់​ប្រជាជន​ស្ទើរ​មួយ​ច្រាំង​ទន្លេ​ក្នុង​តំបន់​«​ប​ង្ក្រ​ប់​៧០​ហិ​កតារ​»​សម្រាប់​ឱ្យ​ឯកជន​ធ្វើ​របស់​ដែល​ហៅ​ថា​«​វិនិយោគ​»​។

​ដោយសារ​តែ​ប្រជាជន​ដែល​ជា​ម្ចាស់​ដី ម្ចាស់​ផលដំណាំ​រឹងទទឹង​មិន​ព្រម​លក់​…​ត្រូវ​បាន​រដ្ឋអំណាច​សម័យនេះ​ប្រកាស​ថា​«​ដីដុះ​ជា​ដី​របស់​រដ្ឋ​»​រដ្ឋ​ត្រូវ​តែ​យក ដោយ​យក​ច្បាប់​មក​ដាក់​ពីមុខ​តែ​ម្តង ។

ចំណែក​ម្ចាស់​ដី​បាន​តវ៉ា​យ៉ាង​ត្រឹមត្រូវ​ថា បើ​រដ្ឋ​ត្រូវការ​ខានមិនបាន​មែន​ត្រូវ​តែ​«​សង​»​តាម​តម្លៃ​ទីផ្សារ មិនមែន​«​រំលោភ​ទាំង​កម្រោល​»​ដូច​រដ្ឋអំណាច​ខេត្តកណ្តាល​ប្រព្រឹត្ត​បែប​នេះ​បាន​ទេ គឺ​មិន​ព្រម​ទេ មិន​ព្រម​ដាច់ខាត​។

គួរ​កត់​សម្គាល់ថា ប្រជាជន​សម័យ​តេ​ជោ​សែន​ដ៏​មាន​អំណាច​យូរ​មិន​ល្ងង់​ដូច​សម័យ​មុន​ៗ​ទេ​…​មិន​ចេះ​សម្ងំ​ស្ងៀម​ដូច​រដ្ឋអំណាច​សម័យ​មុន​ៗ​ទេ​…​ព្រមទាំង​បាន​កាត់​យល់​ទៀត​ថា បើ​មាន​រដ្ឋអំណាច​ថ្នាក់​ណាមួយ​មក​កំហែង​គំរាម​កាត់​យក​ដី​ដែល​ពួក​គាត់​កាន់កាប់​ប្រគល់​ឱ្យទៅ​សេដ្ឋី​ណាមួយ ទោះបី​មាន​របស់​ដែល​ហៅ​ថា​«​ស​.​ជ​.​ណ​»​ក៏​ដោយ ពួក​គេ​បាន​យល់​ឃើញ​ដូច​ៗ​គ្នា​ថា «​អ្នកមាន​ប្រាក់​បាន​ទិញ​យក្ស​ប្រើ​» យ៉ាង​ពិតប្រាកដ ព្រោះ​កាលណា​មាន​ប្រាក់​អាច​ទិញ​យក្ស​ជិះ​លេង​ម៉ា​សេរី ។

ទ្រឹស្តី​យល់​ដឹង​ខ្លះ​ៗ​ខាងលើ​នេះ ជា​កំហុស​តេ​ជោ​សែន​ប្រមុខ​ដឹកនាំ​សង្គម ប្រមុខ​បក្ស​ដែល​ជា​អ្នក​បាន​បណ្តុះបណ្តាល ជា​អ្នក​មើលថែ​ទាំ​ការពារ​នូវ​ផលប្រយោជន៍​ប្រជាជន ព្រមទាំង​លើកកំពស់​សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ​របស់​ប្រជាជន​ទូ​ទាំង​ប្រទេស​៦​អាណត្តិ​កន្លង​ធ្វើ​ឱ្យ​ប្រជាជន​ចេះ​ដឹង​អស់​«​លែង​ល្ងង់​» ។

​ពិសេស​ទៀត​អាច​ជា​កំហុស​របស់​សម្តេច​ក្រឡាហោម ដែល​បាន​បញ្ជូន​ក្រុមការងារ​គណបក្ស​ទៅ​ចូលរួម​ថែរក្សា​ការពារ​ការ​រស់នៅ​របស់​ប្រជាជន​តាម​ជនបទ​ឱ្យ​យល់​ដឹង​ពី​ជីវភាព​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខ គ្មាន​ការ​គំរាមកំហែង​…​គ្មាន​ការ​ជិះជាន់​កៀបសង្កត់​…​ដែល​បាន​ធ្វើ​ឱ្យ​ប្រជា​ជន​ដ៏​ល្ងង់ខ្លៅ​ពី​របប​ដឹកនាំ​នា​យុគសម័យ​មុន​ៗ​បាន​«​ចេះ​ដឹង​»​មាន​ស្មារតី​«​ឆ្លាត​លែង​ល្ងង់​កប់​»​ដូច​សម័យ​មុន​ដែល​ជា​«​សម័យ​ជិះជាន់​»​នោះ​ទៀត​ហើយ ។

​ដូច​បាន​ពោល​ខាងលើ​នេះ ល្មម​រដ្ឋអំណាច​ដ៏​មាន​ឥទ្ធិពល​ទាំងឡាយ​«​មេត្តា​ឈប់​ប្រើ​ធម៌​ក្តៅ​»​ទៅ​ដណ្តើម​យក​ផលប្រយោជន៍​ប្រជានុរាស្ត្រ​ដូច​កើត​មាននៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ទៀត​ទៅ បាន​ទេ​លោក​ម្ចាស់?

តើ​ក្រុមការងារ​ចុះ​មូលដ្ឋាន​នៅ​ស្រុក​ល្វាឯម​អញ្ជើញ​ទៅ​ណា​អស់ហើយ? មាន​ចុះ​មូលដ្ឋាន​ជួយ​ដោះ​ទុក្ខ​ប្រជាជន​តំបន់​នោះ​ហើយ​ឬ​នៅ?

ទោះជា​យ៉ាងណា​ក៏​ដោយ កោះសន្តិភាព ពុំ​ទាន់​ទទួល​នូវ​ការ​បំភ្លឺ​ណាមួយ​ពី​អាជ្ញាធរ​ខេត្ត​ដែល​កំពុង​ប្រព្រឹត្ត​នេះ​នៅឡើយ​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ